បាត់ដំបង ៖ ជនសង្ស័យចំនួន២នាក់ ដែលពលរដ្ឋបានចំណាំមុខថាជាមុខសញ្ញាដើរកាច់សោម៉ូតូយ៉ាងសកម្ម ត្រូវបានពលរដ្ឋជាច្រើននាក់ឡោមព័ទ្ធចាប់ខ្លួនប្រគល់ទៅឲ្យសមត្ថកិច្ច មុនពេលពួកគេធ្វើសកម្មភាព ដោយនៅក្នុងខ្លួនមានទាំងវត្ថុតាង គឺឧបករណ៍សម្រាប់កាច់សោម៉ូតូផងដែរ។
ហេតុការណ៍ ដែលចោរបម្រុងធ្វើសកម្មភាពនេះ គឺនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ចំណុចខាងមុខផ្សារព្រៃស្វាយ ក្នុងឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
បើតាមសម្ដីរបស់ប្រជាពលរដ្ឋបាននិយាយថា នៅព្រឹកនោះ ពួកគាត់បានសង្កេតឃើញថា ជនសង្ស័យទាំង២នាក់នេះ បានជិះម៉ូតូ១គ្រឿង ម៉ាកC១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ ភ្នំពេញ១Gv ៤៧៨៣ ដោយជនទាំង២នាក់នេះពួកគាត់តែងសង្កេតឃើញថា ឲ្យតែមក គឺបាត់ម៉ូតូរាល់ដង ទើបពួកគាត់សម្រេចចិត្តចាប់ខ្លួនប្រគល់ទៅឲ្យប៉ុស្តិ៍ព្រៃស្វាយតែម្ដង។
ជនសង្ស័យទាំង២នាក់នេះ មានឈ្មោះ សរ សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទន្លេនាម ឃុំញ៉ាញ់ ស្រុកត្រាំកក់ ខេត្តតាកែវ និងឈ្មោះ យន់ ដា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រជ្រាយ ឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ ជាប់ពាក់ព័ន្ធ មុខសញ្ញាកាច់សោ.ក ម៉ូតូ ដោយសមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូរបស់ជនសង្ស័យ០១គ្រឿង និងស្លាកលេខ០១ទៀត ភ្នំពេញ១ HE ៨៨០៥ ដែលគេលាក់ទុកក្នុងកាបូប និងដែកអក្សរ T ០១ដើម ដែលជាឧបករណ៍សម្រាប់ធ្វើសកម្មភាព ហើយបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងរៀបចំឯកសារ ដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូង៕
Source: Kampuchea Thmey Daily
0 Comments