គេហទំព័រទំព័រផ្លូវការ affsuzukicup.com បានបង្ហាញពីបុគ្គល៥នាក់ឆ្នើមដែលគួរឲ្យចាប់អារម្មណ៍បំផុត ក្នុងអំឡុងពេលជម្រើសជាតិនានារបស់ប្រទេសតំបន់អាស៊ានធ្វើការប្រកួតមិត្តភាពអន្តរជាតិថ្មីៗនេះដើម្បីត្រៀមប្រកួតដណ្តើមក្នុងពានរង្វាន់ធំប្រចាំតំបន់អាស៊ានគឺ AFF Suzuki Cup។
បើទោះជាម្ចាស់ជើងឯកថៃ ម្ចាស់ពានឆ្នាំ២០០៨វៀតណាមនិងមីយ៉ាន់ម៉ា គ្មានការប្រកួតមិត្តភាពក៏ពិតមែន ប៉ុន្តែក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន និងសិង្ហបុរីមានការប្រកួត ខណៈជំនួបរវាងកម្ពុជានិងម៉ាឡេស៊ី ហាក់គួរឲ្យចាប់អារម្មណ៍ជាងគេ។ ចំពោះក្រុមទីម័រខាងកើត បានកក់កៅអីឡើងវគ្គចែកពូលរួចរាល់ បន្ទាប់ពីឈ្នះប្រ៊ុយណេក្នុងវគ្គជម្រុះបឋមរហូតដល់៣ទល់២។ ប៉ុន្តែបុគ្គល៥រូបបានធ្វើឲ្យពិភពបាល់ទាត់អាស៊ានកក្រើកសារព័ត៌មានកីឡាក្នុងតំបន់និងកម្រិតពិភពលោកផងដែរ។
១)Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា៖លទ្ធផលដែលជម្រើសជាតិកម្ពុជាទទួលបានក្នុងកីឡដ្ឋានជាតិ ពេលជួបជាមួយក្រុមម៉ាឡេស៊ី មិនមែនអ្វីក្ដីសុបិន្តរបស់អ្នកគាំទ្រនោះទេ ហើយការចាប់ផ្ដើមអាជីពនៃការដឹកនាំរបស់ Honda ក៏កំពុងស្ថិតទៅរកភាពមិននឹកស្មានដល់ដែរ។
ក្រឡេកមើលគ្រប់កាយវិការក្នុងជួរខ្សែបន្ទាត់គ្រូបង្វឹក Honda បានឃើញក្រុមថ្មីរបស់ខ្លួនបង្ហាញភាពភ្ញាក់ផ្អើលក្នុងរយៈពេល២០នាទីដំបូងក្នុងវគ្គទីបន្ទាប់ពីខ្សែការពារ សឿយ វិសាល ស៊ុតគ្រាប់បាល់បុករបារទីឡងចូលទីឲ្យកម្ពុជានាំមុខម៉ាឡេស៊ី។ ក្រុមម្ចាស់ផ្ទះមានឱកាសជាច្រើនក្នុងការបន្ថែមគ្រាប់បាល់ក្នុងវគ្គទីមួយប៉ុន្តែចូលវគ្គទី២ម៉ាឡេស៊ី បានវាយបកបីគ្រាប់វិញហើយក្នុងការប្រកួតដំបូងរបស់ Hondaបញ្ចប់ដោយលទ្ធផលបរាជ័យ។
ប៉ុន្តែការបង្ហាញទម្រង់លេងដោយប្រើស្មារតីរឹងមាំជាមួយនឹងការគ្រប់គ្រងបាល់បានល្អក្នុងការប្រកួតនេះ អាចបញ្ជាក់ថា Honda នឹងបន្ថែមភាពអស្ចារ្យក្នុងការប្រកួតAFF Suzuki Cup ដែលជិតមកដល់ហើយនោះ។
ប្រភពបានសរសេរពីបុគ្គលលសំខាន់៤នាក់ផ្សេងទៀតដែរដែលគួរចាប់អារម្មណ៍ជាងគេបំផុតមុនព្រឹត្តិការណ៍ AFF Suzuki Cup មក ក្នុងនោះគឺខ្សែបម្រើ Evan Dimas សមាជិកជម្រើសជាតិឥណ្ឌូណេស៊ី អ្នកចាំទីជម្រើសជាតិម៉ាឡេស៊ី Khairul Fahmi ខ្សែបម្រើជម្រើសជាតិហ្វីលីពីន Stephan Schrock និងខ្សែការពារសិង្ហបុរី Baihakkin Khaizan៕
Source: Kampuchea Thmey Daily
0 Comments