Ad Code

២​ថ្ងៃ​នៃ​ការ​ត្រួត​ពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នៅ​ខេត្តព្រះវិហារ ឃាត់​រថយន្ត​បាន​៤០​គ្រឿង



ព្រះវិហារ ​៖​ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ ២​ថ្ងៃ​ជាប់​គ្នា​នេះ បាន​ឃាត់​រថយន្ត​ដឹកទំនិញ​បាន​ចំនួន​៤០ គ្រឿង និង​បាន​រក​ឃើញ​រថយន្ត​ល្មើសច្បាប់​ជាច្រើន​គ្រឿង​ផង​ដែរ ដើម្បី​ធ្វើការ​ផាកពិន័យ​និង​កាត់​ទ្រុង​ចេញ​។​

លោក​សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានអោយដឹង​ថា នៅក្នុង​រយៈពេល​២​ថ្ងៃ​កន្លងមក ពោលគឺ​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ និង​នៅ​ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ​បាន​ឃាត់​រថយន្ត​ចំនួន​៤០ គ្រឿង និង​បាន​រកឃើញ​រថយន្ត​ល្មើសច្បាប់​ជាច្រើន​គ្រឿង​ដើម្បី​ធ្វើការ​ផាកពិន័យ​និង​កាត់​ទ្រុង​ចេញ​។​

ក្នុងនោះ​នៅ​ថ្ងៃ សុក្រ ០៥​កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ២៣ គ្រឿង ក្នុងនោះ ពិនិត្យឃើញថា​ត្រឹមត្រូវ ចំនួន ១២ គ្រឿង​សំពីងសំពោង​ចំនួន ០២ គ្រឿង ខ្វះ​ឯកសារ ចំនួន ០៧ គ្រឿង​ដោះ​រាន​ខាងក្រោយ​ចំនួន ០១ គ្រឿង គ្មាន​ប័ណ្ណ​បើកបរ​ចំនួន ០១ នាក់​។​

ចំណែក​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ០៤​កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ១៧ គ្រឿង ក្នុង​នោះ ពិនិត្យ​ឃើញ​ថា ​ត្រឹមត្រូវ​ចំនួន ០៨ គ្រឿង​ខ្វះ​ឯកសារ ចំនួន ០៨ គ្រឿង ឯកសារ​ក្លែងក្លាយ ចំនួន ០១ គ្រឿង​។​

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​សុក្រ ៩​រោច ខែមាឃ ឆ្នាំរកា ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨​កន្លងទៅ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​ដែរ​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ដាក់​ឱសានវាទ ចាប់ពី​ម៉ោង​០០​យប់​ថ្ងៃទី​៩​កុម្ភៈ តទៅ គ្មាន​វត្តមាន​ឡាន ត​ទ្រុង លើ​ដងផ្លូវ​ទៀត​ឡើយ។ បើ​មាន​នៅ​តំបន់​ណា ភូមិសាស្ត្រ​ណា ចៅហ្វាយខេត្ត និង​ក្រុង​នោះ ជា​អ្នកទទួលខុសត្រូវ។ បើ​នរណា​មក​តវ៉ា​ឬ​អ្នក​កាង ទោះជា​ឋានៈ​ណាក៏ដោយ ក៏​ធ្លាក់​បុណ្យស័ក្តិ​ទាំងអស់ និង​បញ្ចូល​ព្រៃ​ស​តែម្តង៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu