Ad Code

កំពូល​ព្យុះ​ទី​ហ្វុ​ង Mangkhut វាយប្រហារ​ក្នុង​ប្រទេស​ ហ្វីលីពីន



ព្យុះ​ទី​ហ្វុ​ង Mangkhut បាន​វាយប្រហារ​នៅ​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​សៅរ៍​ជាមួយ​ខ្យល់​បក់​ខ្លាំង​និង​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​ ខណៈ​អាជ្ញាធរ​បាន​ព្រមាន​ថា មនុស្ស​រាប់​លាន​នាក់​គឺ​ស្ថិតនៅ​ចំ​ផ្លូវ​នៃ​ការ​បំផ្លិចបំផ្លាញ​ដ៏​ធ្ងន់ធ្ងរ​របស់​ព្យុះ​នេះ​។​

ព្យុះ​ដ៏​ធំ​មួយ​នេះ​ដែល​អ្នក​ព្យាករ​បាន​ហៅថា​ជា​ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​បំផុត​ក្នុងឆ្នាំនេះ​បាន​ផ្តួលរំលំ​ដើមឈើ បំ​ប៉ើង​ដំបូលផ្ទះ​និង​កាត់ផ្តាច់​អគ្គិសនី​នៅពេល​វា​បក់បោក​លើ​កោះ Luzon​។​

ខណៈដែល​វា​សំដៅទៅ​ភាគ​ខាងលិច​ឆ្ពោះទៅកាន់​ប្រទេស​ចិន​ឆ្លងកាត់​ប្រទេស​ប្រជុំ​កោះ​ដែល​ងាយ​រងគ្រោះ​ដោយ​គ្រោះមហន្តរាយ​មួយ​នេះនោះ ខ្យល់​របស់​ព្យុះ​នេះ​បាន​កើនឡើង​ដល់​៣៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

លោក Chris Perez អ្នក​ព្យាករ​អាកាសធាតុ​រដ្ឋ​បាន​ព្រមាន​មនុស្ស​ប្រមាណ​៤​លាន​នាក់​ដែល​ស្ថិតនៅ​ចំ​ផ្លូវ​នៃ​ព្យុះ​នេះ​ថា “​បើ​អាច​ធ្វើបាន​សូម​ស្នាក់នៅ​ក្នុងផ្ទះ​កុំ​ចេញទៅ​ក្រៅ​”​។​

មនុស្ស​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ​នៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​មុនពេល​ព្យុះ​នេះ​មកដល់​ដោយសារតែ​ខ្លាច​គ្រោះទឹកជំនន់​និង​ការបាក់​ដី​ធំៗ​។​

កាលពី​ថ្ងៃ​សុក្រ អាជ្ញាធរ​បាន​តម្លើង​ការព្រមាន​អំពី​ព្យុះ​នេះ​ដល់​កម្រិត​ខ្ពស់បំផុត​លំដាប់​ទី​ពីរ​របស់ខ្លួន​នៅក្នុង​ខេត្ត Luzon ភាគ​ខាងជើង​ហើយ​បានដាក់​ពង្រាយ​ក្រុម​ជួយសង្គ្រោះ​។​

អ្នក​ព្យាករ​ឧតុនិយម​ជប៉ុន​លោក Hiroshi Ishihara បាន​ប្រាប់ AFP កាលពី​ថ្ងៃ​សុក្រ​ថា “​ក្នុងចំណោម​ព្យុះ​ទី​ហ្វុ​ង​ទាំងអស់​នៅ​ឆ្នាំនេះ នេះ​គឺជា​ព្យុះ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត​។ វា​ជា​ព្យុះ​ទី​ហ្វុ​ង​ហឹ​ង្សា​ដែលមាន​ខ្យល់​បក់​ខ្លាំង​បំផុត​ក្នុងចំណោម​ព្យុះ​ទី​ហ្វុ​ង​នៅ​ឆ្នាំនេះ​”​។​

បន្ទាប់ពី​វាយប្រហារ​ហ្វីលីពីន ព្យុះ Mangkhut ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​សំដៅទៅ​ឆ្នេរសមុទ្រ​ភាគខាងត្បូង​របស់​ប្រទេស​ចិន​ដែលមាន​ប្រជាជន​រស់នៅ​យ៉ាងច្រើន​នៅ​សប្តាហ៍​នេះ​។​

គួរបញ្ជាក់​ជាថ្មី​ថា ព្យុះ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត​ក្នុង​កំណត់ត្រា​របស់​ប្រទេស​នេះ​គឺ​ព្យុះ​ទី​ហ្វុ​ង Haiyan ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ឬ​បាត់​ខ្លួន​ជាង​៧,៣៥០​នាក់​នៅ​ទូទាំងប្រទេស​ហ្វីលីពីន​ក្នុង​ខែវិច្ឆិកា​ឆ្នាំ​២០១៣៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu