សហរដ្ឋអាមេរិកបានប្តេជ្ញាកាលពីថ្ងៃចន្ទថា នឹងមិនបង្អង់ដៃទេក្នុងការប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នៅពេលដែលការដាក់ទណ្ឌកម្មបានចូលជាធរមាន ប៉ុន្តែសាធារណរដ្ឋឥស្លាមមួយនេះបានសន្យាយ៉ាងមុតមាំថា នឹងក្រោកឈរឡើងប្រឆាំងនឹងការគំរាមកំហែងរបស់ទីក្រុងវ៉ាស៊ីនតោន។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានចេញការលើកលែងចំនួនប្រាំបីពីតម្រូវការរបស់ខ្លួនលើប្រទេសទាំងអស់ឲ្យបញ្ឈប់ការទិញប្រេងរបស់អ៊ីរ៉ង់ចំពេលមានការប្រឆាំងជំទាស់ជាសកលចំពោះទណ្ឌកម្មឯកតោភាគីរបស់អាមេរិក។
រយៈពេលប្រាំមួយខែក្រោយពីលោក Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀងអន្ដរជាតិស្ដីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេរ៉ង់, រដ្ឋមន្ត្រីក្រសួងការបរទេសលោក Mike Pompeo បាននិយាយថា គោលដៅរបស់អាមេរិកចុងក្រោយគឺឲ្យអ៊ីរ៉ង់ “ផ្លាស់ប្តូរ១៨០ដឺក្រេ” ហើយបោះបង់ “កម្មវិធីបដិវត្តន៍បច្ចុប្បន្ន” របស់ខ្លួន។
លោកបានអះអាងជាថ្មីម្តងទៀតនូវការទាមទាររបស់លោកឲ្យប្រទេសអ៊ីរ៉ង់បញ្ចប់គោលនយោបាយដែលបានចាក់ឫសក្នុងបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩រួមទាំងការគាំទ្រក្នុងតំបន់ដូចជាដល់ក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់និងការអភិវឌ្ឍន៍មីស៊ីលរបស់ខ្លួនផងដែរ។
លោក Pompeo បានថ្លែងថា “យើងសង្ឃឹមថា កិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់គឺអាចធ្វើទៅបានប៉ុន្តែរហូតដល់អ៊ីរ៉ង់ធ្វើការផ្លាស់ប្តូរតាមវិធីចំនួន១២ដែលខ្ញុំបានចុះបញ្ជីកាលពីខែឧសភា យើងនឹងមិនបង្អង់ដៃក្នុងការដាក់សម្ពាធលើរបបនេះទេ”។
លោកបានបន្តទៀតថា ការដាក់ទណ្ឌកម្មនេះគឺដើម្បីបំបាត់មូលនិធិរបស់របបអ៊ីរ៉ង់ដែលខ្លួនប្រើប្រាស់ដើម្បីផ្តល់ដល់សកម្មភាពអំពើហិង្សានៅទូទាំងមជ្ឈឹមបូព៌ានិងនៅជុំវិញពិភពលោក។
យ៉ាងណាក្តី ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បាននិយាយក្នុងសុន្ទរកថាតាមទូរទស្សន៍នៅពេលការដាក់ទណ្ឌកម្មបានចូលជាធរមានថា “ខ្ញុំសូមប្រកាសថា យើងនឹងចៀសវាងដោយមោទនភាពចំពោះទណ្ឌកម្មអយុត្តិធម៌និងខុសច្បាប់របស់អ្នកពីព្រោះវាប្រឆាំងនឹងបទបញ្ជាអន្តរជាតិ”៕ AFP
Source: Kampuchea Thmey Daily
0 Comments