សៀមរាប ៖ នៅក្នុងឱកាសជួបពិភាក្សាការងារ និងទទួលទានអាហារជាមួយឯកឧត្ដម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្ដម ចាង ឈុនស៊ាន(Zhang Chunxian) អនុប្រធានសភាប្រជាជនចិនទូទាំងប្រទេសបានមានប្រសាសន៍ថា នៅក្នុងដំណើរបំពេញទស្សនកិច្ចនៅខេត្តសៀមរាបនេះ ឯកឧត្ដមបានទៅទស្សនាប្រាសាទអង្គរវត្ត និងទិដ្ឋភាព នៃខេត្តសៀមរាប ឃើញថា នៅខេត្តសៀមរាបនេះ ពិតជាមានសក្ដានុពលទេសចរណ៍ច្រើនដែលធ្វើអ្នកទេសចរចង់មកកម្សាន្តមែន ជាពិសេសប្រាសាទបុរាណដ៏អស្ចារ្យ និងរមណីយដ្ឋានធម្មជាតិជាច្រើន។
លោកបានបញ្ជាក់ថា នៅពេលដែលឯកឧត្ដមត្រឡប់ទៅដល់ប្រទេសចិនវិញ ឯកឧត្ដមនឹងជួយផ្សព្វផ្សាយទៅកាន់ប្រជាជនពីសក្ដានុពលទេសចរណ៍ទាំងនេះ និងជំរុញឲ្យពួកគេមកកម្សាន្ត និងធ្វើការវិនិយោគនៅខេត្តសៀមរាបនេះបានកាន់តែច្រើន។
ឯកឧត្ដមបានចាក់ទុកកម្ពុជាជាប្រទេសមួយដែលមានទំនាក់ទំនងការទូតរឹងមាំជាមួយនឹងប្រទេសចិន ហើយក៏នឹងពង្រឹងកិច្ចសហ-ប្រតិបត្តិការមិត្តភាព រវាងប្រទេសទាំងពីរកម្ពុជា-ចិនឲ្យកាន់តែប្រសើរថែមទៀតផងដែរ។
លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថា ចិនជាប្រទេសមួយដែលបានជួយដល់ខេត្តសៀមរាបច្រើន ទាំងផ្នែកការអភិវឌ្ឍនៅក្រុងសៀមរាប និងការជួយជួសជុលប្រាសាទបុរាណដូចជា ប្រាសាទចៅសាយទេវតា ប្រាសាទតាកែវ ជាដើម។ ដោយមើលឃើញពីចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតរវាងសភារដ្ឋាភិបាលប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា-ចិន នេះបានធ្វើឲ្យកំណើនភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាបមានការកើនឡើងជាបន្តបន្ទាប់។ ដូចជានៅរយៈពេល០៩ខែឆ្នាំ២០១៨នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាខេត្តសៀមរាបមានចំនួន៤.៤៥០.៧៣៨នាក់ (បួនលានសែសិបប្រាំម៉ឺនប្រាំពីររយសាមសិបប្រាំបី) មានការកើនឡើង៨,៤៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧។
ក្នុងនោះភ្ញៀវទេសចរចិនមានចំនួន៨៣១,៨០១នាក់ (ប៉ែតសិបបីម៉ឺនមួយពាន់ប្រាំបីរយមួយ)កើនឡើង៥០,៦២% ស្ថិតនៅចំណាត់ថ្នាក់លេខ១ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិសរុប។
លោកបានបញ្ជាក់ថា ស្របពេលជាមួយនឹងកំណើនភ្ញៀវទេសចរនេះដែរ អាជ្ញាធរខេត្ត បាននិងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាទេសចរណ៍ក្នុងខេត្តឲ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ការផ្គត់ផ្គង់អគ្គិសនី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើងបំភ្លឺសាធារណៈការកែលំអសោភ័ណភាពក្រុងឲ្យសក្ដិសមជា«ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ» និង» កម្ពុជាព្រះរាជាណាចក្រ-អច្ឆរិយៈ» ពិសេសលើកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ សំដៅចូលរួមចំណែកកសាងសេដ្ឋកិច្ចសង្គម ការបង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
Source: Kampuchea Thmey Daily
0 Comments