Ad Code

ប្រធាន​ក្រុមហ៊ុន​មួយ​ចាប់​បុគ្គលិក​របស់​ខ្លួន​ប្រគល់​អោយ​ប៉ូលិស​ ចោទ​ពី​បទ​លួច​លុយ​ជិត​១​ម៉ឺន​ដុល្លារ



ភ្នំពេញ​ ៖​ ប៉ូលិស ​បាន​ទទួល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​បញ្ជូន​ទៅ​តុលាការ យោង​តាម​ពាក្យ​បណ្តឹង​របស់​ដើមចោទ ដែល​ជា​ប្រធាន​ក្រុមហ៊ុន​ជំនួញ​មួយ​ ប្តឹង​ចោទ​បុគ្គលិក​របស់​ខ្លួន​ពី​បទ​រំលោភ​ទំនុកចិត្ត ប្រើ​ល្បិច​លួច​លុយ​ក្រុមហ៊ុន​ចាយ​អស់​ជាង​៨​ពាន់​ដុល្លារ​អាមេរិក ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨។

ជនជាប់ចោទ​ឈ្មោះ ម៉ន សាវ៉ា​ន់ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ឥណ្ឌូ​ឆាយ​ណា​ហ្វា​ម៉ា ផ្នែក​ទីផ្សារ​លក់​ចែកចាយ​ថ្នាំពេទ្យ តាម​ខេត្ត ស្នាក់​នៅផ្ទះជួល ភូមិ​៨ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក​។​

លោកស្រី ឌៀប ពៅ អាយុ​៤៦​ឆ្នាំ មុខរបរ​ប្រធាន​ក្រុមហ៊ុន ឥណ្ឌូ​ឆាយ​ណា ហ្វា​ម៉ា​ មាន​ទីលំនៅ ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី បាន​ចោទប្រកាន់​ឈ្មោះ ម៉ន សា​វ៉ាន ថា ​៖​ បាន​ប្រើល្បិច​លួច​លុយ​របស់​ក្រុមហ៊ុន​អស់​ចំនួន​៨៤៦៦​ដុល្លារ ហើយ​បាន​គេច​ខ្លួន​ចាប់តាំងពី​ថ្ងៃទី​០១​ខែមីនា ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៧ មកម្ល៉េះ​។​

ជនរងគ្រោះ​ជាដើម​បណ្តឹង​បាន​បញ្ជាក់​ថា​ ៖ ឈ្មោះ ម៉ន សា​វ៉ាន ហៅ​វ៉ាន នេះ ​បាន​មក​ដាក់​ពាក្យសុំ​ធ្វើការ​ក្រុមហ៊ុន​របស់​គាត់​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ក្នុង​មុខងារ​ជា​អ្នកលក់​ថ្នាំពេទ្យ​បោះ​ចែកចាយ​នៅតាម​បណ្តា​ខេត្ត ដោយ​ទទួល​ប្រាក់បៀវត្សរ៍​ចំនួន​៦៥០​ដុល្លារ​ប្រចាំខែ​។ រូបភាព​ល្បិចកល​លួច​យកលុយ​របស់​ជន​នេះ​គឺ គេ​បាន​យក​លុយ​ពី​អតិថិជន​នីមួយៗ​បាន​ហើយ ​តែ​គេ​មិន​អោយ​ក្រុមហ៊ុន ដោយ​ធ្វើ​វិក្រយបត្រ​បង់លុយ​ផ្សេង​ប្រគល់​អោយ​អតិថិជន ហើយ​យក​វិក្រយបត្រ​បង់លុយ​ពិត​របស់​ក្រុមហ៊ុន​មក​ប្រគល់​អោយ​ក្រុមហ៊ុន​វិញ ដោយ​កុហក​ថា អតិថិជន​មិន​ទាន់​មាន​លុយ​បង់​អោយ​...​។​

ជន​ជាប់​បានគេច​ខ្លួន បន្ទាប់ពី​បានដឹងថា ប្រធាន​ក្រុមហ៊ុន​បានដឹង​រឿង​ភូតកុហក​របស់ខ្លួន​ឆបោក​លួច​យកលុយ ក្រុមហ៊ុន​។ ក្រោយមក លុះ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា​ឆ្នាំ​២០១៨ ជននេះ​បាន​ចូលមក​ក្រុមហ៊ុន​វិញ​បំរុង​ចរចា​ដោះស្រាយ​រឿង​លុយ​នោះ ប៉ុន្តែ​ត្រូវបាន​ក្រុមហ៊ុន​បដិសេធ ​ហើយ​បាន​នាំខ្លួន​មក​ប្រគល់​អោយ​ប៉ូលិស​មូលដ្ឋាន​ចាត់ការ​តាមច្បាប់​តាម​បណ្តឹង​របស់​លោក​ស្រី​ ចោទប្រកាន់​ពី​បទ​រំលោភ​ទំនុក ប្រើល្បិច​លួច​លុយ​របស់​ក្រុមហ៊ុន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu