ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានរិះគន់អតីតរដ្ឋមន្ត្រីការបរទេសលោក John Kerry សម្រាប់កិច្ចប្រជុំរបស់គាត់ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បន្ទាប់ពីអ្នកដែលតែងតាំងដោយលោក Obama រូបនេះបានចុះចេញពីតំណែង។
លោក Trump បានបង្ហោះ Twitter កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា “លោក John Kerry បានជួបប្រជុំដោយខុសច្បាប់ជាមួយរបបរបស់ប្រទេសអ៊ីរ៉ង់ដែលអាចជួយកាត់បន្ថយការងារដ៏អស្ចារ្យរបស់យើងហើយធ្វើឲ្យខូចខាតដល់ប្រជាជនអាមេរិក”។
លោក Kerry ដែលបានចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ដែលលោក Trump លុបចោលនៅឆ្នាំនេះបាននិយាយក្នុងអំឡុងដំណើរមួយដើម្បីផ្សព្វផ្សាយសៀវភៅថ្មី “Every Day is Extra” របស់គាត់ថា គាត់បានជួបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បីឬបួនដងចាប់តាំងពីគាត់ចាកចេញពីការិយាល័យហើយលោក Trump បានចូលសេតវិមាន។
ដោយមិនអត្ថាធិប្បាយអំពីភាពស្របច្បាប់នៃកិច្ចប្រជុំបែបនោះ, រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានចោទប្រកាន់អតីតអ្នកកាន់តំណែងមុនរបស់លោកថាបានធ្វើឲ្យខូចដល់គោលនយោបាយរបស់អាមេរិក។
លោក Pompeo ដែលត្រូវបានគេមើលឃើញថាជាអ្នកប្រឆាំងអ៊ីរ៉ង់បាននិយាយថា “អ្វីដែលលោក Kerry បានធ្វើគឺមិនធ្លាប់មានពីមុននិងមិនសមរម្យទេ។ នេះជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសមួយរូបដែលពាក់ព័ន្ធនឹងរដ្ឋឧបត្ថម្ភអំពើភេរវកម្មធំបំផុតរបស់ពិភពលោក”។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់លោក Kerry បាននិយាយថា មិនមានអ្វីដែលមិនត្រឹមត្រូវទេអំពីការប្រព្រឹត្ដរបស់គាត់។
អ្នកនាំពាក្យរូបនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោករដ្ឋមន្ត្រី Kerry នៅតែមានទំនាក់ទំនងជាមួយអតីតសមភាគីរបស់គាត់នៅជុំវិញពិភពលោកដូចជារដ្ឋមន្ត្រីការបរទេសមុនៗដែរ”។
នៅពេលសួរដោយពិធីករវិទ្យុអភិរក្សលោក Hugh Hewitt កាលពីថ្ងៃពុធថាតើគាត់បានទទួលយោបល់ពីលោក Zarif អំពីរបៀបដោះស្រាយជាមួយការសម្រេចចិត្តរបស់លោក Trump ក្នុងការដកខ្លួនចេញពីកតិកាសញ្ញាដែរឬក៏អត់នោះ គាត់បានឆ្លើយថា “ទេ វាមិនមែនជាការងាររបស់ខ្ញុំទេ”៕ AFP
Source: Kampuchea Thmey Daily
0 Comments