ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានខ្លួនជនសង្ស័យចំនួន០១នាក់ ក្នុងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៧និង០០នាទី នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចផ្លូវ១៥១ ភូមិធំខាងជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យក្នុងករណីនេះ ឈ្មោះ ធី រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្ភារៈចាប់យក ១.គ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់ធំល្មម។ ២.ម៉ូតូម៉ាកហុងដា C125 ផលិតឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ ១GS ៦៨៣២ ចំនួន០១គ្រឿង ៣.ទូរស័ព្ទដៃម៉ាក អ៊ិនចុចពិល ចំនួន០១គ្រឿង។
ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ បានធ្វើការល្បាតនៅចំណុចខាងលើ ពេលនោះក៏ប្រទះឃើញជនសង្ស័យខាងលើ ជិះម៉ូតូមួយគ្រឿង ដោយមានការសង្ស័យកម្លាំងយើងក៏បានឃាត់ឲ្យឈប់ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ភ្លាមៗនោះក៏បានរកឃើញគ្រឿងញៀនប្រភេទក្រោមសថ្លា ចំនួន០១ថង់ធំល្មម រួចមកកម្លាំងក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងយកមកសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោម នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពញាពន់តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments