ភ្នំពេញ ៖ ចិនគ្រោង នឹងបង្កើតសាលាដ៍ធំមួយនៅកម្ពុជាសម្រាប់បណ្តុះបណ្តាលមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនកម្ពុជានិងនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកបណ្ឌិត ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា សាលាដែលភាគីចិនគ្រោងនឹងបង្កើតនាពេលខាងមុខនេះមានបណ្តុះបណ្តាលនូវមុខជំនាញអគ្គិសនី អេឡេចត្រូនិច ជួសជុលម៉ាស៊ីន កសិកម្ម ឧស្សាហកម្ម សេវាកម្ម ពាណិជ្ជកម្មនិងគិលានុបដ្ឋាក ដែលជំនាញទាំងនេះឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។
ថ្លែងក្រោយជំនួបជាមួយគណៈប្រតិភូសមាគមអភិវឌ្ឍន៍សុខមាលភាពនៃប្រជាជាតិចិនប្រចាំអាស៊ីអាគ្នេយ៍កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោកបណ្ឌិត ពេជ សោភ័ណបានបន្តថា សិស្សដែលសិក្សានៅសាលានេះគឺមិនមានគិតថ្លៃទេរួមទាំងការស្នាក់ការហូបចុកជាដើមតែសាលានឹងគិតពីក្រុមហ៊ុនវិញព្រោះសិស្សរៀន២ទៅ៣ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍នៅក្នុងសាលារីឯ៤ថ្ងៃទៀតសិស្សត្រូវចុះទៅអនុវត្តផ្ទាល់នៅតាមរោងចក្រសហគ្រាសនានា។
លោកបានបន្ថែមទៀតថា ក្រៅពីជួយសាងសង់សាលាបណ្តុះបណ្តាលហើយភាគីចិនក៏បានជួយផ្តល់អាហារូបករណ៍ដល់យុវជនកម្ពុជាពី១០០ទៅ៣០០នាក់សម្រាប់រយៈពេល៣ឆ្នាំឲ្យទៅបន្តការសិក្សានៅប្រទេសចិនប៉ុន្តែទាមទារឲ្យយុវជនត្រូវចេះភាសាចិនជាមុនសិន។
លោកស្រី ឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនលីលី ដែលបានដឹកនាំគណៈប្រតិភូសមាគមអភិវឌ្ឍន៍សុខមាលភាពនៃប្រជាជាតិចិនប្រចាំអាស៊ីអាគ្នេយ៍ចូលជួបនាឱកាសនោះ បានមានប្រសាសន៍ថា គម្រោងសាងសង់សាលាបណ្តុះបណ្តាលសម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៩ខាងមុខនេះនៅលើផ្ទៃដី២០០ហិកតាស្ថិតនៅស្រុកកំពង់សិលាខេត្តព្រះសីហនុ។
លោកស្រីបានបន្តទៀតថា សាលានេះមិនត្រឹមតែទទួលសិស្សនៅកម្ពុជានោះទេ គឺសិស្សនិស្សិតមកពីបណ្តាប្រទេសស៊ានក៏អាចមកសិក្សានៅសាលានេះបានដែរហើយសញ្ញាបត្ររបស់សិស្សដែលចេញពីសាលានេះមានតម្លៃលក្ខណៈតំបន់អាស៊ានហើយអាចទៅធ្វើការនៅតាមបណ្តាប្រទេសទាំងនោះផងដែរ។
លោកស្រីបានបន្ថែមថា ការមានសាលានេះវានឹងជួយឲ្យអ្នកវិនិយោគិនមកពីតាមបណ្តាប្រទេសនានាមានភាពងាយស្រួលក្នុងការជ្រើសរើសធនធានមនុស្សព្រោះថា បច្ចុប្បន្ននេះកម្ពុជាមានការខ្វះខាតធនធានមនុស្សជាច្រើនពិសេសលើជំនាញបច្ចេកទេសវិជ្ជាជីវៈនេះតែម្តង។
ចំណែកលោក លី ឃ្វី (LY KUI)តំណាងសមាគមអភិវឌ្ឍន៍សុខមាលភាពនៃប្រជាជាតិចិនប្រចាំអាស៊ីអាគ្នេយ៍សង្ឃឹមថាការបង្កើតសាលានេះនៅកម្ពុជានឹងជួយលើកកម្ពស់ធនធានមនុស្សនៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យឧស្សាហកម្មទំនើបនាពេលបច្ចុប្បន្ន៕
Source: Kampuchea Thmey Daily
0 Comments