Ad Code

ស្ថាន​បេសកកម្ម​កម្ពុជា​ថា សហភាព​អឺរ៉ុប ចេញ​សេចក្តី​សម្រេច​ចិត្ត តាម​ការ​ចង្អុលបង្ហាញ​របស់លោក សម រង្ស៊ី



ភ្នំពេញ​ ៖ ស្ថាន​បេសកកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ចាត់ទុក​សេចក្តី​សម្រេច​របស់​សភា​ព​អឺរ៉ុប កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​កម្ពុជា​នោះ​ថា ធ្វើឡើង​ដោយ​លម្អៀង មាន​ស្តង់ដារ​ពីរ ហើយ​ចេញ​សេចក្តី​សម្រេចចិត្ត តាម​ការ​ចង្អុលបង្ហាញ​របស់​អតីត​មេដឹកនាំ​គណបក្សប្រឆាំង គឺ​លោក សម រង្ស៊ី។

ស្ថាន​បេសកកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​សហភាព​អឺរ៉ុប ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នេះ បន្ទាប់ពី​សភា​អឺរ៉ុប បាន​បើក​កិច្ចប្រជុំ​មួយ​ពិភាក្សា​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ទាក់ទង​ស្ថានភាព និង​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា​។ ជាមួយគ្នា​នោះ ហើយ​សភា​អឺរ៉ុប​បាន​បោះឆ្នោត​អនុម័ត​លើ​សេចក្តី​សម្រេចចិត្ត​មួយ​ស្តី​ពី​ស្ថានការណ៍​នៅក្នុង​កម្ពុជា ដោយ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ទម្លាក់​គ្រប់​បទចោទប្រកាន់ និង​ដោះលែង​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ​។ ក្រៅពីនោះ សភា​អឺរ៉ុប​ក៏​ទារ​ឲ្យ​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ នីតិរដ្ឋ និង​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​ដទៃទៀត​ផងដែរ​។

ទាក់ទង​បញ្ហា​នេះ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចំនួន​៣​ទំព័រ ដែល​បណ្តាញ​ព័ត៌មាន​យើង​ទើប​ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ តំណាង​កម្ពុជា បាន​អះអាងថា សេចក្តី​សម្រេចចិត្ត​រប​ស់​សភា​អឺរ៉ុប ដែល​បាន​អនុម័ត​នៅ​ថ្ងៃទី​១៣ ខែកញ្ញា គឺ​ផ្អែក​ទៅ​លើ​ការ​អះអាង​មិន​ពិត និង​មិន​ស្មោះត្រង់​ពី​ក្រុម​ជ្រុលនិយម​កម្ពុជា ដែល​ការពារ​ដោយ សហភាព​អឺរ៉ុប និង​ផ្អែកលើ​របាយការណ៍​លម្អៀង​ទាំងឡាយ​របស់​គណបក្ស​ប្រឆាំង និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​របៀប​វារៈ​នយោបាយ ហើយ​ពាក្យពេចន៍ និង​ទម្រង់​ប្រើ​ក្នុង​របាយការណ៍​ទាំងនេះ ពិតជា​ត្រូវបាន​ចម្លង​ចេញពី​ប្រភព​តែមួយ ហើយ​អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​បំផុត គឺ​ពាក្យពេចន៍​ទាំងនោះ​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុង​សេចក្តីសម្រេចចិត្ត​របស់​សភា​អឺរ៉ុប​នាពេលនេះ​។

សេចក្តីថ្លែងការណ៍​រប​ស់​ស្ថាន​បេសកកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហភាព​អឺរ៉ុប ចុះ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ បានលើកឡើង​យ៉ាងនេះ​ថា ចាប់តាំងពី​បដិសន្ធិ​ខ្លួន​ក្នុង​ឆ្នាំ​១៩៧៩​សភា​អឺរ៉ុប​នេះហើយ តែងតែបាន​អនុម័ត​មិនដែល​ខាន​នូវ​រាល់​សេចក្តីសម្រេចចិត្ត​ប្រឆាំង នឹង​អាជ្ញាធរ​កម្ពុជា ដែល​សេចក្តីសម្រេច​ទាំងនោះ បាន​បង្កប់​នូវ​របៀបវារៈ​នយោបាយ ដែល​ជំរុញ​ដោយ​មហាអំណាច​បរទេស ឬ​ពួកក្រុម​ប្រឆាំង​។ ស្មារតី​ដដែល​នេះ បាន​ស្តែង​ឲ្យ​ឃើញ​យ៉ាងពិត​ប្រាកដ​តាមរយៈ​សេចក្តីសម្រេចចិត្ត ដែល​បានអនុម័ត​នៅថ្ងៃនេះ ជាពិសេស​បើ​យោងតាម​សម្ដី​បុគ្គល​គណបក្សប្រឆាំង​កម្ពុ​ជា​ម្នាក់​សេចក្តីសម្រេចចិត្ត​នេះ ត្រូវបាន​តាក់តែងឡើង​តាម​ការចង្អុលបង្ហាញរ​បស់​បុគ្គល​រូបនេះ​។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​រំលឹក​ជូន​សភា​អឺរ៉ុប​អំពី​ទុក្ខសោក​វេទនា​ដ៏​សែន​ឈឺចាប់​នៃ​សោកនាដកម្ម​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដែល​ការឈឺចាប់​របស់​អ្នក​រស់រាន​មាន​ជីវិត​ពី​សោកនាដកម្ម​នេះ បានអូសបន្លាយ​បន្ត​អស់​រយៈពេល​១២​ឆ្នាំ ដោយសារតែ​បំរាម​ជំនួយ​អភិវឌ្ឍន៍​ពី​សំណាក់​រដ្ឋាភិបាល​លោកខាងលិច ដែល​ទទួល​ការគាំទ្រ​ជា​ចំហរ​ដោយ​សភា​អឺរ៉ុប​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ប្រទេស​ដែល​បាន​ដកហូត​ពី​ប្រជាជន​កម្ពុជា​អស់​រយៈពេល​១២​ឆ្នាំ នូវ​សិទ្ធិ​ទទួលបាន​ចំណីអាហារ សុខភាព ជម្រក ការអប់រំ ការងារ និង​សិទ្ធិ​ទទួលបាន​សន្តិភាព គឺជា​ប្រទេស​ដដែល​ដែល​កំពុង​តិច​ទៀន​អាជ្ញាធរ​កម្ពុជា ក្រោមលេស​លើក​ដំកើង​សិទ្ធិមនុស្ស​។ វា​ពិតជា​ពិបាក​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា ក្នុងការ​ផ្ដល់​ជំនឿ​ទុកចិត្ត ឬ​ភាពស្របច្បាប់​ចំពោះ​ជំហរ​បែបនេះ ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។

តាម​ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​នៅ​សហភាព​អឺរ៉ុប ទោះបីជា​មានការ​លំបាក និង​បន្ទុក​ធ្ងន់ធ្ងរ​ពី​អតីតកាល​កន្លងទៅ ក៏​កម្ពុជា​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​ដ៏​គួរ​ឲ្យ​គត់​សម្គាល់​ជាមួយនឹង​អត្រាកំណើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​៧​ភាគរយ​។ សម្រាប់​រយៈពេល​២០​ឆ្នាំ​ចុងក្រោយ​អត្រា​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះក្រោម​១០​ភាគរយ អត្រា​ចូលរៀន​បាន​កើនឡើង​ខ្ពស់​ជាង​៩០​ភាគរយ សម្រាប់​ការអប់រំ​ថ្នាក់បឋមសិក្សា និង​៨៥​ភាគរយ សម្រាប់​ថ្នាក់មធ្យមសិក្សា​។ ការងារ​រាប់លាន​កន្លែង​ត្រូវបាន​បង្កើត និង​ប្រជាជន​ថ្នាក់កណ្ដាល បាន​ក៏​កើតមាន​ឡើងវិញ​ផងដែរ​។ ការអភិវឌ្ឍន៍​ទាំងអស់​នេះ នឹង​មិនអាច​កើតមាន​បានឡើយ ប្រសិនបើ​គ្មាន​ការ​ប្រកាន់​ខ្ជាប់​ទាំងស្រុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​នយោបាយ​សេរី​ពហុបក្ស សេរីភាព​បញ្ចេញមតិ និង​សេដ្ឋកិច្ច​សេរីនិយម។

សេរីភាព​បញ្ចេញមតិ​មិនអាច និង​មិនមែនជា​សេរីភាព​នៃ​ការ​ជេរប្រមាថ បង្កាច់បង្ខូច បរិហារកេរ្តិ៍ និង​វាយប្រហារ​មក​លើ​ភាព​ថ្លៃថ្នូរ​របស់​បុគ្គល​នោះទេ​។ សេរីភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល ក៏​មិនមែនជា​សេរីភាព​ក្នុងការ​សាបព្រោះ​ការ​បំបែកបំបាក់​សង្គម ការអំពាវនាវ​ឲ្យ​មានការ​ស្អប់ខ្ពើម​ជាតិ​សាសន៍ និង​ការ​ញុះញង់ ឲ្យ​មានការ​រើសអើង​ជនជាតិ​បរទេស​នោះទេ​។ សេរីភាព​ខាង​នយោបាយ​ត្រូវ​បាន​បញ្ឈប់​ភ្លាម នៅ​ពេលដែល​ទង្វើ​ទាំងនោះ បង្ក​ហានិភ័យ​ដល់​សន្តិភាព និង​សន្តិសុខ​សាធារណៈ​។ ការបង្ក​រឿង​ច្រើន​រូបភាព របស់​អ្នក​ញុះញង់​មួយចំនួន ដែល​ប្រទេស​អឺរ៉ុប​ខ្លះ​ចាត់ទុកថា ជា​អ្នករងគ្រោះ​ប្រជាធិបតេយ្យ​នោះ បាន​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ជា​អចិន្ត្រៃយ៍​រវាង​កម្ពុជា ជាមួយ​ប្រទេសជិតខាង​ដ៏​ធំ​មួយ និង​បាន​រារាំង​ដល់​ការដោះស្រាយ​បញ្ហា​ព្រំដែន​។ ផ្ទុយទៅវិញ​មនុស្ស ដែល​ប្រើប្រាស់​វិធីសាស្ត្រ និង​ការអនុវត្ត​ទាំងនេះ បែរ​ទៅជា​មនុស្ស​ដែល​សភា​អឺរ៉ុប​ស្តាប់ និង​ជឿ​ទៅវិញ​។

រាជរដ្ឋាភិបាល​កម្ពុជា​ផ្ដល់​តម្លៃ​ចំពោះ​កិច្ចពិភាក្សា​ដេញដោល​បែប​ប្រជាធិបតេយ្យ ថា​ជា​កិច្ចសន្ទនា ដែល​កំពុងដំណើរការ​រវាង​តួអង្គ​ជាតិ​ទាំងឡាយ ដោយ​ឈរលើ​ការគោរព​គ្នា​ទៅវិញទៅមក ការឯកភាព​ជាតិ និង​ការគោរព​យ៉ាង​ខ្ជាប់ខ្ជួន ចំពោះ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ប៉ុន្តែ​គួរ​ឲ្យ​សោកស្ដាយ គំនិត​ប្រជាធិបតេយ្យ​តាមបែប​លក្ខណៈ​កម្ពុជា មិនត្រូវ​បានផ្ដល់​តំលៃ ឬ​ទទួលយក​ឡើយ ដោយ​បណ្ដា​ប្រទេស​លោកខាងលិច​ភាគច្រើន​។



យើង​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​បង្ហាញ​ហេតុផល​ត្រឹមត្រូវ ក្នុងការ​ចាត់វិធានកា​រ​តាមផ្លូវ​ច្បាប់​ចំពោះ​គណបក្សប្រឆាំង​មួយ រួមទាំង​ប្រធាន និង​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​។ ដូច​ករណី​ក្នុង​ឆ្នាំ​១៩៧០ សោកនាដកម្ម​ដ៏​ខ្លោចផ្សា ដែល​ពិភពលោក​បានដឹង​ទាំងអស់គ្នា គឺ​បណ្ដាលមកពី​ការរួម​គំនិត​ធ្វើអំពើ​ក្បត់ ដោយមាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ពី​មហាអំណាច​បរទេសមួយ ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​មួយ តាម​មធ្យោបាយ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​។ សម្រាប់​ប្រជាជន​កម្ពុជា មិនអាច​បំភ្លេចបាន​នូវ​ភាពឈឺចាប់​បង្កឡើង​ដោយ​ប្រទេស​មហាអំណាច​នេះ​បានទេ ហើយ​ជា​មេរៀន​អតីតកាល យើង​នឹង​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើអាក្រក់​កើតឡើង​នៅពេល​បច្ចុប្បន្ន​តទៅទៀត។

