កីឡាករចំនួន២៤នាក់មកពី៧ក្លិបផ្សេងគ្នា ដែលកោះហៅដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) កាលពីពេលថ្មីៗឲ្យចូលក្នុងក្រុមជម្រើសជាតិកម្ពុជា បានរំសាយគ្នាមួយរយៈខ្លីសិនដើម្បីសម្រាក យកកម្លាំងក្រោយប្រកួតមិត្តភាពអន្តរជាតិចំនួន២លើកនៅពាក់កណ្ដាលខែតុលា ពោលគឺបន្ទាប់ពីស្មើគ្នាជាមួយក្រុមទីម័រខាងកើត ២ទល់២ និងចាញ់ក្រុមសឹង្ហបុរី ២ទល់១ លើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។
ចំណែកបញ្ជីឈ្មោះកីឡាករទាំង២៤នាក់ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានកោះហៅប្រមូលផ្តុំកាលពីពេលថ្មីៗនេះមានដូចជា សេត រ៉ស៊ីប,ចាន់ វឌ្ឍនាកា និង ហុង ផេង មកពីក្រុមបឹងកេត ខណៈកីឡាករ ឈិន ឈឿន, ស ពិសិដ្ឋ,រ៉ឹម ប៊ុនហៀង, អ៊ុំ វិចិត្រ មកពីក្រុមក្រសួងការពារជាតិ កីឡាករ សុះ ស៊ូហាណា, គួច សុកុម្ភៈ, ឆេង ម៉េង, គួច ដានី មកពីក្រុមណាហ្គាវើល ហើយកីឡាករ អ៊ន ចាន់ប៉ូលីន,អ៊ិន សូដាវីដ,ប្រាក់ ធីវ៉ា,ស៊ិន កក្កដា មកពីក្រុមភ្នំពេញក្រោន។ កីឡាករ សារ៉េត គ្រីយ៉ា,នេន សុធារ័ត្ន,សឿយ វិសាល,ប្រាក់ មុន្នីឧត្តម មកពីក្រុមព្រះខ័នរាជស្វាយរៀង កីឡាករ ធារី ចន្ថាប៊ីន មកពីក្លិប Terregannu នៅលីគកំពូលម៉ាឡេស៊ី កីឡាករ កែវ សុខសិលា, ជា វណ្ណសាក់,កែវ សុខផេង និងទិត្យ ឌីណា មកពីក្រុមវិសាខា។
យោងតាមប្រភពមកពីមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានរំសាយរយៈពេលខ្លីសិនក្រោយប្រកួតចប់ជាមួយក្រុមសឹង្ហបុរី កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ ហើយកោះហៅកីឡាករផ្លូវការឡើងវិញប្រមូលផ្តុំនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ឡើងវិញទៀត ត្រៀមប្រកួតក្នុងពានរង្វាន់ AFF Suzuki Cup។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានដាក់គោលដៅប្រកួតមិត្តភាពអន្តរជាតិ ចំនួន៤លើកនៅចុងឆ្នាំ២០១៨ នេះដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងវគ្គជម្រុះតាមពូលនៃពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018។ កន្លងមកកម្ពុជា បានឆ្លងកាត់ការប្រកួតមិត្តភាពអន្តរជាតិបាន៣លើកហើយក្រោមការដឹកនាំពីសំណាក់អ្នកចាត់ការទូទៅ Keisuke Honda ខណៈកាលពីប្រកួតដំបូងបានចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ៣ទល់១ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ តាមគម្រោងក្រុមកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្តរជាតិ១ លើកចុងក្រោយទៀតមុនដាច់ឆ្នាំ២០១៨នេះពោលគឺនៅថ្ងៃទី២ ខែវិច្ឆិកា តែមិនទាន់កំណត់គូប្រកួតបាននៅឡើយ។
បើនិយាយពីពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះនឹងធ្វើឡើចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។ សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា វិញនឹងប្រកួតបើកឆាកប៉ះក្រុមម៉ាឡេស៊ី នៅថ្ងៃទី៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ ខណៈត្រូវប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ឆិកា នៅទីក្រុងរ៉ង់ហ្គូន រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ ហើយនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាមនៅទីក្រុងហាណូយ៕
Source: Kampuchea Thmey Daily
0 Comments