អ្នកចាំទី អ៊ុំ សេរីរ័ត្ន របស់ក្រុមបាល់ទាត់ក្រសួងការពារជាតិ (ទ័ព) កំពុងមានបញ្ហារបួសសរសៃជើង ក្រោយបង្ហាញខ្លួនក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) នាពេលកន្លងទៅ ហើយរបួសនេះតម្រូវឲ្យរូបគេសម្រាកព្យាបាលនិងវះកាត់បានត្រឹមត្រូវទើបអាចចូលហ្វឹកហាត់ជាមួយមិត្តរួមក្រុមបានឡើងវិញ។
យោងតាមការបញ្ជាក់ពីសំណាក់សាមីខ្លួនបានអះអាងថា របួសសរសៃជើងនេះគឺកើតឡើងទៅលើរូបខ្លួនអំឡុងក្រោយជួយឲ្យក្រសួងការពារជាតិ ឈ្នះណាហ្គាវើល ដោយលទ្ធផល ៣-១ ឡើងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗ។ ប៉ុន្តែរបួសនេះមិនសូវជាធ្ងន់ពេក តែក្រោយមករូបគេបានហ្វឹកហាត់ក្នុងក្រុមក៏បត់ជង្គង់ធ្ងន់ធ្ងរតែម្តង។
អតីតកីឡាករជម្រើសជាតិកម្ពុជា រូបនេះបញ្ជាក់ថា «ខ្ញុំបានវៈកាត់របួសនេះរួចរាល់ហើយ ដោយជោគជ័យនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ ពេទ្យគេប្រាប់ថា ខ្ញុំត្រូវសម្រាកព្យាបាលរយៈពេលយូរមួយគឺចន្លោះពី៨ទៅ៩ខែ ដូចរបួសរបស់ ច្រឹង ពលរដ្ឋ និងភួង សុខសាណា ផងដែរ។
ខ្ញុំនឹងខំសម្រាកតាមវេជ្ជបញ្ជា ដើម្បីឱ្យឆាប់ជាសះស្បើយអាចចូលលេងនៅជើងទី២រដូវកាលឆ្នាំ២០១៩ខាងមុខ»។
របួសនេះបានធ្វើឲ្យប៉ះពាល់កៅអីរបស់កីឡាករ អ៊ុំ សេរីរ័ត្ន ក្នុងក្រុមជម្រើសជាតិនាពេលខាងមុខដែលត្រៀមប្រកួតប្រចាំពានរង្វាន់ធំប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018។ រូបគេបានតាំងចិត្តថែរក្សាសុខភាពដើម្បីឲ្យបានជាសះស្បើយបានលឿន។ រូបគេត្រូវបានក្លិបដាក់ក្នុងអ្នកចាំទីដៃទី២ បន្ទាប់ពីបងប្រុសបង្កើតរបស់ខ្លួនគឺ អ៊ុំ វិចិត្រ ជាប់ឈ្មោះជាអ្នកចាំទីដៃទី១។
កីឡាករ អ៊ុំ សេរីរ័ត្ន វិវត្តន៍ខ្លួនចេញពីក្រុមយុវជនថ្នាលរបស់ក្រុមក្រសួងការពារជាតិ ហើយនៅឆ្នាំ២០១៣ រូបគេត្រូវបានលោក ទេព ឡុងរចនា គ្រូបង្វឹកនៅជំនាន់នោះចុះឈ្មោះក្នុងបញ្ជីក្រុមធំ ខណៈនៅឆ្នាំនោះដែរត្រូវបានក្លិបអាស៊ីអឺរ៉ុប ខ្ចីជើងពាក់កណ្ដាលរដូវកាល រូបគេធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិកម្ពុជា គិតតាំងពីឆនាំ២០១៣ រហូតដល់ឆ្នាំ២០១៧ ថ្មីៗនេះផងដែរ។ អ៊ុំ សេរីរ័ត្ន ធ្លាប់ជួយក្រុមឈ្នះជើងឯកនៅឆ្នាំ២០១៦ ខណៈរូបគេធ្លាប់ឈ្នះស្រោមដៃមាសទាំងក្នុងលីគនិងពានរង្វាន់សម្ដេចតេជោ នៅឆ្នាំដំណាលគ្នានោះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments