ទីភ្នាក់ងារអនុវត្តច្បាប់និងភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិកបាននិយាយមុនថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិដ៏សំខាន់របស់អាមេរិកថា ពួកគេមិនមានការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីរំខានដល់ហេដ្ឋារចនាសម្ព័ន្ធនៃការបោះឆ្នោតទេ ប៉ុន្តែថា ជនជាតិអាមេរិកគួរតែប្រុងប្រយ័ត្នចំពោះការប៉ុនប៉ងរបស់រុស្ស៊ីក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។
សេចក្តីប្រកាសនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការស្រាវជ្រាវថ្មីមួយបានរកឃើញថា ព័ត៌មានមិនពិតលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានរីករាលដាលក្នុងអត្រាខ្ពស់ជាងអំឡុងពេលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ដែលប្រទេសរុស្ស៊ីត្រូវរងការចោទប្រកាន់ថាបានប្រើយុទ្ធនាការឃោសនាដ៏ធំមួយដើម្បីគាំទ្រដល់លោក Donald Trump។
សេចក្តីថ្លែងការណ៍រួមមួយរបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខដែនដីលោកស្រី Kirstjen Nielsen, អគ្គមេធាវីលោក Jeff Sessions, នាយកផ្នែកស៊ើបការណ៍ជាតិលោក Dan Coats និងនាយកភ្នាក់ងារ FBI លោក Christopher Wray បាននិយាយថា “នៅពេលនេះ យើងមិនមានការចង្អុលបង្ហាញអំពីការធ្វើឲ្យខូចដល់ហេដ្ឋារចនាសម្ព័ន្ធនៃការបោះឆ្នោតជាតិរបស់យើងដែលនឹងរារាំងការបោះឆ្នោត ផ្លាស់ប្តូរការរាប់សន្លឹកឆ្នោតឬរំខានដល់លទ្ធភាពនៃការបោះឆ្នោតទេ”។
សេចក្តីថ្លែងការណ៍ដដែលបានបន្តថា “ប៉ុន្តែប្រជាជនអាមេរិកគួរតែយល់ដឹងថា តួអង្គបរទេសជាពិសេសរុស្ស៊ីកំពុងព្យាយាមបន្តដាក់ឥទ្ធិពលលើមនោសញ្ចេតនាសាធារណៈនិងការយល់ដឹងរបស់អ្នកបោះឆ្នោតតាមរយៈសកម្មភាពដែលមានបំណងសាបព្រោះភាពមិនចុះសម្រុង”។
“ពួកគេអាចធ្វើដូច្នេះបានដោយផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីដំណើរការនយោបាយនិងបេក្ខជនដោយនិយាយកុហកអំពីសកម្មភាពជ្រៀតជ្រែករបស់ពួកគេ ផ្សព្វផ្សាយព័ត៌មានឃោសនាលើប្រព័ន្ធផ្សព្វផ្សាយសង្គមនិងតាមរយៈយុទ្ធសាស្ត្រផ្សេងទៀត”។
“សាធារណៈជនអាមេរិកអាចកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងទាំងនេះដោយរក្សាព័ត៌មានហើយរាយការណ៍សកម្មភាពគួរឲ្យសង្ស័យនិងការយកចិត្តទុកដាក់ដល់អ្នកប្រើប្រាស់ព័ត៌មាន”។
ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានអ៊ីនធឺណិត Oxford បាននិយាយក្នុងការសិក្សាមួយដែលបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍មុនថា បើទោះបីជាមានការបង្ក្រាបយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមក៏ដោយ ព័ត៌មានមិនពិតឬគេហៅថា “junk news” កំពុងរីករាលដាលក្នុងអត្រាខ្ពស់ជាងកាលពីឆ្នាំ២០១៦លើប្រព័ន្ធផ្សព្វផ្សាយសង្គមមុនការបោះឆ្នោតពាក់កណ្តាលអាមេរិក៕ AFP
Source: Kampuchea Thmey Daily
0 Comments