ប្រទេសថៃ ៖ សមត្ថកិច្ចថៃបង្ហាញមុខជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពចូលប្លន់ក្នុងហាងលក់ មាសមួយកន្លែង ដែលមានផ្លាកយីហោG99 ក្នុងផ្សាររ៉ុងក្លឿរដែលបានគេចខ្លួនអស់រយៈពេល០៥ថ្ងៃក្រោយពីបានស៊ើបអង្កេត និងស្រាវជ្រាវពីសំណាក់សមត្ថកិច្ចថៃរួចមក។
នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះដែរ ក្នុងបរិវេណកន្លែងកើតហេតុក្នុងផ្សាររ៉ុងក្លឿ ឃុំខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចូលប្លន់ហាងលក់មាសខាងលើនេះមាន ឈ្មោះ សែន ឡឺត សុឡាក់សាក់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ៣ ឃុំផាក់ខាក់ ស្រុកវ៉ាត់ថះនាណាក់ខន ខេត្តស្រះកែវ ប្រទេសថៃ នឹងត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅផ្ទះរបស់ជនសង្ស័យ ក្នុងទឹកដីឃុំផាក់ខាក់ ស្រុកវ៉ាតថះនា ណាក់ខនតែម្ដង បន្ទាប់ពីជនសង្ស័យបានគេចខ្លួនទៅសំងំនៅទីនោះ។
លោកឧត្ដមសេនីយ៍ ឡតបាងយ៉ាង ចិតតិ មេបញ្ជាការតម្រួតភូមិភាគ២បានថ្លែងបានឲ្យដឹងថា ករណីសកម្មភាពចោរប្លន់ ក្នុងហាងលក់មាស យីហោG99 ក្នុងរ៉ុងក្លឿង គឺកម្លាំងតម្រួត សហការជាមួយកម្លាំងទាហានបើកការស៊ើបអង្កេតអស់រយៈពេល៤យប់៥ថ្ងៃហើយ ទើបឈានដល់ការចាប់ខ្លួនជនសង្ស័យនេះបានតែម្ដង។
លោកបានបន្តទៀតថា ការចាប់ខ្លួនជនសង្ស័យនេះបាន គឺមានតម្រុយដោយសារជនសង្ស័យបាន យកមាសប្រភេទខ្សែកដែលខ្លួនប្លន់យកទៅលក់ ហើយបានទិញសម្ភារៈមួយចំនួនដូចជា ម៉ូតូ យ៉ាម៉ាហាមួយគ្រឿង និងទូរស័ព្ទម៉ាកហូរវ៉ៃមួយគ្រឿង ហើយមានការតាមដានតាមប្រព័ន្ធកាមេរ៉ាសុវត្ថិភាពពីហាងលក់មាស និងហាងលក់ម៉ូតូ ព្រមទាំងហាងលក់ទូរស័ព្ទ ទើបសមត្ថកិច្ចអាចឈានដល់ការចាប់ខ្លួនជនសង្ស័យនេះបាន។
តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកកាំភ្លើងជ័រធ្វើសកម្មភាព ចូលប្លន់ក្នុងហាងលក់មាសនៅក្នុងផ្សាររ៉ុងក្លឿង ជាប់នឹងច្រកចេញចូលថៃ-កម្ពុជាពិតប្រាកដមែន។
ជនសង្ស័យបានបន្តទៀតថា នៅក្នុងថ្ងៃកើតហេតុ ខ្លួនបានបើកម៉ូតូ ហើយរង់ចាំនៅបរិវេណខាងមុខហាងលក់មាស តាំងពីម៉ោង១០ព្រឹក រហូតដល់ម៉ោង២រសៀល ដោយមានសភាពស្ងាត់ ខ្លួនក៏បាន ចូលទិញទឹកមួយដប ពីកន្លែងលក់ក្បែរនោះហើយក៏បានដើរចូលទៅក្នុងហាងមាសដើម្បីធ្វើសកម្ម ភាពប្លន់តែម្ដង ក្នុងនោះយកបានខ្សែកចំនួន៦ខ្សែ ហើយភ្លាមៗ នោះក៏បានរត់គេចតាមផ្លូវចំហៀងហាងតែម្ដងទៅ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៤០នាទី ហាងលក់មាសមួយកន្លែងនៅក្នុងរ៉ុងក្លឿរជាប់ ច្រកចេញចូក ថៃ-កម្ពុជា ត្រូវបានចោរយកកាំភ្លើងជ័រចូលប្លន់ និងបានយកមាស គ្រឿងអលង្ការប្រភេទខ្សែកអស់ចំនួន៦ខ្សែ ស្មើនឹង២៨បាត មាសថៃសរុបជាទឹក ប្រាក់(៥៧៦,៥២០បាត) ហាសិបប្រាំពីរម៉ឺនប្រាំមួយពាន់ប្រាំរយម្ភៃបាត ក៏បានគេចខ្លួនបាត់ស្រមោលតែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ ក្រោយពីបានយកមកធ្វើកំណត់ហេតុពីសកម្មភាពប្លន់ក្នុងហាងលក់មាសហើយ ត្រូវបានកម្លាំងជំនាញតម្រួតថៃកសាងសំណុំរឿងបញ្ជូនទៅកាន់តុលា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ រីឯវត្ថុតាងត្រូវបានកម្លាំងតម្រួតប្រមូលបានមួយចំនួនជូនម្ចាស់ហាងលក់មាស៕
Source: Kampuchea Thmey Daily
0 Comments