សៀមរាប ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានអញ្ជើញ ចូលរួមធ្វើជាអធិបតីក្នុងពិធីបើកវេទិកាថ្នាក់តំបន់ស្ដីពី "កសិកម្មអេកូឡូស៊ីនាពេលអនាគត" ដែលបានរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមកិច្ចសហការយ៉ាងល្អប្រសើរជាមួយមជ្ឈមណ្ឌល CIRAD និងអង្គការ GRET។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាព្រឹត្តិការណ៍មួយដ៏វិសេសវិសាល ដែលរៀបចំឡើង ស្របពេលដែលកំណើនសេដ្ឋកិច្ច ព្រមទាំងទំនើបកម្ម និងនវានុវត្តន៍សង្គមក្នុងតំបន់កំពុងតែមានលក្ខណៈប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរ ហើយក៏ជាសក្ខីកម្មមួយដែលយើងរំពឹងថា នឹងផ្តល់នូវលទ្ធផលល្អនាពេលខាងមុខ សម្រាប់បណ្ដាប្រទេសក្នុងតំបន់ដើម្បីផ្សារភ្ជាប់ ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍន៍ថ្នាក់តំបន់មួយយ៉ាងល្អប្រសើរសម្រាប់ជាចក្ខុវិស័យក្នុងការបង្កើនផលិតភាពកសិកម្មប្រកបដោយសុវត្ថិភាព ភាតរបរិស្ថាន និងភាពរីកចម្រើនរបស់ប្រជាជនយើងទាំងអស់គ្នានៅក្នុងតំបន់នេះ។
សូមបញ្ជាក់ថា ផ្សារភ្ជាប់ទៅនឹងវេទិកាក្នុងថ្ងៃនេះ គឺមានសម្ពន្ធភាពសិក្សាកសិកម្មអេកូឡូស៊ី (ALiSEA) ត្រូវបានបង្កើតឡើងជាបណ្ដាញរួមគ្នាជាង១០០ស្ថាប័ន ដោយមានការចូលរួមពីអង្គការកសិកររហូតដល់ថ្នាក់ជាតិ និងថ្នាក់តំបន់ រួមទាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងវិស័យឯកជន។
លើសពីនេះទៀត សម្ពន្ធភាពសិក្សាកសិកម្មអេកូឡូស៊ី មានគោលបំណងលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធផ្នែកកសិកម្មអេកូឡូស៊ីទាំងក្នុងស្រុក និងក្នុងតំបន់ ពិសេសលើកកម្ពស់ជំនាញដល់អ្នកដទៃ ដើម្បីបង្កើតការសិក្សាផ្អែកលើភស្តុតាង ហើយចែករំលែកយ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់ការផ្លាស់ប្ដូរក្នុងតំបន់ឆ្ពោះទៅរកការធ្វើកសិកម្មតាមប្រព័ន្ធអេកូឡូស៊ី ដើម្បីឆ្លើយតបទៅនឹងតម្រូវការម្ហូបអាហារនាពេលអនាគត ដែលចាំបាច់ត្រូវមានការផ្លាស់ប្ដូរការងារកសិកម្ម ដើម្បីផ្ដល់សន្តិសុខ និងសុវត្ថិភាពស្បៀង ស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី ទ្រទ្រង់កំណើនសេដ្ឋកិច្ច និងផ្តល់នូវឱកាសកាន់តែច្រើនសម្រាប់កសិករខ្នាតតូច និងយុវជន។
ការសម្រេចគោលដៅទាំងនេះ នឹងទាមទារឲ្យមានការរៀបចំ និងការលើកកម្ពស់ប្រព័ន្ធកសិកម្មដែលមានលក្ខណៈច្នៃប្រឌិត ដើម្បីស្វែងរកវិធីសាស្ត្រអន្តរាគមន៍ថ្មីៗ ក៏ដូចជាយន្តការ ស្ថាប័ន និងហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងវៃឆ្លាត។
យោងតាមរបាយការណ៍កន្លងមកបានបញ្ជាក់ឲ្យដឹងថា សកម្មភាពកសិកម្មអេកូឡូស៊ី បាននិងកំពុងអនុវត្តនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាច្រើនរួមមាន ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម។ ការងារនេះ ត្រូវបានផ្ដួចផ្ដើមពីអ្នកពាក់ព័ន្ធផ្សេងៗក្នុងផ្នែកកសិកម្មអេកូឡូស៊ី ហើយត្រូវបានលើកកម្ពស់ពីកសិករខ្នាតតូច ទៅដល់អ្នកស្រាវជ្រាវ អ្នកអភិវឌ្ឍន៍ និងអ្នកអនុវត្ត ដោយមានការគាំទ្រពីវិស័យឯកជន និងសង្គមស៊ីវិល។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមិទ្ធផលនានា បានគ្របដណ្ដប់លើវិធានការផ្សេងៗគ្នា នៃការផ្លាស់ប្ដូរកសិកម្មអេកូឡូស៊ីដូចជា ការយល់ដឹងអំពីដំណើរការអេកូឡូស៊ីនៅក្នុងដី និងការគ្រប់គ្រងសត្វល្អិត ការរៀបចំ និងការវាយតម្លៃអំពីការអនុវត្តប្រកបដោយភាពច្នៃប្រឌិត និងប្រព័ន្ធដំណាំរួមផ្សំ រួមមាន កសិកម្ម ព្រៃឈើ ជលផល សមាហរណកម្មបសុសត្វ កសិកម្មអភិរក្ស គ្រឿងយន្តកសិកម្មសមស្រប ព្រមទាំងការកសាងសមត្ថភាពកសិករ ការអប់រំថ្នាក់ឧត្ដមសិក្សា ការអភិវឌ្ឍន៍សម្ភារៈគរុកោសល្យ ការលើកកម្ពស់ការប្រើប្រាស់ភាពចម្រុះ នៃរុក្ខជាតិ ការគាំទ្រវិញ្ញាបនបត្រ នៃផលិតផលកសិកម្មអេកូឡូស៊ី ការអនុវត្តឧបករណ៍ និងទំនាក់ទំនង ដើម្បីចែករំលែកចំណេះដឹង និងចំណេះធ្វើជាដើម។
ទន្ទឹមនឹងនេះ ការអភិវឌ្ឍន៍សកម្មភាពកសិកម្មអេកូឡូស៊ី នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវមានការតម្រង់ទិស ការដោះស្រាយលើបញ្ហាលើការរេចរឹលដី ការបាត់បង់ជីជាតិដី និងការគ្រប់គ្រងទឹក។ ជាមួយគ្នានេះដែរ ក៏ត្រូវមានការខិតខំធ្វើការរួមគ្នាដើម្បីរកមធ្យោបាយ រក្សាដីឲ្យមានជីជាតិ និងការពារកុំឲ្យមានសំណឹកដី។
សូមបញ្ជាក់ថា វេទិកាថ្នាក់តំបន់ស្ដីពី "កសិកម្មអេកូឡូស៊ីនាពេលអនាគត" មានដៃគូជាច្រើនផងដែរបានចូលរួមដូចជា របស់លោកស្រី Naomi Noel តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD), លោកបណ្ឌិត Philippe Girard តំណាងមជ្ឈមណ្ឌល CIRAD និងជានាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍, លោក Dominique Violas តំណាងអង្គការ GRET ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលជាតំណាង នៃបណ្ដាប្រទេសជាច្រើននៅអាស៊ី និងស្ថាប័នពាក់ព័ន្ធនានាដូចជា មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍអន្តរជាតិ (CIRAD) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) អង្គការ GRET មជ្ឈមណ្ឌល គ្រឿងយន្ត កសិកម្ម សមស្របរបស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក(UN-ESCAP/CSAM)ទីភ្នាក់ងារអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USAID) អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ(FAO)សម្ព័ន្ធគ្រឿងយន្តកសិកម្មសមស្រប(ASMC) បណ្ដាញអភិរក្សកសិកម្មនៅអាស៊ីអាគ្នេយ៍ (CANSEA) និងអង្គការ Swisscontact ដើម្បីចូលរួមក្នុងវេទិកានាពេលនោះផងដែរ៕
Source: Kampuchea Thmey Daily
0 Comments