កំពង់ស្ពឺ ៖ ក្មេងទំនើងបើកម៉ូតូបុកបារាសនគរបាលការពារសន្តិសុខបុណ្យអុំទូកអួតក្អេងក្អាងថា «ខ្លួនជាអ្នកស្រុកក្រាំងចេក នៅឧដុង្គ ស្គាល់អត់.! កុំចង់ខ្លាំង អា នគរបាលកំប៉ិកកំប៉ុក យើងចង់ជិះម៉ូតូចូលទៅវេទិកាអុំទូកម៉េចមិនបាន ហេតុអីឃាត់ម៉ូតូដាក់បារាសហ្នឹងមានសុំថ្នាក់លើនៅ»។
នគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅរសៀលថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១៦និង៤០នាទី ចំណុចគោលដៅការពារ មុខសាលាខេត្តកំពង់ស្ពឺ យុវជនទំពាំងស្នងឫស្សីសសរទ្រូងរបស់ប្រទេសជាតិ បានបើកម៉ូតូបុកបារាសនគរបាលការពារសន្តិសុខបុណ្យទូក និងបានស្រែកឡូឡាដោយប្រើពាក្យសម្ដីមិនសមរម្យយ៉ាងច្រើន។
នគរបាលបន្តទៀតថា យុវជនម្នាក់ជាទំពាំងស្នងឫស្សីសសរទ្រូងប្រទេសជាតិ ស្រវឹងស្រាបើកម៉ូតូសម្រុកបុករនាំងការពាររបស់នគរបាលចូលក្នុងកន្លែងប្រារព្ធពិធីប្រណាំងទូកអុំនៅទីរួមខេត្ដកំពង់ស្ពឺ និងសម្លុត គំរាមកំហែង ជេរប្រមាថនគរបាលថ្នាក់ឧត្ដមសេនីយ៍ជាស្នងការរង និងមន្ត្រីនគរបាលដែលកំពុងតែឈរការពារយ៉ាងចាស់ដៃតែម្ដង។
យុវជនដែលស្រវឹងស្រាជេរប្រមាថនគរបាលដែលយាមកាមសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យអុំទូកនោះមានឈ្មោះ វ៉ាត ណាវិន ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបើកម៉ូតូមួយគ្រឿង ម៉ាក Honda Dream NCX C125 ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1K-9539 គ្មានកញ្ចក់មើលក្រោយ និងគ្មានមួកសុវត្ថិភាព។
នគរបាលនិយាយថា យុវជនទំនើងខាងលើ បានបើកបំបុករនាំងការពារក្នុងពិធីប្រណាំងទូកអុំ ផ្កាចារនៅដងស្ទឹងព្រែកត្នោត និងបានស្រែកឡូឡា ជេរប្រមាថដល់មន្ដ្រីនគរបាលដែលកំពុងតែបំពេញភារកិច្ចការពារ សន្តិសុខ សណ្ដាប់ធ្នាប់ នៅគោលដៅខាងលើ ដោយបានប្រើសម្ដីអួតក្អេងក្អាងថា «ខ្លួនជាអ្នកស្រុកក្រាំងចេក នៅឧដុង្គ ស្គាល់អត់.! កុំចង់ខ្លាំង អា នគរបាលកំប៉ិកកំប៉ុក យើងចង់ជិះម៉ូតូចូលទៅវេទិកាអុំទូកមិចមិនបាន ហេតុអីឃាត់ម៉ូតូដាក់បារាសហ្នឹងមានសុំថ្នាក់លើនៅ»។
សូមបញ្ជាក់ថា នៅខេត្តកំពង់ស្ពឺ លោកអភិបាលខេត្តមានការរៀបចំពិធីប្រណាំងទូកអុំ អបអរសាទរក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ជាបុណ្យប្រពៃណីជាតិខ្មែរមានរយៈពេល០២ថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ដោយមានប្រជាពលរដ្ឋចូលរួមទស្សនាកម្សាន្តលេងរាប់ម៉ឺននាក់។
ក្រោយឃាត់ខ្លួនយុវជនទំនើង ត្រូវបានមន្ត្រីជំនាញចរាចរណ៍ខេត្តបានពិនិត្យឃើញថា យុវជនរូបនេះមានជាតិអាល់កុល០.៦០មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ដែលលើសពីកម្រិត នៃច្បាប់កំណត់ ដែលត្រូវធ្វើការពិន័យជាប្រាក់ប្រមាណម្ភៃម៉ឺនរៀលគត់ និងដកហូតមធ្យោបាយយានជំនិះទុកមួយរយៈពេលមិនគិតអំពីអំពើល្មើស (បទល្មើសព្រហ្មទណ្ឌ) ករណីពាក់ព័ន្ធបទល្មើសផ្សេងទៀត គឺត្រូវតែចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន យុវជនខាងលើ ជំនាញបានឃាត់ខ្លួនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕
Source: Kampuchea Thmey Daily
0 Comments