Ad Code

អភិបាល​រាជធានី​ភ្នំពេញ ​សុំ​អភ័យទោស​ពី​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ព្រោះ​ដោះស្រាយ​មិនទាន់



ភ្នំពេញ​ ៖​ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ ចុះ​ជួយ​ខណ្ឌ​ព្រែក​ព្នៅ បាន​សំដែង​ការ​សោកស្តាយ និង​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ ដែល​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ទទួលរង​បរិមាណ​ទឹកភ្លៀង​រហូត​ដល់​៩៣,៦៤​មិល្លីម៉ែត្រ ដែល​ជា​បរិមាណ​១​ដ៏​សំបើម​ នៅពេល​រាជធានី​ភ្នំពេញ​អាច​ធានា​បានតែ​ប្រមាណ​៤០៤​មី​លី​ម៉ែត្រ​តែប៉ុណ្ណោះ​។​

ការ​សូម​យោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​បែប​នេះ​របស់​លោក​ឃួ​ង ស្រេង ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ​១​ចំនួន​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន ទៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៧២១​គ្រួសារ​ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​​កញ្ញា ឆ្នាំ​២០១៨​នេះ។

លោក​ឃួ​ង ស្រេង បានបង្ហាញ​ពី​ការខិតខំ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​សង្កាត់ ខណ្ឌ និង​រាជធានី​ភ្នំពេញ​ក៏​ដូច​មន្ទីរ​ជំនាញ​ដើម្បី​បើក​មុខទឹក​រំដោះ​ជំនន់​ទឹកភ្លៀង​នេះ ​ចេញពី​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​ ប៉ុន្តែ​ការងារ​នេះ​នៅតែ​មិន​ទាន់​បាន​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា​នៅឡើយ​ដោយសារតែ ទឹក​ហូរ​ធ្លាក់​មកពី​ប៉ែក​ខាង​កំពង់ស្ពឺ​យ៉ាង​គំហុក​ចាក់​មក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​ តែ​ទោះបីយ៉ាងណា អាជ្ញាធរ​មិនបាន​ព្រងើយកន្តើយ​ក្នុង​ការ​ចាត់វិធានការ ដោះស្រាយ​សម្រាប់​ប្រជាពលរដ្ឋ​យើង​ឡើយ ជាពិសេស​ការ​គិតគូ​ខ្ពស់​ពី​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​សុខទុក្ខ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង​។​

លោក​សុខ សម្បត្តិ អភិ បាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ឲ្យ​ដឹង​ដែរ​ថា ពេលនេះ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ មាន​សង្កាត់​ចំនួន​២​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​គឺ​សង្កាត់​សំរោង មាន​២៨​គ្រួសារ​,​សង្កាត់​គោក​រកា ដែ​លិច​ខ្លាំង​មាន​រហូតដល់​៧២១​គ្រួសារ​ក្នុងនោះ​ក៏មាន​ភូមិ អណ្តូង​៤ និង​អណ្តូង​៦​ផងដែរ​។
​ចំពោះ​អំណោយ​ដែល​ត្រូវ​ផ្តល់ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ទាំង​៧២១​គ្រួសារ​ក្នុង​១​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម​,​មី​១​កេស ,​ទឹក​សុទ្ធ​១​កេស​,​ទឹកត្រី​៦​ដប និង​ថវិកា​៥​ម៉ឺន​រៀល​៕ ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu