ភ្នំពេញ ៖ បុរសម្នាក់ដែលគេដឹងថាខំស្កាត់មកពីក្រុងព្រះសីហនុមកលេងភ្នំពេញ ហើយបានបបួលមិត្តភ័ក្ដិចាស់ៗផឹកស៊ី លុះពេលស្រវឹងបែរជាទាស់ពាក្យសម្ដីគ្នា ក៏ត្រូវគេទាញកាំបិតបុ័ងតោកាប់ចិញ្ច្រាំស្ទើរស្លាប់ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង៣៥នាទីយប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ០៥ នៅចំណុចបារចតុមុខ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះមកពីខេត្តព្រះសីហនុ ហើយមកលេងភ្នំពេញ ដោយពីមុនជនរងគ្រោះគាត់ធ្លាប់រស់នៅចំណុចកើតហេតុខាងលើនេះដែរ ដោយបែកគ្នាយូរមានការនឹករលឹកមិត្តភ័ក្ដិចាស់ៗ ក៏មកបបួលផឹកស៊ីជុំគ្នាម្តង។
ប្រភពព័ត៌មានបន្តថា លុះផឹកស៊ីស្រវឹងរៀងៗ ខ្លួនមិនដឹងជាមានបញ្ហាអ្វីទេ ត្រូវមិត្តភ័ក្ដិដែលផឹកជាមួយគ្នាទាញកាំបិតបុ័ងតោមកកាប់ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង និងសមត្ថកិច្ចចេញមកជួយធ្វើអន្តរាគមន៍ផងដែរ។ ចំណែកក្រុមជនដៃដល់ក៏បានរត់គេចខ្លួនបាត់អស់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុ និងបានហៅរថយន្តសង្គ្រោះមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកឯកជនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments