Ad Code

ក្រសួងសុខាភិបាល​ បង្កើន​ការ​យកចិត្តទុកដាក់​ព្យាបាល​អ្នកជំងឺ​ប្រកបដោយ​គុណធម៌​និង​សមធម៌



​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​ បាន​បង្កើន​ការ​ព្យាបាល​អ្នកជំងឺ​ប្រកបដោយ​គុណធម៌​និង​សមធម៌ ដើម្បី​ធានា​ការ​ព្យាបាល​ជូន​ដល់​ប្រជាពលរដ្ឋ​មាន​ប្រសិទ្ធភាព​ឆាប់​ជាសះស្បើយ​។

ថ្លែង​នៅក្នុង​ពិធី​ចែក​សម្ភារៈប្រើប្រាស់​ដល់​ស្ត្រី​ឆ្លងទន្លេ​រួច នៅ​មន្ទីរ​ពេ​ទ្យ​រុស្ស៊ី​កាលពីពេល​ថ្មីៗ​នេះ​លោកស្រី​វេជ្ជបណ្ឌិត​ចក ធីតា អនុប្រធាន​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា ក្រសួងសុខាភិបាល​បាន​ផ្តោត​ការ​ព្យាបាល​អ្នកជំងឺ​ជា​៣​ប្រភេទ គឺ​ការ​បង់លុយ មូលនិធិ​សមធម៌ និង​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​។

លោកស្រី​បញ្ជាក់​ថា ទោះបី​ការ​ព្យាបាល​អ្នកជំងឺ​ក្រីក្រ​ដោយ​មិន​បង់ប្រាក់​តាមរយៈ​មូលនិធិ​សមធម៌ ​ឬ ​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​ក៏ដោយ ក៏​ការព្យាបាល​ធានា​គុណភាព​ដូច​អ្នក​បង់លុយ​ដែរ ពោលគឺ​គ្មាន​ការរើសអើង​អ្វី​ឡើយ​។

អ្នកស្រី​ទិ​ត្យ សុ​ខី ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​នៅ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ការ​មក​ទទួល​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​បច្ចុប្បន្ននេះ​គឺមាន​ភាពងាយស្រួល ហើយ​មិន អស់​លុយកាក​ថែមទៀត​ផង​បន្ទាប់ពី​មាន​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឬ​ប​.​ស​.​ស មក​នោះ​។​

​អ្នកស្រី​បាន​បន្ត​ថា ក្រុម​គ្រូពេទ្យ​បាន​យកចិត្តទុកដាក់​ក្នុង​ការ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាពកក់ក្តៅ​ដូច​អ្នក​ជំងឺ​ដទៃ​ទៀត​ដែល​បង់លុយ​ផ្ទាល់​។ អ្នកស្រី​បាន​បញ្ជាក់​ថា ការ​ព្យាបាល​ដោយ​យកចិត្តទុកដាក់​និង​មិន​អស់​កម្រៃ​សេវា​នេះ បាន​ជួយ​សម្រាល ការ​លំបាក​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​បាន​ច្រើន​ក្នុងបន្ទុក​ជីវភាព​។

លោក​វេជ្ជបណ្ឌិត ចាន់​វិចិត្រ នាយករង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀតបាន​ឲ្យ​ដឹង​ដែរ​ថា ​អ្នកជំងឺ​ដែល​មក​ទទួល​សេវា​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ភាគច្រើន​មាន​ជីវភាព​ក្រីក្រ​។​ជាក់ស្តែង​នៅ​ផ្នែក​សេវា​សម្ភព​វិញ​មាន​ស្ត្រី​មក​សម្រាល​បុត្រ​ប្រមាណ​ជិត​៥០​ភាគ​មាន​ជីវភាព​ក្រីក្រ​រួម​ទាំង​កម្មករ​ក​ម្មា​ការិនី​ផងដែរ​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀត​ថា ​បើ​ទោះបី​ជា​មាន​អ្នកជំងឺ​មក​ទទួល​សេវា​មាន​ជីវភាព​ក្រីក្រ​ច្រើនតែ​មន្ទីរពេទ្យ​តែងតែ​ធ្វើការ​ណែនាំ​ដល់​បុគ្គលិក​ទាំងអស់​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ឲ្យ​មាន​ភាព​ស្មើៗ​គ្នា​មិន​ថា​បង់លុយ​ ឬ​ ឥត​បង់លុយ​នោះ​ទេ​ពិសេស​ត្រូវ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកជំងឺ​ដែល​មក​ទទួល​សេវ​មាន​ភាពកក់ក្តៅ​។​

​សូម​បញ្ជា​ក់ថា ក្រសួងសុខាភិបាល​បាន​អនុវត្ត​គម្រោង​លើកកម្ពស់​គុណភាព និង​សមធម៌ សុខាភិបាល ក្នុង​រយៈពេល​៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៦​ដល់​២០២១ ដើម្បី​ពង្រឹង​ការផ្តល់សេវា​សុខាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​អោយមាន​ប្រសិទ្ធិភាព និង​ស្មើភាព​ដូចនឹង​ប្រជាពលរដ្ឋ​ដទៃទៀត​ដែលមាន​ជីវភាព​ធូរធារ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu