កីឡាករ ទៀត គឹមហេង សមាជិកក្នុងក្រុមយុវជនមជ្ឈមណ្ឌលនិងសាលាបាល់ទាត់ជាតិបាទី បានសម្រេចចិត្តចូលរួមជាមួយក្រុមវិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League) កាលពីពេលថ្មីៗ ខណៈកីឡាកររូបនេះតាំងចិត្តខ្លួននឹងពង្រឹងសមត្ថភាពបន្ថែមទៀតដើម្បីដណ្តើមបានឱកាសលេងក្នុងប្រកួតសំខាន់ៗ។
កីឡាករមកពីខេត្តព្រះសីហនុ រូបនេះបានលើកឡើងថា «សម្រាប់ខ្ញុំមិនខ្វល់ពីកីឡាករមកពីណាទេ សំខាន់ខ្ញុំត្រូវតែមានចិត្តមួយហ្វឹកហាត់អស់ពីសមត្ថភាព អ្វីដែលខ្ញុំមានឲ្យគ្រូបានឃើញពេលហ្វឹកហាត់។ ខ្ញុំចូលវិសាខានេះដោយសារជាក្លិបលីកកំពូលមួយ និង ជាក្លិបថ្មី។ អ៊ីចឹងកីឡាករពួកគាត់ដែលនាំចូលមកដូចខ្វះខាតដែរ ដូច្នេះខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អនៅក្លិបមួយនេះ»។ កីឡាករ ទៀត គឹមហេង ស្ថិតក្នុងចំណោមអតីតយុវជនបាទី៦រូបដែលរំសាយកាលពី ពេលថ្មីៗ បានចូលរួមជាមួយវិសាខា គឺ គង់ ពីលត់, ទូច គឹមឆាយ, ឡុង ម៉េងហាវ, ផុន តៃនិញ និង អាត អូនតូច។
កីឡាករ ទៀត គឹមហេង គិតថាការចាប់យកកៅអី១១នាក់ដំបូងពុំងាយស្រួលឡើយពេលចូលរួមជាមួយក្រុមវិសាខា ព្រោះថាក្លិបនេះមានកីឡាករជើងចាស់ជាច្រើនដែលមានបទពិសោធន៍នៅតំបន់កណ្តាលដែលតួនាទីដូចដែលខ្លួនធ្លាប់លេង ក្នុងនោះមានសិស្សច្បងដូចជា ទិត្យ ឌីណា, សាន ភីសា ជាដើម។
កីឡាករ ទៀត គឹមហេង ធ្លាប់ជាប់បង្ហាញខ្លួននៅក្នុងប្រកួតលើឆាកអន្តរជាតិជាច្រើនជាមួយក្រុមជម្រើសជាតិយុវជនកម្ពុជា ព្រមទាំងក្នុងពានរង្វាន់ជើងឯកអាស៊ី ជើងតំបន់អាស៊ាន និងពានរង្វាន់ក្រៅផ្លូវការមួយចំនួនផងដែរ ជាក់ស្តែងដូចជាក្នុងពានរង្វាន់ AFF U16 Championship, AFC U16 Championship, AFF U17, AFF U18, និង AFF U19 Championship ឆ្នាំ២០១៨នៅប្រទេសឥណ្ឌូណេស៊ី ក្នុងខែកក្កដា កន្លងទៅនេះ៕
Source: Kampuchea Thmey Daily
0 Comments