ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសប្រេស៊ីលលោក Jair Bolsonaro បានលើកឡើងកាលពីថ្ងៃអង្គារថា លោកកំពុងត្រៀមខ្លួនដើម្បីប្រែក្រឡាស់ផែនការដ៏ចម្រូងចម្រាសក្នុងការរើស្ថានទូតរបស់ប្រទេសនេះប្រចាំអ៊ីស្រាអ៊ែលពីទីក្រុងតែលអាវីវទៅកាន់ទីក្រុងយេរូសាឡឹម។
កាលពីសប្តាហ៍មុន លោក Bolsonaro បានរំលឹកឡើងវិញនូវការសន្យាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតក្នុងការធ្វើតាមការដឹកនាំរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយប្តូរស្ថានទូតពីមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងបច្ចេកវិទ្យារបស់អ៊ីស្រាអែលទៅកាន់រដ្ឋធានីរបស់ខ្លួន។
ប៉ុន្តែកាលពីថ្ងៃអង្គារ គាត់បានផ្លាស់ប្តូរគម្រោងរបស់គាត់ដោយអះអាងថា “វាមិនទាន់ត្រូវបានសម្រេចចិត្តនៅឡើយទេ”។
អ្នកនយោបាយស្ដាំនិយមរូបនេះកំពុងឆ្លើយតបទៅនឹងសំនួរពីអ្នកយកព័ត៌មានអំពីប្រទេសអេហ្ស៊ីបពន្យារពេលដំណើរទស្សនកិច្ចតាមការគ្រោងទុករបស់រដ្ឋមន្ត្រីក្រសួងការបរទេសប្រេស៊ីលលោក Aloysio Nunes ។
លោក Bolsonaro បាននិយាយក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋធានី Brasilia ចាប់តាំងពីឈ្នះការបោះឆ្នោតកាលពីថ្ងៃទី២៨ខែតុលាលើគូប្រជែងឆ្វេងនិយមលោក Fernando Haddad ថា “តាមអ្វីដែលខ្ញុំដឹង វាគឺដោយសារតែបញ្ហាប្រតិទិន។ គាត់នឹងចូលកាន់តំណែងនៅថ្ងៃទី១ខែមករា។ វានឹងលឿនពេកសម្រាប់ប្រទេសមួយដើម្បីចាត់វិធានការសងសឹកប្រឆាំងនឹងអ្វីដែលមិនទាន់ត្រូវបានសម្រេច”។
សេចក្តីប្រកាសរបស់លោក Bolsonaro ស្តីពីការរើស្ថានទូតនៅថ្ងៃព្រហស្បតិ៍បានបង្កឲ្យមានកំហឹងនៅក្នុងពិភពអារ៉ាប់ខណៈមន្ត្រីផ្លូវការជាន់ខ្ពស់របស់ប៉ាឡេស្ទីនបានចាត់ទុកការរើនេះថា “បង្កហេតុនិងខុសច្បាប់” ហើយអ្នកនាំពាក្យរបស់ក្រុមហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីពបានហៅវាថា “អរិភាព”។
ស្ថានភាពរបស់ទីក្រុងយេរូសាឡឹមគឺជារឿងដែលបង្កឲ្យមានការឈ្លោះគ្នាយ៉ាងខ្លាំង។ ប្រទេសអ៊ីស្រាអែលបានកាន់កាប់ភាគខាងកើតនៃទីក្រុងនេះនៅចុងបញ្ចប់នៃសង្គ្រាមរយៈពេលប្រាំមួយថ្ងៃក្នុងឆ្នាំ១៩៦៧ដែលបានវាយប្រហារប្រឆាំងនឹងអេហ្ស៊ីប ស៊ីរីនិងហ្ស៊កដានី៕ AFP
Source: Kampuchea Thmey Daily
0 Comments