ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ មានសេចក្តីរីករាយដោយសារតែមានផ្លូវរលោងស្រិល សម្រាប់ធ្វើដំណើរពិសេសគឺបានបងប្អូនមកពីស្រុកឆ្ងាយមកលេងនៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ។
តាមប្រភពពីលោកយាយសំ គឹមធួន បច្ចុប្បន្នរស់នៅក្នុងភូមិក្រាំងដៃ ឃុំធ្លក ស្រុកទ្រាំង បាននិយាយថា លោកនិងអ្នកភូមិជាពិសេសអ្នករស់នៅក្នុងឃុំធ្លកទាំងមូលមានសេចក្តីរីករាយព្រោះផ្លូវលំចូលភូមិត្រូវបានក្រុមការងារគណបក្សប្រជាជនកម្ពុជា បានចំណាយថវិកាធ្វើការជួសជុលបានល្អស្អាត ដែលពីមុនមកមានការលំបាកខ្លាំង។
លោកយាយបន្តថា ផ្លូវលំនេះតភ្ជាប់ពីផ្សារព្រៃសណ្តែក ផ្លូវជាតិលេខ២ មកដល់ភូមិធ្លកមានចម្ងាយជាង១៧គីឡូម៉ែត្រ។ ផ្លូវនេះអាជ្ញាធរបានធ្វើការស្ថាបនាជាច្រើនលើកច្រើនសាមកហើយប៉ុន្តែត្រូវបានបំផ្លាញទៅដោយរថយន្តយីឌុកធុនធំចូលទៅដឹកស្រូវតាមខ្នងផ្ទះប្រជាពលរដ្ឋ។
លោកក៏ដូចជាប្រជាពលរដ្ឋក្នុងឃុំធ្លក សូមអំពាវនាវដល់សមត្ថកិច្ចមូលដ្ឋានគួរចាត់វិធានការណ៍ចាប់ឃាត់រថយន្តធុនធំចូលទៅដឹកស្រូវដោយធ្វើដំណើរកាត់លើផ្លូវដែលងាយនិងបំផ្លាញអស់។
គួរតែណែនាំដល់ក្រុមឈ្មួញឲ្យប្រើប្រាស់រថយន្តធុន៣តោនចុះទៅដឹកទើបមិនបំផ្លាញផ្លូវលំរបស់យើងបន្តទៀត ព្រោះជារៀងរាល់ឆ្នាំប្រជាពលរដ្ឋលោកលំបាកចិត្តក្នុងការធ្វើដំណើរខ្លាំងណាស់។ ហើយកុំតែបានក្រុមការងារគណបក្សប្រជាជនកម្ពុជាធ្វើការជួសជុលផ្លូវលំនេះកុំអីភ្ជុំបិណ្ឌឆ្នាំនេះមិនដឹងវេទនាធ្វើដំណើរទៅបុណ្យទានយ៉ាងណាទេ៕
Source: Kampuchea Thmey Daily
0 Comments