បាត់ដំបង ៖ ជនសង្ស័យចំនួន៣ នាក់ ដែលសុទ្ធសឹងជាក្រុមក្មេងស្ទាវ ត្រូវបានកម្លាំងសមត្ថកិច្ច តាមស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន បន្ទាប់ពីពួកគេទាំង ៣ នាក់ មានការ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា និង លួចមានស្ថានទម្ងន់ទោស ថែមទៀត ទៅលើជនរងគ្រោះដែលជាអនីតិជន។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង ៤៥ នាទី យប់ មានករណីហិង្សាដោយចេតនាមួយបានកើតឡើង នៅត្រង់ចំណុចក្បាលស្ពានថ្មចាស់ត្រើយខាងលិច ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនសង្ស័យទាំង ៣ នាក់ ខាងលើ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះចៅ វ៉ិស៊ីញ ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅ នៅភូមិសូភី សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួចបានយកម៉ូតូ ០១គ្រឿង ម៉ាកហុងដា ឃ្លីក ពណ៌ ស ស៊េរីឆ្នាំ ២០១៧ របស់ជនរងគ្រោះ ហើយនាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងរួចមក លោកស្នងការរង ជេត វណ្ណនី បានបញ្ជាក់ទៅកម្លាំង បង្ការ បង្ក្រាប ដែលដឹកនាំដោយលោក ឈឿង គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ធ្វើការស្រាវជ្រាវ ដើម្បីតាមរកមុខសញ្ញាទាំងអស់នេះ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់។
លុះនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងករណី ហិង្សាដោយចេតនា ព្រមទាំង លួចមានស្ថានទម្ងន់ទោស ដើម្បីយកទៅសាកសួរនៅស្នងការដ្ឋាន នគរបាលខេត្តស្តីពីបទល្មើសដែលពួកគេបានប្រព្រឹត្ត។
ជនទាំង៣នាក់ នេះមាន ១. ឈ្មោះ យឹម អុង ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាជនដៃដល់ ) ២. ឈ្មោះ សំ ឧសភា ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ( ជាម្ចាស់កាំបិត ) និង ៣. ឈ្មោះ លី ចិន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ( ជាបក្ខពួក ) ដោយសមត្ថកិច្ចបានដកហូតនូវកាំបិតមួយដើម ដែលជាវត្ថុតាងប្រព្រឹត្តបទល្មើស។
បច្ចុប្បន្នក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានប្រគល់ជនសង្ស័យ រួមទាំងវត្ថុតាង ទាំងអស់ទៅកាន់ ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments