រតនគិរី ៖ ជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបរកែវ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៣៥នាទីយប់ថ្ងៃច័ន្ទ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
នគរបាលស្រុកបរកែវ បានឲ្យដឹង ថា ជនសង្ស័យ ដែលឃាត់ខ្លួន ទី១- ឈ្មោះ ឡេង ប្រុសតូច ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិមួយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី សព្វថ្ងៃស្នាក់នៅភូមិមួយ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគីរី។ ទី២- ឈ្មោះ ជា អួន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិមុខដា ឃុំរមាសហែក ខេត្តព្រៃវែង មានទីលំនៅសព្វថ្ងៃ ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។ ទី៣- ឈ្មោះ យុទ្ធ សុពុទ្ធា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី មានទីលំនៅសព្វថ្ងៃ ភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។
នគរបាលស្រុកបរកែវ បន្តថា មុនពេលឃាត់ខ្លួន កម្លាំងអធិការដ្ឋាននគរបាលស្រុកបរកែវបានចុះល្បាត ហើយក៏ប្រទះឃើញជនសង្ស័យទាំង៣ខាងលើ ដោយមានការសង្ស័យ ក៏បានហៅសួរនាំ ប៉ុន្តែជនសង្ស័យបាននាំគ្នារត់គេចចូលហាងម៉ាស្សាមួយកន្លែង មានឈ្មោះ “មិត្តភាព” ពេលនោះសមត្ថកិច្ចក៏បានដេញតាមទៅដល់ក្នុងបន្ទប់ រួចឆែកឆេរឃើញមានម្សៅសរថ្លាចំនួន២កញ្ចប់ធំ និង៤កញ្ចប់តូច ព្រមមទាំងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments