លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានប្រាប់រាជទាយាទ Mohammed bin Salman របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងទទួលខុសត្រូវចំពោះអ្នកទាំងឡាយណាដែលជាប់ពាក់ព័ន្ធក្នុងការសម្លាប់អ្នកកាសែតអារ៉ាប៊ីសាអ៊ូឌីតដែលជាអ្នកប្រឆាំង។ លោកបាននិយាយបែបនេះក្នុងការហៅទូរស័ព្ទមួយដែលក៏លើកឡើងពីបញ្ហាជម្លោះនៅក្នុងប្រទេសយេមែនផងដែរ។
ការសម្លាប់លោក Jamal Khashoggi នៅក្នុងស្ថានកុងស៊ុលប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុលនិងសង្គ្រាមនៅប្រទេសយេមែនគឺជាប្រភពចម្បងទាំងពីរនៃភាពតានតឹងក្នុងសម្ព័ន្ធមិត្តអាយុកាលរាប់ទសវត្សរ៍រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងរីយ៉ាដ។
ព្រះអង្គម្ចាស់ Mohammed ត្រូវបានគេផ្សារភ្ជាប់ទៅនឹងបញ្ហាទាំងពីរនេះ។ ព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យអន្តរាគមន៍របស់អារ៉ាប៊ីសាអ៊ូឌីតនៅប្រទេសយេមែនហើយក៏ត្រូវបានគេចោទប្រកាន់ផងដែរថាបានរៀបចំការធ្វើឃាតកម្មនៅថ្ងៃទី២ខែតុលាលើលោក Khashoggi ដែលជាអ្នករស់នៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោកស្រី Heather Nauert បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋមន្ត្រីការបរទេសអាមេរិកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងឃុំខ្លួនអ្នកដែលជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក Jamal Khashoggi ហើយអារ៉ាប៊ីសាអ៊ូឌីតក៏ត្រូវធ្វើដូចគ្នានេះដែរ”។
អ្នកការទូតអាមេរិកកំពូលរូបនេះធ្លាប់បាននិយាយថា ការសម្លាប់លោក Khashoggi គឺជាការរំលោភលើច្បាប់អន្តរជាតិហើយថា សហរដ្ឋអាមេរិកកំពុងពិនិត្យមើលទណ្ឌកម្មដែលអាចដាក់លើបុគ្គលរូបណាដែលត្រូវបានកំណត់ថាមានជាប់ពាក់ព័ន្ធ។
ប៉ុន្តែលោក Pompeo និងប្រធានាធិបតីអាមេរិកលោក Donald Trump បានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងពាណិជ្ជកម្ម យុទ្ធសាស្ត្រនិងសន្តិសុខដ៏សំខាន់របស់អាមេរិកជាមួយរដ្ឋប្រេងកាតមួយនេះ។
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសទួរគីបានចែករំលែកខ្សែអាត់សំឡេងទាក់ទងនឹងការធ្វើឃាតលោក Khashoggi ជាមួយទីក្រុងរីយ៉ាដ វ៉ាស៊ីនតោននិងរដ្ឋធានីដទៃទៀតដោយមិនផ្តល់ព័ត៌មានលម្អិតអំពីខ្លឹមសារជាក់លាក់របស់ពួកគេឡើយ៕ AFP
Source: Kampuchea Thmey Daily
0 Comments