ព្រះសីហនុ ៖ រដ្ឋសភា និងក្រសួងមហាផ្ទៃបានសម្រេចបង្កើតក្រុមការងារពិសេសមួយដើម្បី ដោះស្រាយបញ្ហានានា នៅខេត្តព្រះសីហនុ ខណៈបច្ចុប្បន្នខេត្តមួយនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការព្រួយបារម្ភខ្លាំង ដោយសារតែបទល្មើសជាច្រើន បានកើតឡើងជាបន្តបន្ទាប់។
នេះជាការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្ត្រីស្តីទី ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ណេង គណៈកម្មការទី៤នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ករណីជាច្រើននៅខេត្តព្រះសីហនុ ដែលធ្វើឲ្យមានភាពរញ៉េរញ៉ៃ ដូចជា អំពើលួចប្លន់ កាប់ចាក់គ្នា និងបញ្ហាដីធ្លី បញ្ហាគ្រឿងញៀនជាដើម កំពុងកើតឡើងនៅខេត្តមួយនេះ ហើយករណីខ្លះ បានធ្វើឲ្យអាជ្ញាធរពិបាកដោះស្រាយ ដូច្នេះរដ្ឋសភា និងក្រសួងមហាផ្ទៃក្រសួងការពារជាតិ សម្រេចបង្កើតក្រុមការងារដើម្បីដោះស្រាយរាល់បញ្ហាទាំងនេះ។ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា រាល់បញ្ហាទាំងអស់នោះ វាមិនទាន់ធ្ងន់ធ្ងរខ្លាំងរហូតដល់ថ្នាក់មិនអាចដោះស្រាយបាននោះទេ ហើយក្រុមការងារនឹងខិតខំទប់ស្កាត់និងដោះស្រាយ ដើម្បីកុំឲ្យប្រជាពលរដ្ឋខ្មែរមានការព្រួយបារម្ភបន្តទៀត។
គួរបញ្ជាក់ថា រឿងអាស្រូវរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាន់តែសុះសាយខ្លាំងឡើងៗពាក់ព័ន្ធ ការបើកដៃឲ្យក្រុមហ៊ុន ជឹង សុភាព ហៅយាយភូ ភរិយាលោកឧកញ៉ាឡាវ ម៉េងឃិន សមាជិកព្រឹទ្ធសភា លុបឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ។ ព័ត៌មាន ជាច្រើនស្ថាប័នចុះផ្សាយជាបន្ដបន្ទាប់ពី លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ បានចែកដីម្នាក់មួយឡូតិ៍ ដល់ក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តព្រះសីហនុ ជាថ្នូរនឹងការមិនចុះផ្សាយរឿងអាស្រូវ ក្នុងខេត្តព្រះសីហនុ ។ បច្ចុប្បន្ននេះ មានមតិរិះគន់ជាច្រើន នៅខេត្តព្រះសីហនុ ដោយសារតែខេត្តនេះបទល្មើសច្រើនជាបន្តបន្ទាប់ដូចជា ភាពរញ៉េរញ៉ៃដែលកើតឡើងពីជនជាតិចិន អំពើលួចប្លន់ គ្រឿងញៀន បញ្ហាបរិស្ថាន ករណីរំលោភយកដីបឹងធម្មជាតិ ឆ្នេរសមុទ្រ និងជម្លោះដីធ្លី ជាដើម៕
Source: Kampuchea Thmey Daily
0 Comments