​រតនគិរី ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​នគរបាល​ប៉ុស្តិ៍​ឃុំ​តឺ​ន ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់​រំលោភ​សេព​សន្ថវៈ​ លើ​ស្ត្រី​ម្នាក់​បានសម្រេច។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ​ថ្ងៃ​ច័ន្ទ ១២​រោច ខែ​អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្នុង​ចម្ការ​សណ្ដែក​សៀង​ប្រហែល​៥​គីឡូ​ពី​ផ្ទះ ស្ថិតនៅ​ភូមិ​ម៉ឺន​ថាំង​១ ឃុំ​តឺ​ន ស្រុក​កូន​មុំ។​

អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ស្រុក​កូន​មុំ​ លោក ​ជា សារិទ្ធ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ត​.​ញ​.​យ អាយុ​២៦​ឆ្នាំ ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ។ រីឯ​ជនសង្ស័យ​ឈ្មោះ ឈៀវ យ៉ាវ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​គ្រឹ​ង។​

លោក​អធិការរង​បាន​បន្តថា មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ចាប់រំលោភ​ស្ត្រី​រូបនោះ​នៅ​វេលា​ម៉ោង​៩​ព្រឹក ​ថ្ងៃទី​០៥​វិច្ឆិកា បន្ទាប់មក​បាន​ចាប់​រំលោភ​ម្តងទៀត​នៅ​ម៉ោង​០៣​រសៀល​នៅ​ថ្ងៃខែ​ដដែល។​

​លោក​ថា ស្ត្រី​រងគ្រោះ​បានមក​ប្តឹង​មេភូមិ​ថា មាន​គេ​ចាប់រំលោភ​សេពសន្ថវៈ​បា​ន​សម្រេច​ចំនួន​២​ដង​មកហើយ ភ្លាមៗ​នោះដែរ​ លោក​មេភូមិ​ក៏បាន​រាយការណ៍​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​តឺ​ន​ចុះ​ឃាត់​ខ្លួន​ជនសង្ស័យ​ ហើយ​បញ្ជូន​ទៅ​អធិការ​នគរបាល​ស្រុក​កូន​មុំ​មក​សាកសួរ​បំភ្លឺ​ និង​ឃុំខ្លួន​បណ្ដោះ​អាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕

 

Source: Kampuchea Thmey Daily