Ad Code

រថយន្ត​ស្ទូច ​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​មិន​ប្រុងប្រយ័ត្ន​ ត្រូវ​រថភ្លើង​បុក​ក្តិត​ពីក្រោយ​តែ​ពុំ​មាន​មនុស្ស​របួស​ទេ



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​មួយ​ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​រវាង​រថយន្ត​ស្ទូច​មួយ​គ្រឿង​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​មិន​ប្រយ័ត្ន​ត្រូវ​រថភ្លើង​បុក​ចំ​ក្តិត​ពីក្រោយ ស្ថិតនៅ​ចំណុច​បុរី​ធី​ធី ក្នុងភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។



សមត្ថកិច្ច​នគរបាល​ចរាចរណ៍​មូលដ្ឋាន​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​នៅមុន​កើតហេតុ​នោះ​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​បាន​បើក​ឆ្លងកាត់​ផ្លូវដែក​ត្រង់​ត្រង់​ចំណុច​បុរី​ធី​ធី ឆ្លងកាត់​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ដោយ​ពុំ​មាន​ការប្រុងប្រយ័ត្ន​ថា​មាន​រថភ្លើង​មកដល់​ក៏​ត្រូវ​រថភ្លើង​បុក​ចំ​កន្ទុយ​ថ​យន្ត​ស្ទូច​ក្រោយ​តែម្ដង។ ក្រោយពី​កើតហេតុ​ហើយ​នគរបាល​ជំនាញ​ចរាចរ​ក្រុង​ប៉ោយប៉ែត​បាន​អះអាង​ថា ​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​ ពុំ​មាន​អ្នករងគ្រោះ​ទេ​ដោយសារតែ​រថភ្លើង​បើក​យឺត​ហើយ​រថយន្ត​ស្ទូច​បាន​ត្រឹមតែ​ផ្អៀង​បន្តិច​ ព្រោះ​រថយន្ត​ឆ្លង​ជិត​ផុត​ទៅ​ហើយ។



នគរបាល​ចរាចរណ៍​បាន​ធ្វើ​ការ​អំពាវនាវ​ដ​ល់​លោក​អភិបាលខេត្ត​ ដើម្បី​បញ្ចៀស​បញ្ហា​កុំ​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​ដដែលៗ​តទៅ​ទៀត​បាន​ស្នើសុំ​ឲ្យ​ម្ចាស់​បុរី​នីមួយៗ​ត្រូវ​ដាក់​សន្តិសុខ​យាម​តាម​ចំណុច​ផ្លូវ​ចូល​ដើម្បី​ធ្វើ​ចរាចរ​ ឬ​ ហាមឃាត់​អ្នក​ធ្វើ​ដំណើរ​ពេល​មាន​រថភ្លើង​ឆ្លងកាត់​ឲ្យ​បាន​គ្រប់​ផ្លូវ​រថភ្លើង​ចេញចូល​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu