Ad Code

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ឯកភាព​ទាំងស្រុង ចំពោះ​ស្មារតី​លិខិត​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ផ្ញើ​ទៅកាន់​ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម EU



ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ផ្លូវការ​មួយ សម្តែង​នូវ​ការអបអរសាទរ និង​ឯកភាព​ទាំងស្រុង​ចំពោះ​ស្មារតី នៃ​លិខិត​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ផ្ញើ​ទៅកាន់​លោកស្រី Celilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម​គណៈកម្មការ​អឺរ៉ុប ដោយ​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​ផលប៉ះពាល់ ដែល​បណ្តាលមកពី​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBAs ចេញពី​ប្រទេស​កម្ពុជា​។

សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ី​ផាន ចុះ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ បាន​លើក​ឡើង​ថា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ឯកភាព​ទាំងស្រុង​ចំពោះ​ស្មារតី​នៃ​លិខិត​របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​បាន​ផ្ញើ​ទៅកាន់​លោកស្រី Celilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម​នៃ​គណៈកម្មការ​អឺរ៉ុប ដោយបាន​សម្ដែង​នូវ​ក្តីកង្វល់​អំពី​ដំណើរការ​ពាក់ព័ន្ធ នឹង​ការព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​សព្វសារពើ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBAs)​។ ដែល​នេះ​ជា​សក្ខីភាព​បញ្ជាក់​ជា​សកល​យ៉ាងច្បាស់​ថា ការដកហូត​កម្មវិធី​អនុគ្រោះ​ពន្ធ​សព្វសារពើ​លើកលែងតែ​គ្រឿង​សព្វាវុធ (EBAs) ជាការ​បង្ក​ឲ្យ​មាន​ផលវិបាក ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​យូរអង្វែងរ​បស់​សហភាព​អឺរ៉ុប​នៅ​កម្ពុជា​។

តាម​លោក ផៃ ស៊ី​ផាន សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ក្នុងនាម​ជា​តំណាង​របស់​ផ្នែក​ឯកជន និង​ជា​ផ្នែក​មួយ​នៃ​សង្គម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​តម្លៃ​ក្នុង​កិច្ចប្រតិបត្តិការ​យ៉ាងខ្ពស់ និង​ជឿជាក់​យ៉ាង​ខ្លាំង​ចំពោះ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ ដែល​អាច​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា កាន់តែ​ទទួល​បាន​ភាពប្រសើរឡើង​ខ្លាំង​ថែមទៀត​។ ជាមួយនឹង​កិច្ចសន្ទនា​យ៉ាង​ខ្ជាប់ខ្ជួន ប្រកបដោយ​ជោគជ័យ និង​បែប​ស្ថាបនា​រវាង​ផ្នែក​ឯកជន និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​កិច្ចខិតខំ ដែល​ភ្ជាប់​ទៅលើ​ការធ្វើឱ្យ​កំណើនសេដ្ឋកិច្ច​ឋិតថេរ​យូរអង្វែង និង​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ តាមបែប​ស្ថាបនា ដែល​អាច​នាំ​ប្រទេស​កម្ពុជា ឆ្ពោះទៅរក​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម​។



អ្នកនាំពាក្យ​បញ្ជាក់ទៀត​ថា ការ​ព្យួរ​ភាពអនុគ្រោះ​ពន្ធ (EBAs) គឺជា​ការ​ប្រថុយប្រថាន​មួយ នាំមក​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​យូរអង្វែង គឺ​ពិតជា​នឹង​គំរាម​ដោយផ្ទាល់ ដល់​សមត្ថភាព​ប្រកួតប្រជែង​ផ្នែក​ធុរកិច្ច របស់​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ដល់​ជំហរ​របស់ សហភាព​អឺរ៉ុប​នៅក្នុង​ការលើកកម្ពស់រ​បៀ​ប​វារៈ ពាណិជ្ជកម្ម និង​ឧ​ត្ត​មា​នុ​វត្ត​ភាព​របស់ខ្លួន ដែល​វា​ធ្វើ​ឲ្យ​មានប្រៀប​ប្រកួតប្រជែង នៃ​ធុរកិច្ច​អឺរ៉ុប​ធ្លាក់ចុះ​។ ការព្យួរ ឬ​ការដាក់ទណ្ឌកម្ម​លើ​កម្ពុជា នៅក្នុង​យថាហេតុ​ណាមួយ គឺ​មិនមែន​ជា​ឧ​ត្ត​ម​គតិ ដូច​កិច្ចសហប្រតិបត្តិការ​នោះទេ​។

លិខិត​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឡើង​បន្ទាប់ពី​សភាពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ​ចំនួន​៥​ស្ថាប័ន​នៅ​ទ្វីបអឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដែល​ក្នុងនោះ​មាន សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​, សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​បារាំង ប្រចាំ​នៅ​កម្ពុជា (CCIFC), ក្រុម​ធុរកិច្ច​អាល្លឺម៉ង​ប្រចាំ​នៅ​កម្ពុជា (ADW), សភាពាណិជ្ជកម្ម​អឺរ៉ុប​ខាងជើង​ប្រចាំ​នៅ​កម្ពុជា (NordCham), សមាគម​ធុរកិច្ច​អ៊ីតាលី​ប្រចាំ​នៅ​កម្ពុជា ដែលជា​តំណាងឱ្យ​ប្រទេស​ធំៗ​ចំនួន​៩​ប្រទេស​នៅ​អឺរ៉ុប បាន​សរសេរ​លិខិត​ពិសេស​មួយច្បាប់ នៅ​ថ្ងៃទី​១៥ ខែតុលា ផ្ញើជូន​លោកស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ប្រឆាំង​ចំពោះ​បំណង​ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) ចេញពី​ប្រទេស​កម្ពុជា​។



លិខិត​រួម​របស់​ស្ថាប័ន​ធុរកិច្ច​អន្តរជាតិ តំណាង​ក្រុមហ៊ុន​ចំនួន​៣៣៥ ដែលមាន​និយោជិត​ជាង​៥​ម៉ឺន​នាក់ បាន​សម្តែង​នូវ​ក្តីកង្វល់​យ៉ាងធ្ងន់ធ្ងរ​អំពី​ដំណើរការ​ឆ្ពោះទៅរក​ការដកហូត ភាព​អនុគ្រោះពន្ធ​ផ្នែក​ពាណិជ្ជកម្ម​នៅ​ក្រោម​របប “​អ្វីៗ​ទាំងអស់​លើកលែងតែ​គ្រឿង​សព្វាវុធ​” (EBAs) ចេញពី​ប្រទេស​កម្ពុជា និង​បារម្ភ​ពី​ផលវិបាក​ដែល​ការ​ដកហូត​នេះ អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​យូរអង្វែងរ​បស់​សហភាព​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា​។ លិខិត​រួម​បញ្ជាក់​ថា យើង​ទទួល​ស្គាល់​ថា ពេលនេះ​មិនទាន់មាន​ការសម្រេច​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ព្យួរ ឬ​ដកហូត​ឋានៈ​អនុគ្រោះ EBA ពី​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ហើយ​យើង​នៅតែ​សង្ឃឹមថា នឹង​មាន​ការចរចា​ប​ន្ត​ទៅទៀត ដើម្បី​ស្វែងរក​ឲ្យ​ឃើញ​នូវ​វិធី​កាន់តែ​ប្រសើរ​សម្រាប់​ឆ្លើយតប​ទៅនឹង​ក្តីកង្វល់​នានា របស់​សហភាព​អឺរ៉ុប​។

សភាពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ​ទាំង​៥​ស្ថាប័ន​បាន​បន្ត​ទៀត​ថា យើងខ្ញុំ​យល់​ឃើញ​ថា ការចាប់ផ្ដើម​ដំណើរការ​ព្យួរ​ភាព​អនុគ្រោះ EBA ឬក៏​ការដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី​មួយ រយៈពេល​ខ្លី​ណាមួយ អាច​នាំមក​នូវ​ផល​ប៉ះពាល់​អវិជ្ជមាន​យូរ​អង្វែង ដែល​វា​មិនមែនជា​ឧបករណ៍​មួយ​មាន​ប្រសិទ្ធភាព​សម្រាប់​កែលម្អ​ដំណើរការ​ប្រជាធិបតេយ្យ​ឲ្យ​ប្រសើរឡើង ដូច​កិច្ចសហប្រតិបត្តិការ​ទេ​។

នៅក្នុង​ករណី​ប្រទេស​កម្ពុជា ការ​ព្យួរ​ភាព​អនុគ្រោះ EBA នឹង​ដើរ​ផ្ទុយ​ពី​របៀបវារៈ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​ការ​ប្ដេជ្ញាចិត្ត​របស់ខ្លួន ចំពោះ​ការបញ្ចូល ប្រទេស​កំពុង​អភិវឌ្ឍន៍​ទៅក្នុង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ពិភពលោក និង​ផ្ទុយ​ពី​គោលការណ៍​អឺរ៉ុប​ក្នុងការ​ប្រើប្រាស់​ពាណិជ្ជកម្ម​ជា​វ៉ិ​ច​ទ័​រ​សំខាន់ សម្រាប់​សាយ​ភាព គុណ​តម្លៃ​ប្រជាធិបតេយ្យ​។ នេះ​ជា​ទស្សនៈ​មួយ​ដែល​អ្នកតំណាង​អន្ដរជាតិ​ជាច្រើន​នាក់ ដែល​ធ្លាប់​មាន​បទពិសោធន៍​ផ្ទាល់​ច្រើន​ឆ្នាំ ជាមួយ​ប្រទេស​កម្ពុជា​យល់ឃើញ​ដូចគ្នា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu