អាជ្ញាកណ្ដាលកម្រិតអន្តរជាតិដែលទទួលស្គាល់ពី FIFA របស់កម្ពុជា ចំនួន២រូបគឺលោក លឹម ប៊ុនធឿន និងលោក ស៊ុន ចាន់ភារិទ្ធិ បានចេញទៅដឹកនាំក្នុងប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ី រវាងក្រុមម្ចាស់ផ្ទះជម្រើសជាតិឥណ្ឌូណេស៊ី ទទួលក្រុមហុងកុង នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ សប្ដាហ៍នេះ។
ការប្រកួតដែលធ្វើឡើងនៅលើទីលានកីឡដ្ឋាន Stadion Wibawa Mukti ក្នុងទីក្រុង Cikarang ប្រទេសឥណ្ឌូណេស៊ី ក្រុមម្ចាស់ផ្ទះបានប្រកួតស្មើគ្នាជាមួយក្រុមហុងកុង ដោយលទ្ធផល១ទល់១ ខណៈអាជ្ញាកណ្ដាលក្នុងការប្រកួតនេះដឹកនាំដោយលោក លឹម ប៊ុនធឿន របស់កម្ពុជា ជាអាជ្ញាកណ្ដាលលើទីលាន ខណៈលោក ស៊ុន ចាន់ភារិទ្ធិ របស់កម្ពុជានិងលោក Takumi Takagi របស់ជប៉ុន ជាអាជ្ញាកណ្ដាលខ្សែបន្ទាត់ និងលោក Hiroyuki Kimura របស់ជប៉ុន ជាមន្ត្រីទី៤។
សូមបញ្ជាក់ថា យោងតាមវិបសាយរបស់ FIFA កម្ពុជាមានអាជ្ញាកណ្ដាលចំនួន៩រូបជាប់ឈ្មោះក្នុងអាជ្ញាកណ្ដាលកម្រិត FIFA នៅឆ្នាំ២០១៨នេះ ដោយក្នុងនោះមាន៣រូបជាអាជ្ញាកណ្ដាលលើទីលាន ៥ រូបជាអាជ្ញាកណ្ដាលខ្សែបន្ទាត់ ឬ ជំនួយការអាជ្ញាកណ្ដាលនិង១រូបជាអាជ្ញាកណ្ដាលកីឡាបាល់ទាត់ក្នុងសាល។ ចំពោះអាជ្ញាកណ្ដាលលើទីលានទាំង៣រូបមានលោក ជី សាមឌី លោក ឃួន វីរៈ និងលោក លឹម ប៊ុនធឿន ខណៈជំនួយការអាជ្ញាកណ្ដាលមានលោក ចេង ចាន់តារា, ឈី សុភាព, គឹម ស៊ីពិសាល, ស៊ុន ចាន់ភារិទ្ធិ និងលោក ស៊ុន ដារ៉ាវុធ។ ចំណែកអាជ្ញាកណ្ដាលសម្រាប់កីឡាបាល់ទាត់ក្នុងសាល គឺលោក សៀង សុភ័ក្រ។
ជាទូទៅអាជ្ញាកណ្ដាលកម្រិតអន្តរជាតិ មានឱកាសចេញទៅដឹកនាំការប្រកួតនៅក្រៅប្រទេសក្នុងដែនសមត្ថកិច្ចរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ដោយទទួលបានកម្រៃខ្ពស់ផងដែរ។ យ៉ាងណាក្តីអាជ្ញាកណ្ដាលជើងចាស់ចំនួន២រូបគឺលោក ទុយ វិច្ឆិកា និងលោក ថោង ច័ន្ទកិត្យា បានសម្រេចចិត្តដកខ្លួនពីវាលស្មៅ ដោយមិនសូវមានពេលគ្រប់គ្រាន់សម្រាប់អាជីពមួយនេះ។ ចំណែកអាជ្ញាកណ្ដាលទើបជាប់ឈ្មោះនៅឆ្នាំ២០១៨ នេះមាន ស៊ុន ដារ៉ាវុធ៕
Source: Kampuchea Thmey Daily
0 Comments