Ad Code

​កម្ពុជា​ជាប់​នៅក្នុង​ចំណោម​ប្រទេស​ចំនួន​១៨ ដែលមាន​កំណើនសេដ្ឋកិច្ច​ល្អ​បំផុត​



​ភ្នំពេញ ៖ ដោយសារតែ​គោលនយោបាយ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​វត្តមាន​របស់​បណ្ដា​ក្រុមហ៊ុន​ដែលមាន​ភាពជឿនលឿន​បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែលមាន​សន្ទុះ​សេដ្ឋកិច្ច​ល្អ​បំផុត​ក្នុង​ពិភពលោក​។ នេះ​យោងតាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​វិទ្យាស្ថាន​សកល McKinsey នៅ​ថ្ងៃទី​១៤ កញ្ញា​។

​ក្នុង​របាយការណ៍​នេះ​វិទ្យាស្ថាន​ខាងលើ​បាន​វិភាគ​ប្រទេស​ចំនួន ៧១​សំខាន់ៗ​ជុំវិញ​ពិភពលោក ហើយ​ជា​លទ្ធផល​ពួកគេ​បាន​រកឃើញ​ប្រទេស​ចំនួន​១៨​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា​។ ក្នុងចំណោម​ប្រទេស​ទាំង ១៨​នេះ​ក៏មាន​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន​៨ ដែល​ក្នុងនោះ​ក៏មាន​វត្តមាន​របស់​ប្រទេស​កម្ពុជា​ផងដែរ ។​

​ប្រទេស​អាស៊ាន​ទាំង ៨​នេះ ត្រូវបាន​របាយការណ៍​ខាងលើ​ចាត់ថ្នាក់​ជា ២​ប្រភេទ​។ ថ្នាក់​ទី​១​គឺ ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា​រយៈពេល​វែង​ក្នុងនោះ​រួមមាន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហ​បុរី និង​ថៃ ដែលមាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៣,៥% នា​រយៈពេល ៥០​ឆ្នាំ​។ រីឯ​ទី​២ គឺ ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ខ្លាំងក្លា​នាពេល​ថ្មីៗ​នេះ​ក្នុងនោះ​រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​វៀតណាម ដែលមាន​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ប្រចាំឆ្នាំ​ក្នុង​រង្វង់ ៥% នា​រយៈពេល ២០​ឆ្នាំ​។ យ៉ាងណាមិញ ហ្វីលីពីន​មិនមាន​ឈ្មោះ​នៅក្នុង​របាយការណ៍​នេះ​ទេ​។ ចំណែកឯ​ប្រ៊ុយណេ​វិញ​មិនត្រូវ​បានចាត់ទុក​ក្នុង​របាយការណ៍​នេះឡើយ​ក៏​ព្រោះតែ​ផ្ទៃដី​ដ៏​តូច​របស់​ប្រទេស​នេះ​។ នេះ​បើតាម​របាយការណ៍​ខាងលើ​ដដែល​នេះ​។

​ ​ទោះជា​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​ក្ដី​វិទ្យាស្ថាន​សកល McKinsey បានផ្តល់​យោបល់​ថា​រដ្ឋ​អាស៊ាន​មិនត្រូវ​ពឹង​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន​របស់ខ្លួន​ឡើយ​តែ​ត្រូវ​បន្ត​គិតគូរ​បន្ថែមទៀត​តាមរយៈ​ការដោះស្រាយ​បញ្ហា​នានា​ដែល​អាច​បង្ក​ការរាំងស្ទះ​ដល់​ការលូតលាស់​របស់ខ្លួន​។ ការផ្លាស់ប្ដូរ​គំរូ​ពាណិជ្ជកម្ម ការប្រែប្រួល​ប្រជាសាស្ត្រ ការរីកចម្រើន​ផ្នែក​គ្រឿង​ម៉ាស៊ីន និង​បច្ចេកវិទ្យា ព្រមទាំង​កំណើន​វិសមភាព​ចំណូល សុទ្ធសឹង​ជា​ប្រធានបទ​ដែល​ប្រទេស​ក្នុង​តំបន់​ត្រូវ​ចាប់អារម្មណ៍​ខ្ពស់​។​

​កម្ពុជា​សម្រេចបាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​និង​កំណើនសេដ្ឋកិច្ច​ខ្ពស់​ជា​មធ្យម​ក្នុង​កម្រិត​៧,៧​ភាគរយ​ក្នុង​មួយឆ្នាំៗ​រយៈពេល​ជាង​២ ទសវត្ស​រិ៍ ហើយ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​រំពឹងថា​នឹង​បន្ត​កំណើន​រឹងមាំ​ក្នុង​រង្វង់​អត្រា​៧,២% ក្នុង​ឆ្នាំ​២០១៨​នេះ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក​ឧបនាយករដ្ឋមន្ត្រី អូន​ព័ន្ធ មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ប្រាប់​ទៅ​លោក លោក ម៉ា​បុ​ប អា​មេ​ដ (Mr. Mahbub Ahmed)​នាយក​ប្រតិបត្តិ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB Alternate Executive Director) កាលពី​ថ្ងៃទី ១៣ ខែកញ្ញា​។​

​លោក​អូន​ព័ន្ធ មុនី​រ័ត្ន​ឲ្យ​ដឹងថា​កំណើន​រឹងមាំ​របស់​សេដ្ឋកិច្ចកម្ពុជា​ធ្វើឱ្យ​ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​ប្រជាជន​ម្នាក់ៗ​កើនឡើង​ជាង​៧​ដង ពី​ប្រមាណ​ជាង​២០០​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​១៩៩២ មក​ជិត​ប្រមាណ​១.៥០០​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨​នេះ​។ ចំណែកឯ​អត្រា​នៃ​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ពី​ប្រមាណ ៥០% ក្នុង​ឆ្នាំ​១៩៩២ មក​ត្រឹម​រង្វង់ ១៣.៥% ក្នុង​ឆ្នាំ​២០១៤ ទោះបី​ត្រូវ​ជួបប្រទះ​បញ្ហា​ប្រឈម និង​ហានិភ័យ​ពី​ខាងក្រៅ​មួយចំនួន​ក្ដី​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu