ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសជនជាប់ចោទពីរនាក់ដាក់ពន្ធនាគារពី០៧ឆ្នាំ រហូតដល់១៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទ ឈ្មោះ គឹម សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ០៧ឆ្នាំ ០៦ខែ។
ឈ្មោះ ជា ជ័យសំណាង (ហៅតឿ) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដាក់ពន្ធនាគារ១៣ឆ្នាំ ពីបទឃាតកម្ម។
ជនជាប់ចោទទាំងពីរនាក់ខាងលើត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបានកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង២១និង០០នាទី នៅចំណុចមុខវត្តនិរោធ ផ្លូវជាតិលេខ១ ភូមិឫស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់យុវជនម្នាក់ និងរងរបួសម្នាក់ ព្រមទាំងពាក់ព័ន្ធការបាញ់គំរាមនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ កាលពីអំឡុងខែកក្កដា និងខែសីហា ឆ្នាំ២០១៧។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទទាំង២នាក់ខាងលើ បានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម (ប្រើអាវុធខ្លីម៉ាកប៉េ អាកុលបាញ់គំរាមសម្លាប់) ទៅលើជនរងគ្រោះ ឈ្មោះ ឯក ជីវន្ត អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង២១និង០០នាទី នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
សកម្មភាពទី២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១២និង៣០នាទី បានប្រព្រឹត្តអំពើឃាតកម្ម ប្រើអាវុធប៉េអាកុលបាញ់ទៅលើជនរងគ្រោះ ឈ្មោះ វ៉ាន់ បញ្ញា អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុចផ្ទះគ្មានលេខ ផ្លូវជាតិលេខ០១ ភូមិព្រែកធំ០២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
សមត្ថកិច្ច បានបញ្ជាក់ទៀតថា លុះដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង២២និង០០នាទី ជនជាប់ចោទទាំង០២នាក់ ខាងលើបានប្រើអាវុធខ្លីម៉ាក K៥៩ បាញ់ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខវត្តវិចិត្តារាម ផ្លូវបេតុង ភូមិយកបាត្រ០១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ, លុះដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១២និង០០នាទី ជនជាប់ចោទម្នាក់ឈ្មោះ គឹម សៀងហៃ បានប្រើអាវុធខ្លីម៉ាក K៥៩ បាញ់ទៅលើសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ក្រោយកើតមានអំពើបាញ់ប្រហារនោះ សមត្ថកិច្ចបានចាប់ខ្លួនជនដៃដល់បញ្ជូនមកតុលាការឃុំខ្លួនរហូតដល់ថ្ងៃកាត់ទោសនេះ៕
Source: Kampuchea Thmey Daily
0 Comments