ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាសុខភាព ខណៈដែលរដូវរំហើយនឹងឈានចូលមកដល់នៅខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានណែនាំដល់ប្រជាពលរដ្ឋ ពិសេសកុមារ និងមនុស្សវ័យចំណាស់ ត្រូវថែទាំ និងការពារសុខភាពរបស់ខ្លួនឲ្យបានល្អនៅក្នុងរដូវរំហើយនេះ ដើម្បីកុំឲ្យឆ្លងជំងឺផ្ដាសាយ រលាកបំពង់ក និងជំងឺរលាកសួត ដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ឬធូលីហ៊ុយច្រើន។
លោកវេជ្ជបណ្ឌិតបានបន្តថា រោគសញ្ញាជំងឺផ្ដាសាយមានអាការៈក្អក កណ្ដាស់ ហៀរសំបោរ និងក្ដៅខ្លួន។ ចំណែកជំងឺរលាកសួតវិញកើតឡើងបណ្ដាលមកពីអ្នកជំងឺផ្ដាសាយទុកយូរមិនបានព្យាបាល ហើយជំងឺនេះប្រសិនបើមិនបានស្វែងរកការព្យាបាលឲ្យបានទាន់ពេលទេ អាចបណ្ដាលឲ្យស្លាប់បាន ដោយសារអាការៈហត់ដង្ហក់ និងថប់ដង្ហើម។
លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ជាងនេះទៀត ត្រូវឧស្សាហ៍លាងសំអាតដៃឲ្យបានញឹកញាប់ ពេលអ្នក ក្អក ឬ កណ្ដាស់ ត្រូវខ្ទប់មាត់ជាមួយក្រណាត់ ឬកន្សែង។ បើគ្មានក្រណាត់ ឬកន្សែង សូមក្អក ឬកណ្ដាស់ដោយយកដៃអាវខ្ទប់ មិនត្រូវប្រើដៃទេ។
តែយ៉ាងណាក៏ដោយ លោកវេជ្ជបណ្ឌិត បានជំរុញឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នផងដែរចំពោះបញ្ហាពុលចំណីអាហារ ព្រោះការពុលចំណីអាហារនេះ អាចកើតឡើងគ្រប់រដូវកាល មិនថារដូវក្ដៅ ឬត្រជាក់នោះទេ។ ដូចនេះ ត្រូវប្រើប្រាស់ទឹកស្អាត ឬទឹកដាំពុះ និងលាងសំអាតត្រីសាច់ និងបន្លែឲ្យបានស្អាតមានអនាម័យ។
លោកវេជ្ជបណ្ឌិត ក៏បានណែនាំឲ្យប្រជាពលរដ្ឋនៅពេលដែលមានបញ្ហាសុខភាពត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតផ្ទះ ដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាលបានទាន់ពេលវេលា ហើយគ្រូពេទ្យនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ត្រូវបង្កើនការយកចិត្តទុកដាក់ព្យាបាលជំងឺដល់ប្រជាពលរដ្ឋផងដែរ ពិសេសកុមារ និងមនុស្សវ័យចំណាស់។
ចំណែក លោក ចាន់ យុត្ថា អ្នកនាំពាក្យ នៃក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងប្រាប់ទូរទស្សន៍រស្មីហង្សមាស នៅព្រឹកថ្ងៃទី០៧វិច្ឆិកានេះឲ្យដឹងថា តាមការព្យាករណ៍រដូវវស្សានឹងបញ្ចប់នៅថ្ងៃទី១៦វិច្ឆិកា ហើយរដូវរំហើយនឹងឈានចូលមកដល់នៅចុងខែធ្នូ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៩ខាងមុខនេះហើយ នៅឆ្នាំនេះអាកាសធាតុ នឹងចុះត្រជាក់ខ្លាំងជាងឆ្នាំមុនរហូតដល់ទៅ១៥អង្សាសេពិសេសនៅតំបន់ជួរភ្នំដងរែក និងជួរភ្នំក្រវាញ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ នៅប្រទេសកម្ពុជា នៅចុងខែវិច្ឆិកា ដល់ខែមករា អាកាសធាតុតែងតែចុះត្រជាក់ បន្ទាប់ពីរដូវវស្សាបានបញ្ចប់ ហើយជំនួសដោយរដូវរំហើយចូលមកដល់៕
Source: Kampuchea Thmey Daily
0 Comments