Ad Code

អាមេរិក​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ដើម្បី​សម្រេច​អំពី​ការគ្រប់គ្រង​ដ៏​ចលាចល​របស់លោក Trump



​នៅ​ថ្ងៃ​អង្គារ អ្នកបោះឆ្នោត​អាមេរិក​បានសម្រេច​ថា​តើ​លោក​ប្រធានាធិបតី Donald Trump នឹង​រក្សា​សំឡេង​ភាគច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ​របស់គាត់​នៅក្នុង​សភា​ឬ​ត្រូវ​ប្រឈម​នឹង​គណបក្ស​ប្រជាធិបតេយ្យ ​បន្ទាប់ពី​យុទ្ធនាការ​ដ៏​ជូរចត់​សម្រាប់​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​។​

អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​មកហើយ រដ្ឋបាល​របស់លោក Trump បានទទួល​សេរីភាព​ពីស​ភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ប៉ុន្តែ​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​នេះ​អាចធ្វើ​ឲ្យ​គេ​មើលឃើញ​ពី​កម្លាំង​របស់គាត់​។​

សភាតំណាងរាស្ត្រ​ចំនួន​៤៣៥​អាសនៈ​និង​មួយ​ភាគបី​នៃ​ព្រឹទ្ធសភា​ដែលមាន​១០០​អាសនៈ​នឹងត្រូវបាន​បោះឆ្នោត​ជ្រើសរើស​។​

យោងតាម​អ្នក​ស្ទង់​មតិ​ស្ទើរតែ​ទាំងអស់​បានបង្ហាញ​ថា គណបក្ស​ប្រជាធិបតេយ្យ​មានឱកាស​ដ៏​ល្អ​ក្នុងការ​ឈ្នះ​នៅ​រដ្ឋសភា​ខណៈ​គណបក្ស​សាធារណរដ្ឋ​ទំនងជា​រក្សា​ព្រឹទ្ធសភា​។​
​ប៉ុន្តែ​ខណៈដែល​ចំនួន​អ្នកចូលរួម​បោះឆ្នោត​គឺ​មិនមាន​ភាពច្បាស់លាស់​ហើយ​អ្នក​ស្ទង់​មតិ​នៅតែ​មិន​ច្បាស់លាស់​អំពី​ផលប៉ះពាល់​នៃ​រចនាប័ទ្ម​ចំពោះ​អ្នកបោះឆ្នោត​នោះ គណបក្ស​ទាំងពីរ​បានទទួល​ស្គាល់​ថា ពួកគេ​អាច​នឹងមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

ថ្វីបើ​មិនមាន​ឈ្មោះ​នៅលើ​សន្លឹកឆ្នោត​ក៏ដោយ លោក Trump បាន​ផ្តោតលើ​ការប្រកួតប្រជែង​ទាំងមូល​ដោយបាន​ជិះ​យន្តហោះ​នៅ​ទូទាំងប្រទេស​ដើម្បី​រៀបចំ​ការប្រមូលផ្តុំ​ឃោសនា​រួមទាំង​នៅក្នុង​រដ្ឋ​ចំនួន​បី​កាលពី​ថ្ងៃ​ចន្ទ​ផងដែរ​។​

លោក Trump បានប្រកាសថា “​របៀបវារៈ​នៃ​គណបក្ស​សាធារណរដ្ឋ​គឺជា​ក្តី​សុ​បិ​ន្ត​របស់​ប្រជាជន​អាមេរិក​” ហើយ​នៅក្នុង​ព្រឹត្តិការណ៍​ចុងក្រោយ​របស់គាត់​នៅ​ទីក្រុង Cape Girardeau ក្នុង​រដ្ឋ Missouri គាត់​បាន​អំពាវនាវ​អ្នកគាំទ្រ​ឲ្យ​ជ្រើសរើស​ជោគវាសនា​ត្រឹមត្រូវ​របស់​ពួកគេ​ក្នុងនាម​ជា​ជនជាតិ​អាមេរិក​។​

អ្នកប្រជាធិបតេយ្យ Beto O'Rourke ដែល​កំពុង​ប្រជែង​ជាមួយ​ព្រឹទ្ធសមាជិក Ted Cruz នៅក្នុង​រដ្ឋ Texas បាន​និយាយថា អ្នកបោះឆ្នោត​នឹង​កំណត់​អនាគត​មិនមែន​គ្រាន់តែ​រដ្ឋ Texas ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ប្រទេស​ផងដែរ​និង​មិន​គ្រាន់តែ​ជំនាន់​នេះ​ទេ​ប៉ុន្តែ​គ្រប់​ជំនាន់​ទាំងអស់​ផងដែរ​។​
​នៅ​រាល់​ការជួប​ជុំគ្នា លោក Trump បាន​ប្តេជ្ញា​ចំពោះ​អ្នកគាំទ្រ​របស់គាត់​ថា ពួកគេ​នឹង​ឈ្នះ ឈ្នះ ឈ្នះ​។ ប៉ុន្តែ​នៅពេលដែល​គាត់​ទៅដល់​រដ្ឋ Indiana សម្រាប់​ជើង​ទី​ពីរ​នៃ​ដំណើរ​ឃោសនា​ចុងក្រោយ​របស់គាត់​នៅ​ថ្ងៃ​ច័ន្ទ លោក Trump បាន​ទទួលស្គាល់ថា រដ្ឋសភា​អាច​របូត​ចេញពី​ការក្តោបក្តាប់​នៃ​គណបក្ស​របស់គាត់​។​

តួលេខ​ថ្មី​នៅមុន​ថ្ងៃ​បោះឆ្នោត​បានបញ្ជាក់​ថា កំណើន​ការងារ​កំពុង​កើនឡើង​ហើយ​លោក Trump បានទទួល​កិត្តិយស​សម្រាប់​ការធ្វើ​សេដ្ឋកិច្ច​ក្តៅ​បំផុត​នៅលើ​ផែនដី​។​
​លោក Trump បាន​បញ្ជូនទាហាន​រាប់ពាន់នាក់​ទៅ​ព្រំដែន​ម៉ិ​កសិក​ដោយ​លើកឡើងថា ជនអន្តោប្រវេសន៍​ដែល​គប់​ដុំថ្ម​ដាក់​មន្ត្រី​អនុវត្ត​ច្បាប់​គួរតែ​ត្រូវបាន​បាញ់​ហើយ​បាន​អះអាងថា ពួក​អ្នកប្រជាធិបតេយ្យ​គ្រោង​នឹង​បង្វែរ​ប្រទេស​នេះ​ទៅជា​រណ្តៅ​ខ្មៅ​ឧក្រិដ្ឋកម្ម​និង​គ្រឿងញៀន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu