ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែង ជាមេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីជាការតបស្នងចំពោះព្រះមហាក្សត្រកម្ពុជា និងការផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ។
ថ្លែងទៅកាន់អង្គពិធីលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្ដែងនូវការដឹងគុណដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តជូនចំពោះលោកទេសរដ្ឋមន្ត្រី មាស សុភា ដែលស្ទើរតែមួយជីវិតរបស់លោក បានជួយរួមចំណែកដោយផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជាតិកម្ពុជា ចាប់តាំងពីលោកមានអាយុប្រមាណ១៥ឆ្នាំ ក្នុងឋានៈជាយុទ្ធជននៃកងទ័ពរណសិរ្សចលនាតស៊ូរំដោះជាតិកម្ពុជា ក្នុងឆ្នាំ១៩៧០ ខណៈមាតុភូមិយើងបានធ្លាក់ចូលក្នុងសង្គ្រាម។ លោកបន្តថា ក្នុងជីវិតកងទ័ពដ៏អង់អាចក្លាហានប្រកប ដោយការលះបង់ខ្ពស់ និងតស៊ូនៅគ្រប់ដំណាក់កាលរបស់លោក រួមជាមួយឥស្សរជនជាច្រើនរូបទៀត ពិតជាបានផ្ដល់នូវជីវិតឱកាស និងក្តីសង្ឃឹមសំរាប់យើងទាំងអស់គ្នា ក្នុងពេលបច្ចុប្បន្ន និងសំរាប់កូនចៅខ្មែរនៅគ្រប់ជំនាន់ក្រោយក្រោយទៀត។
តាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ការរៀបចំពិធីផ្ទេរភារកិច្ចនាពេលនេះ មិនមែនមានន័យថា ជាការផ្ទេរសិទ្ធិ ឬផ្ទេរអំណាចនោះទេ ប៉ុន្តែជាការផ្ទេរនូវការទទួលខុសត្រូវបន្តមួយនឹងការផ្ដល់កិត្តិយសផ្ដល់ឱកាសក៏ដូចជាលទ្ធភាពដ៏ធំធេងថែមទៀត សម្រាប់រូបលោកបានចូលរួមបម្រើប្រទេសជាតិ អោយកាន់តែទូលំទូលាយ ពោលគឺចូលរួមបម្រើកងយុទ្ធពលខេមរភូមិន្ទក្នុងការធានាសុខសន្តិភាព ស្ថេរភាព សន្តិសុខ អធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍមាតុភូមិដ៏បវរនៃយើង។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត លើកឡើងទៀតថា ជាការពិតណាស់កងយុទ្ធពលខេមរៈភូមិន្ទមានតួនាទីចំបងក្នុងកិច្ចការពារអធិបតេយ្យភាពឯករាជ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរួមចំណែកក្នុងការធានាស្ថិរភាពសុវត្ថិភាព និងសន្តិសុខដែលជាតម្រូវការចាំបាច់ និងជាមូលដ្ឋានដ៏ចម្បង ដើម្បីធានាដល់ការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។
លោកបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរ ជាប្រជាពលរដ្ឋមួយរូប លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលបានចូលរួមបម្រើក្នុងជួរកងយុទ្ធពលខេមរភូមិន ជាពិសេសមានទឹកចិត្តស្នេហាមានទឹកចិត្តសប្បាយរីករាយ និងប្រកបដោយភាពកក់ក្តីបំផុត ដែលរូបលោកត្រូវបានតែងតាំងនឹងទទួលបាននូវអនុសាសន៍ដ៏ថ្លៃថ្លា និងការដកពិសោធន៍ការងារល្អៗជាច្រើនពីសំណាក់ថ្នាក់ដឹកនាំ និងនាយទាហានគ្រប់ជាន់ថ្នាក់ ក្នុងជួរកងយុទ្ធពលខេមរភូមិន្ទ។
នៅក្នុងឱកាសប្រកាសចូលកាន់តំណែងនោះដែរ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការប្តេជ្ញាចិត្ត ចំនួន៥ចំណុច គឺទី១. សូមប្តេជ្ញាស្មោះត្រង់ ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រអស់មួយជីវិត, ទី២. សូមប្តេជ្ញាគោរព និងអនុវត្តតាមជានិច្ចនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, ទី៣. សូមប្តេជ្ញាដើរតាមមាគ៌ា ដឹកនាំដ៏ថ្លៃថ្លា របស់រាជរដ្ឋាភិបាល ជាពិសេសគោរព និងអនុវត្តតាម គោលនយោបាយជាតិ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី៦, ទី៤. សូមប្តេជ្ញាគោរព និងអនុវត្តតាមគោលការណ៍ និងលក្ខន្តិកៈ កងយោធពលខេមរភូមិន្ទ ឲ្យបានខ្ជាប់ខ្ជួនបំផុត និងទី៥. សូមប្តេជ្ញាខិតខំប្រឹងប្រែង អនុវត្តឲ្យបានចំពោះ និងភារកិច្ចរបស់ខ្លួន និងហ៊ានបូជាអាយុជីវិត មិនស្តាយស្រណោះ ដើម្បីបុព្វហេតុការពារប្រជាជន និងជាតិមាតុភូមិ ដ៏មហាបវរនៃយើង ។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងយុទ្ធនាការអនុវត្ត នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ក្នុងយុទ្ធសាស្ត្រ បង្រួបបង្រួមជាតិ ការបញ្ចប់ ទាំងស្រុង នូវទុក្ខវេទនារបស់ប្រជាជនខ្មែរ សម័យសង្គ្រាម និងការរំលំរលាយជាស្ថាពរ នៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ក្នុងឆ្នាំ១៩៨៨ ដោយបាននាំប្រទេសជាតិទទួលបាន សុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ពលិកម្មទាំងអស់នេះ គឺពិតជាគំរូដ៏ថ្លៃថ្លាបំផុត ជាកាតព្វកិច្ចរបស់មនុស្សជំនាន់មុន ជាគំរូសម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាសម្រាប់យោធិនជំនាន់ក្រោយទាំងអស់ នៃកងយោធពលខេមរភូមិន្ទ ហើយនេះ គឺជាកត្តាជំរុញទឹកចិត្ត ដ៏សំខាន់បំផុត សម្រាប់យើងខ្ញុំដែលជាយោធិន នៃជំនាន់ក្រោយ ក្នុងការបំពេញ ភារកិច្ចបម្រើជាតិ និងប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
ចំណែកនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៏ ដោយអបអរសាទរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលព្រះមហាក្សត្របានត្រាស់បង្គាប់តែងតាំងមុខងារជាមេបញ្ជាការកងទ័ពជើងគោកបន្ថែមលើមុខងារបច្ចុប្បន្ន។ លោកបន្តថា ការផ្ទេរភារកិច្ច គឺយោងតាមច្បាប់ដែលបានកំណត់ និងសំណូមពរភារកិច្ចជាក់ស្តែងក្នុងផែនការកំណែទម្រង់កងទ័ព ដើម្បីផ្ដល់ឱកាសឱ្យអ្នកជំនាន់ក្រោយបន្តវេន។
នាយឧត្តមសេនីយ៍ មាស សុភា លើកឡើងដែរថា លោកមានមោទនភាពណាស់ ដែលបានចូលបម្រើកងទ័ពក្នុងរយៈពេល៥០ ឆ្នាំនេះ ដែលបានចែករំលែកបទពិសោធន៍ និងទទួលបានលទ្ធផលនៃការដឹកនាំកងទ័ពក្នុងការការពារបូរណភាពទឹកដី និងស្វែងរកសុខសន្តិភាព ជូនជាតិមាតុភូមិ។ សមិទ្ធផលជាច្រើនដែលកងទ័ពយើងសម្រេចបាន គឺមានច្រើនណាស់រួមមាន ការថែរក្សាសុខសន្តិភាព សណ្ដាប់ធ្នាប់សង្គម សន្តិសុខសាធារណៈ កំណែទម្រង់កងទ័ពទាំងបរិមាណនិងគុណភាព ការងារហ្វឹកហ្វឺន ការងារសង្គម ពង្រឹងសម្ព័ន្ធមេត្រីភាពជាមួយនឹងវិស័យស៊ីវិល (ឯកជន) ការសហប្រតិបត្តិការល្អជាមួយប្រទេសនៅក្នុងតំបន់និងអន្តរជាតិ មានការឯកភាពសាមគ្គីភាពផ្ទៃក្នុង៕
Source: Kampuchea Thmey Daily
0 Comments