ព្រះមហាក្សត្រ Salman របស់អារ៉ាប៊ីសាអ៊ូឌីតបានចាប់ផ្តើមដំណើរទេសចរណ៍ក្នុងប្រទេសមួយដែលមិនធ្លាប់មានពីមុនមកកាលពីថ្ងៃអង្គារស្របពេលដែលប្រទេសនេះកំពុងជួបប្រទះនឹងវិបត្តិអន្តរជាតិលើឃាតកម្មអ្នកសារព័ត៌មាន Jamal Khashoggi។
យោងតាមទូរទស្សន៍ជាតិបានផ្សាយថា ព្រះមហាក្សត្រព្រះជន្ម៨២វស្សាអង្គនេះត្រូវបានចូលរួមដោយរាជទាយាទ Mohammed bin Salman ក្នុងពិធីមួយនៅកណ្តាលខេត្ត Qassim ខណៈដែលទ្រង់បានចាប់ផ្តើមនូវអ្វីដែលប្រព័ន្ធផ្សព្វផ្សាយរបស់អារ៉ាប៊ីសាអ៊ូឌីតហៅថាជាដំណើរទស្សនកិច្ចនៅ “តំបន់ជាច្រើន” ក្នុងប្រទេសមួយនេះ។
មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីតកំពុងស្វែងរកការគាំទ្រនៅក្នុងប្រទេសបន្ទាប់ពីអ្វីដែលត្រូវបានគេមើលឃើញថាជាវិបត្តិការទូតដ៏អាក្រក់បំផុតដែលប្រទេសនេះមិនធ្លាប់ប្រឈមមុខចាប់តាំងពីការវាយប្រហារភេរវកម្មនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១លើសហរដ្ឋអាមេរិកមក។
រដ្ឋាភិបាលបាននិយាយថា ព្រះមហាក្សត្រក៏គ្រោងនឹងធ្វើទស្សនកិច្ចនៅតំបន់ Hail ភាគខាងជើងផងដែរក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ទ្រង់ចាប់តាំងពីព្រះអង្គបានឡើងគ្រងរាជ្យបល្ល័ង្កដែលមានឥទ្ធិពលបំផុតនៅតំបន់មជ្ឈឹមបូព៌ាក្នុងឆ្នាំ២០១៥។
ទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency ផ្លូវការបានរាយការណ៍ថា នៅក្នុងខេត្ត Qassim ព្រះមហាក្សត្របានបញ្ជាឲ្យដោះលែងអ្នកជាប់ពន្ធនាគារដែលជំពាក់លុយគេមិនអាចសងបានជាមួយបំណុលរហូតដល់ទៅ១លានរីយ៉ាល់ (២៦៧,០០០ដុល្លារអាមេរិក) ហើយនឹងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍ជាង៦០០គម្រោងដែលមានតម្លៃ១៦ពាន់លានរីយ៉ាល់ស្មើនឹង៤.៣ពាន់លានដុល្លារអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើព្រះអង្គម្ចាស់ Mohammed នឹងអមដំណើរទ្រង់ឬយ៉ាងណាសម្រាប់ដំណើរទស្សនកិច្ចដែលនៅសេសសល់ចំពេលដែលប្រទេសអារ៉ាប៊ីសាអ៊ូឌីតកំពុងប្រឈមមុខនឹងកំហឹងជាអន្តរជាតិលើករណីឃាតកម្មលោក Khashoggi កាលពីថ្ងៃទី២ខែតុលានៅក្នុងស្ថានកុងស៊ុលរបស់ខ្លូនប្រចាំទីក្រុងអ៊ីស្តង់ប៊ុល។
ប្រតិកម្មជាសកលជុំវិញករណីឃាតកម្មនេះបានធ្វើឲ្យខូចរូបភាពរបស់ព្រះអង្គម្ចាស់ Mohammed ព្រះជន្ម៣៣វស្សាបើទោះបីជាប្រទេសនេះបដិសេធយ៉ាងខ្លាំងថា ព្រះអង្គមិនបានជាប់ពាក់ព័ន្ធក៏ដោយ៕ AFP
Source: Kampuchea Thmey Daily
0 Comments