គ្មាន​ប្រទេស​ណាមួយ​ក្នុង​ពិភពលោក​យើង​នេះ អាច​អនុញ្ញាត​ឲ្យ​មហាអំណាច​បរទេស​មួយ មកដល់​ហិរញ្ញវត្ថុ និង​ណែនាំ​ឲ្យ​គណបក្ស​នយោបាយ​មួយ ដើម្បី​ជួយ​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​បាន​នោះទេ ប៉ុន្តែ​ចំពោះ​សភា​អឺរ៉ុប​វិញ នៅពេលដែល​និយាយ​ដល់​ប្រទេស​កម្ពុជា ពួកគេ​បែរជា​បិទ​ភ្នែក ធ្វើ​មិនដឹងមិនឮ ចំពោះ​ទង្វើ​បែបនេះ​ទៅវិញ​។ ជាការ​ពិត​ដែល​មិនអាច​ប្រកែក​បាន គឺ​ប្រជាជន​កម្ពុជា​បានផ្ដល់​ការគាំទ្រ​ដល់​អ្នក​ដែល​បាន​ការពារ​ពួកគេ​ក្នុងការ​បង្ការ​មិន​ឲ្យ​មាន​សង្គ្រាមស៊ីវិល​កើតមាន​សាជាថ្មី​។

ស្ថាន​បេសកកម្ម​កម្ពុជា​ប្រចាំ​នៅ​សហភាព​អឺរ៉ុប​លើកឡើង​ទៀត​ថា យុទ្ធនាការ​ឃោសនាបោះឆ្នោត និង​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ ជា​គំរូ​ដ៏​ល្អ និង​ត្រូវបាន​វាយតម្លៃ​ខ្ពស់​ដោយ​អ្នកសង្កេតការណ៍​ជាតិ និង​អន្តរជាតិ និង​ភ្នាក់ងារ​គណបក្ស​រាប់ពាន់​នាក់ ដែល​តំណាង​ឲ្យ​គណបក្ស​នយោបាយ​ចូលរួម​ប្រកួតប្រជែង​ចំនួន​២០​។ ការ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​របស់​គ​ណ​បក្ស​មួយ ដែល​ត្រូវ​បាន​ហាមឃាត់ ក្រោម​បទល្មើស​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស នឹង​អំពើ​ក្បត់ជាតិ មិនអាច​ធ្វើអោយ​ខូច​នូវ​ដំណើរការ​បោះឆ្នោត ដែលមាន​លក្ខណៈ​ពហុបក្ស សេរី និង​យុត្តិធម៌ បាន​នោះទេ​។

ក្នុង​ចំនោម​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន​៨៣៨០២១៧ មាន​អ្នក​ទៅ​បោះឆ្នោត​រហូតដល់ ៦៩៥៦៩០០​នាក់ ស្មើនឹង​៨៣.០២​ភាគរយ​។ អត្រា​នៃ​ការចូលរួម​បោះឆ្នោត​នេះ គឺ​ខ្ពស់​ណាស់​បើ​ប្រៀបធៀប​ជាមួយនឹង​អត្រា​នៃ​ការបោះឆ្នោត​ឃុំ សង្កាត់ ការបោះឆ្នោតជាតិ អាណត្តិ​មុន និង​ការបោះឆ្នោត​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប ជាច្រើន​ផងដែរ​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ឈ្នះ​១២៥ អាសនៈ ដោយ​ទទួលបាន​សំឡេងគាំទ្រ​រហូតដល់​ទៅ​៧៦,៧៨​ភាករយ គឺ​អនុវត្តតាម​វិធីសាស្ត្រ​បែងចែក​អាសន ដែល​បានអនុម័ត​ក្នុង​ឆ្នាំ​២០១៤ ដោយមាន​ការចូលរួម​ពី​អតីត​គណបក្សប្រឆាំង​ផងដែរ​។ ចំនួន​អ្នកចូលរួម​បោះឆ្នោត មាន​អត្រា​ខ្ពស់​នេះ បានផ្ដល់​ភាពស្របច្បាប់​មិនអាច​ប្រកែក​បាន​ចំពោះ​សន្លឹកឆ្នោត និង​លទ្ធផល​ដែល​គណបក្សកាន់អំណាច​ទទួលបាន នឹង​បានបញ្ជាក់​ពី​ការគាំទ្រ​យ៉ាង​លើសលប់​ពី​សំណាក់​ប្រជាជន ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ដូចដែល​បាន​រំពឹង​ទុក សេចក្តីសម្រេចចិត្ត​រប​ស់​សភា​អឺរ៉ុប ដែល​បានអនុម័ត​នេះ ផ្អែកទៅលើ​ការអះអាង​មិន​ពិត និង​មិន​ស្មោះត្រង់ ពី​ក្រុម​ជ្រុលនិយម​កម្ពុជា ដែល​ការពារ​ដោយ​សហភាព​អឺរ៉ុប និង​ផ្អែកលើ​របាយការណ៍​លម្អៀង​ទាំងឡាយ របស់​គណបក្សប្រឆាំង និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​របៀប​វារៈ​នយោបាយ​។ ពាក្យពេចន៍ និង​ទម្រង់​ប្រើ​ក្នុង​របាយការណ៍​ទាំងនេះ ពិតជា​ត្រូវបាន​ចម្លង​ចេញពី​ប្រភព​តែមួយ ហើយ​អ្វីដែល​គួរ​ឲ្យ​សោកស្ដាយ​បំផុត គឺ​ពាក្យពេចន៍​ទាំងនោះ ត្រូវបាន​គេ​បញ្ចូល​នៅក្នុង​សេចក្តីសម្រេចចិត្ត​របស់​សភា​អឺរ៉ុប​នាពេលនេះ​។



រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ជា​សំណួរ​ថា ប្រសិនបើ​សេចក្តី​សម្រេច​នេះ កំណត់​នូវ​ស្តង់ដារ​សិទ្ធិមនុស្ស និង​ស្តង់ដារ​ប្រជាធិបតេយ្យ​ខ្ពស់ ដែល​មិនអាច​ធ្វើ​បាន សូម្បីតែ​នៅក្នុង​បណ្ដា​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប មួយចំនួន​នោះ តើ​សភា​អឺរ៉ុប​អាច​រំពឹង​ពី​ការប្រតិបត្តិ​ប្រកបដោយ​ភាពល្អ​ឥតខ្ចោះ​ពី​សំណាក់​កម្ពុជា​យ៉ាងដូចម្ដេច​?

ទាក់ទង​ទៅនឹង​លក្ខខណ្ឌ ដែល​ត្រូវបំពេញ​ក្រោម​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ លើ​ការនាំចេញ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​អាវុធ (EBA) សេចក្តី​សម្រេចចិត្ត​នេះ មិន​អើពើ​ដោយ​ចេតនា និង​មិន​យកចិត្តទុកដាក់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា​បញ្ហាដីធ្លី ឬ​ការដាក់ចេញ​នូវ​បទ​ប្បញ្ញត្តិ​សង្គម និង​ទំនាក់ទំនង​រវាង​និយោជក និង​និយោជិត នៅក្នុង​សង្គម​មួយ​ដែល​មិន​ធ្លាប់​ជួបប្រទះ​បញ្ហា​នេះ​ពីមុនមក​។

សេចក្តី​សម្រេចចិត្ត​នេះ បាន​អំពាវនាវ​យ៉ាង​អយុត្តិធម៌ ឲ្យ​មាន​ការ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​កម្ពុជា នៅ​ពេល​ដែល​បទឧក្រិដ្ឋ​កម្ម​ធំៗ​ជាច្រើន​បានកើត​មាននៅ​បណ្ដា​ប្រទេស​ដទៃទៀត ដែល​អឺរ៉ុប កំពុង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ ហើយ​កិច្ចព្រមព្រៀង​ទាំងនេះ​មាន​បទបញ្ញត្តិ​ស្រដៀង​គ្នា​ស្តីពី​ការគោរព​សិទ្ធិមនុស្ស និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ នៅ​ចំពោះមុខ​ប្រព្រឹត្ត​កម្ម​ដោយ​លំអៀង និង​មាន​ស្តង់ដារ​ពីរ​របស់​សភា​អឺរ៉ុប​បែបនេះ តើ​អោយ​យើង​យល់​តម្លៃ​ដល់​សេចក្តីសម្រេចចិត្ត​បែបនេះ​យ៉ាងដូចម្ដេច ?៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu