ក្រុមបាល់ទាត់ណាហ្គាវើល បានគ្រងតំណែងជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៨ (Metfone Cambodian League 2018) កន្លងទៅបានបន្ថែមសមាជិកថ្មី៥នាក់ នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះស្របពេលបាត់បង់សមាជិកសំខាន់ចំនួន២នាក់ កាលពីពេលថ្មីៗមុនយុទ្ធនាការរដូវកាលថ្មីឆ្នាំ២០១៨ មកដល់។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបណាហ្គាវើល បានបញ្ជាក់ថា «ក្លិបបានចុះកិច្ចសន្យាជាមួយកីឡាករវ័យក្មេងថ្មី ៥ រូបនៅពេលនេះ។ សូមស្វាគមន៍កីឡាករ មួង មករា,ហេង ទីណា,កែវ ឧត្តម,រ័ត្ន ប៊ុននូ និង សេត ម៉ាន់ស៊ូត»។ ជុំវិញបញ្ហានេះលោក មាស ចាន់ណា គ្រូបង្វឹករបស់ណាហ្គាវើល ធ្លាប់បានលើកឡើងថា «យើងបាត់កម្លាំងសំខាន់ទាំងពីរដែលមានបទពិសោធន៍ តែយើងមានកីឡាករចាស់ៗរបស់យើងនៅក្នុងក្រុម បូកផ្សំនឹងកម្លាំងយុវជន ...ពួកគេមកគឺពង្រឹងដើម្បីការប្រកួតប្រជែងតែម្ដង ក្នុងពានសម្ដេច និង ពានលីគខាងមុខ។ យើងនឹងបង្វឹកយុវជនរបស់យើងដែលមានស្រាប់៧នាក់កាលឆ្នាំមុន បូកនឹងកម្លាំងថ្មី៥រូបទៀត។ ព្រោះឥឡូវយើងមិនទាន់បាននាំកីឡាករមានបទពិសោធន៍ណាម្នាក់ឡើយ»។
បើមើលក្នុងសកម្មភាពប្រកួត២២លើកមកនេះ ក្នុងពានរង្វាន់លីគកំពូលកម្ពុជា ក្រុមណាហ្គាវើល អាចរកបានជ័យជម្នះរបស់ដល់១៨លើក ហើយស្មើគ្នាបាន២លើកនិងធ្លាប់បរាជ័យ២លើក។ មិនតែប៉ុណ្ណោះណាហ្គាវើល ជាក្រុមដែលអាចទាត់បញ្ចូលទីគូប្រកួតបានច្រើនជាងគេ ពោលគឺបំប៉ោងសំណាញ់គេបាន៦៦គ្រាប់ ហើយរបូតគ្រាប់បាល់វិញតែ១៧គ្រាប់ប៉ុណ្ណោះ។
ងាកទៅមើលប្រវត្តិសាស្ត្រវិញក្រុមណាហ្គាវើល ធ្លាប់ឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ចំនួន២លើកដែរ គឺនៅឆ្នាំ២០០៧និង២០០៩។ គិតត្រឹមដឹកនាំក្រុមណាហ្គាវើល ពីឆ្នាំ២០១៥ មកលោក មាស ចាន់ណា តែងតែបង្ហាញថា ក្រុមខ្លួនជាបេក្ខជនមួយដែលមិនអាចរំលងបានក្នុងការប្រជែងយកជើងឯក។ ជាក់ស្តែងគឺឆ្នាំ២០១៥ ទទួលបានជើងឯករងលីគកំពូលកម្ពុជា ក្រោយចាញ់បឹងកេត នៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ប៉េណាំងទីកាត់សេចក្តី៣ទល់២ និងជើងឯករងពានរង្វាន់សម្តេចតេជោ ក្រោយចាញ់ព្រះខ័នរាជស្វាយរៀង។ ឆ្នាំ២០១៦ ណាហ្គាវើល ឈរចំណាត់ថ្នាក់លេខ៣ព្រមទាំងមានឱកាសទៅលេងវគ្គជម្រុះបឋមនៃពានរង្វាន់ AFC Cup 2017 ផងដែរ។ ឆ្នាំ២០១៧ ណាហ្គាវើល បានត្រឹមលេខ៣ក្រោយចាញ់ក្រសួងការពារជាតិ នៅវគ្គជម្រុះលីគកំពូលកម្ពុជា ខណៈពានរង្វាន់សម្តេចតេជោ ក្រុមនេះបានត្រឹមជើងឯករងក្រោយចាញ់ព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រ៕
Source: Kampuchea Thmey Daily
0 Comments