ក្រុមបាល់ទាត់ណាហ្គាវើល បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៨ (Metfone Cambodian League 2018) ដែលខកខានជា៩ឆ្នាំមកនេះខណៈក្រុមនេះទទួលបានសិទ្ធិដោយស្វ័យប្រវត្តិចូលរួមប្រកួតក្នុងពានរង្វាន់ធំប្រចាំទ្វីបអាស៊ីលំដាប់ទី២គឺ AFC Cup 2019 ដែលត្រៀមប្រកួតចាប់ពីចុងឆ្នាំនេះតទៅ។
លោក មាស ចាស់ណា គ្រូបង្វឹកកាន់អាជ្ញាប័ណ្ឌ AFC A-License បានលើកឡើងថា យើងមិនទាន់ទទួលបានដំណឹងអ្វីជាក់លាក់ពីកម្មវិធីប្រកួតក្នុងពានរង្វាន់ AFC Cup នៅឡើយនោះទេ។ ប៉ុន្តែយើងបានចុះឈ្មោះកីឡាករទៅកាន់ AFC ត្រៀមចូលរួមប្រកួតជាបណ្តើៗហើយ»។ តែយ៉ាងណាក្តីលោកមិនទាន់បង្ហាញពីបញ្ជីឈ្មោះកីឡាកររបស់ខ្លួននៅឡើយនោះទេ ស្របពេលក្រុមដែលឈ្នះលីគកំពូលកម្ពុជា ទទួលបានសិទ្ធិប្រកួតត្រឹមវគ្គជម្រុះជុំផ្តាច់ព្រ័ត្រមុនឡើងទៅវគ្គចែកពូលនៃពាន AFC Cup។
ជុំវិញឈ្នះជើងឯកប្រចាំរដូវកាលគ្រូបង្វឹកវ័យជាង៣០ឆ្នាំរូបនេះបញ្ជាក់ថា «អ្វីៗគឺផ្ដើមចេញពីកីឡាករម្នាក់ៗ ដោយខ្ញុំឃើញឆន្ទៈរបស់ពួកគាត់ម្នាក់ៗ គាត់ប្រឹងប្រែងខ្លាំង។ ដូច្នេះពួកគាត់ជាកត្ដាសំខាន់ រួមផ្សំជាមួយអ្នកពីក្រោយខ្ញុំ ដូចជាគ្រូជំនួយ កីឡាករបម្រុងទាំងអស់ ដែលគោរពវិន័យបានល្អ ធ្វើឲ្យយើងមានឱកាសឈ្នះថ្ងៃនេះ។ បើទាក់ទងខ្លួនខ្ញុំផ្ទាល់ ខ្ញុំគិតថា វាមិនច្រើនទេ ទៅលើក្រុមទាំងមូល ខ្ញុំគិតថា កីឡាករច្រើនជាង ដែលធ្វើឲ្យយើងជោគជ័យ។ ចឹងយើងនឹងរក្សាកីឡាករច្រើន ដើម្បីបន្ដទទួលបានលទ្ធផលល្អនាឆ្នាំក្រោយ ក៏ដូចជាត្រៀមប្រកួតក្នុងពាន AF Cup 2019 ជាដើម»។
បើមើលក្នុងសកម្មភាពប្រកួត២២លើកមកនេះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមណាហ្គាវើល អាចរកបានជ័យជម្នះរបស់ដល់១៨លើក ហើយស្មើគ្នាបាន២លើកនិងធ្លាប់បរាជ័យ២លើក។ មិនតែប៉ុណ្ណោះណាហ្គាវើល ជាក្រុមដែលអាចទាត់បញ្ចូលទីគូប្រកួតបានច្រើនជាងគេគិតពោលគឺបំប៉ោងសំណាញ់គេបាន៦៦គ្រាប់ ហើយរបូតគ្រាប់បាល់វិញតែ១៧គ្រាប់ប៉ុណ្ណោះ។
ងាកទៅមើលប្រវត្តិសាស្ត្រវិញ ក្រុមណាហ្គាវើល ធ្លាប់ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ចំនួន២លើកដែរគឺនៅឆ្នាំ២០០៧និង២០០៩។ គិតត្រឹមដឹកនាំក្រុមណាហ្គាវើល ពីឆ្នាំ២០១៥ មកលោក មាស ចាន់ណា តែងតែបង្ហាញថាក្រុមខ្លួនជាបេក្ខជនមួយដែលមិនអាចរំលងបានក្នុងការប្រជែងយកជើងឯក។ ជាក់ស្តែងគឺឆ្នាំ២០១៥ ទទួលបានជើងឯករងលីគកំពូលកម្ពុជា ក្រោយចាញ់បឹងកេត នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាំងទីកាត់សេចក្តី៣ទល់២ និងជើងឯករងពានរង្វាន់សម្តេចតេជោ ក្រោយចាញ់ព្រះខ័នរាជស្វាយរៀង។ ឆ្នាំ២០១៦ ណាហ្គាវើល ឈរចំណាត់ថ្នាក់លេខ៣ព្រមទាំងមានឱកាសទៅលេងវគ្គជម្រុះបឋមនៃពានរង្វាន់ AFC Cup 2017 ផងដែរ។ ឆ្នាំ២០១៧ ណាហ្គាវើល បានត្រឹមលេខ៣ក្រោយចាញ់ក្រសួងការពារជាតិ នៅវគ្គជម្រុះលីគកំពូលកម្ពុជា ខណៈពានរង្វាន់សម្តេចតេជោ ក្រុមនេះបានត្រឹមជើងឯករងក្រោយចាញ់ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ។
បើក្រឡេកមើលលទ្ធផលកាលពីរដូវកាលចាស់របស់ក្រុមណាហ្គាវើល បានបញ្ចប់ទៅដោយក្នុងរដូវកាលលីគកំពូលកម្ពុជា ឈរចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមសមាជិកទាំង១២ក្រុម ខណៈកីឡាករជនជាតិរ្វ៉ាន់ដា Kipson ឈ្នះស្បែកជើងមាសប្រចាំរដូវកាលក្នុងនាមជាអ្នករកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេ។ ចំណែកក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញ ណាហ្គាវើលបានត្រឹមជើងឯករងក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្ដាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments