ការព្រួយបារម្ភរបស់អូស្ត្រាលីចំពោះជំរំឃុំឃាំងនៅចុងភាគខាងលិចប្រទេសចិន ដែលជាកន្លែងមនុស្សរហូតដល់ទៅមួយលាននាក់ត្រូវបានឃុំខ្លួនដោយគ្មានការចោទប្រកាន់គឺនឹងត្រូវបានលើកឡើងក្នុងសប្ដាហ៍នេះនៅពេលដែលរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីធ្វើទស្សនកិច្ចទីក្រុងប៉េកាំង។
លោកស្រី Marise Payne បាននិយាយថាលោកស្រីនឹងបង្ហាញ “ការព្រួយបារម្ភធ្ងន់ធ្ងរ” លើបរិវេណធំៗនៅតំបន់ស៊ីនជាំងជាទីដែលជនជាតិអ៊ុយហ្គ័ររាប់រយពាន់នាក់និងជនជាតិភាគតិចមូស្លីមដទៃទៀតត្រូវបានឃុំឃាំងនៅក្នុងអ្វីដែលក្រុមសកម្មជនរៀបរាប់ថាជាជំរំអប់រំនយោបាយ។
ដំណើរទស្សនកិច្ចនេះគឺជាលើកទីមួយដែលធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីមួយរូបក្នុងរយៈពេលជិត៣ឆ្នាំមកនេះខណៈដែលរដ្ឋាភិបាលក្រុងកង់បេរ៉ានិងក្រុងប៉េកាំងបានព្យាយាមផ្លាស់ប្តូរអតីតកាលនៃទំនាក់ទំនងការទូតដ៏ទន់ខ្សោយ។
លោកស្រី Payne បានប្រាប់ទូរទស្សន៍ ABC ថា “ជាក់ស្តែង យើងមានទំនាក់ទំនងដ៏សំខាន់ហើយវាធ្វើការក្នុងផលប្រយោជន៍របស់ភាគីទាំងពីរ។ យើងប្តេជ្ញាកសាងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់យើង”។
ខណៈដែលប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្ត្រាលីនោះ ទំនាក់ទំនងរវាងរដ្ឋាភិបាលទាំងពីរបានជួបភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែការចោទប្រកាន់ថា ក្រុងប៉េកាំងកំពុងជ្រៀតជ្រែកក្នុងនយោបាយក្នុងស្រុកនិងការប្រើប្រាស់ជំនួយដើម្បីទទួលបានព័ត៌មានផ្សេងៗ។
ក៏ប៉ុន្តែចំពេលមានជម្លោះពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងចិននោះ ដំណើរទស្សនកិច្ចរបស់លោកស្រី Payne ត្រូវបានគេមើលឃើញថាជាឱកាសមួយសម្រាប់ទីក្រុងកង់បេរ៉ាដើម្បីលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួន។
លោកស្រី Payne បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងហើយនឹងលើកបញ្ហានេះជាមួយសមភាគីរបស់លោកស្រីគឺលោក Wang Yi ខណៈលោកស្រីស្ថិតក្នុងទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រ។
លោកស្រីបានប្រាប់ទូរទស្សន៍ ABC ថា “នឹងមានសេចក្តីថ្លែងការណ៍ធ្វើឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅសប្ដាហ៍នេះហើយខ្ញុំនឹងបន្តធ្វើការពិភាក្សាតាមរបៀបសមស្របមួយ”៕ AFP
Source: Kampuchea Thmey Daily
0 Comments