កំពង់ធំ ​៖ ​លោក​ឧត្ដមសេនីយ៍ទោ​ ឯម វណ្ណ​រិ​ទ្ធ នាយរង​សេនាធិការ កងទ័ពជើងគោក និង​ជា​ប្រធាន អនុ​គណៈកម្មការ​ទី​០៦ ចុះ​ទិស​យោធភូមិភាគ​ទី​០៤ បាន​ដឹកនាំ​ក្រុមការងារ ចុះ​ត្រួតពិនិត្យ​ចំនួន​ទ័ព​របស់​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៃ​យោធភូមិភាគ​ទី​៤ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព និង​ទិន្នន័យ​ថ្មី​របស់​បញ្ជា​ការដ្ឋាន​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ។

ពិធី​ពិនិត្យ​ចំនួន​ទ័ព យុទ្ធោបករណ៍ និង​អចលនទ្រព្យ ក្នុង​បញ្ជា​ការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច​សម្រេច លេខ ០៥២/២០១៨ ស​.​ស​.​រ ចុះ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៨​ ស្ដីពី​ការ​បង្កើត​អនុ​គណៈកម្មការ ចុះ​ធ្វើ​បច្ចុប្បន្នភាព ត្រួតពិនិត្យ​ចំនួន​ទ័ព យុទ្ធោបករណ៍ និង​អចលនទ្រព្យ គ្រប់​កងឯកភាព ចំណុះ កងទ័ពជើងគោក នៅ ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដែល​បា​ន​ធ្វើការ​ប្រមូលផ្ដុំ​ចំនួន​ទ័ព​ចំនួន​០៨​ កងឯកភាព ចំណុះ​បញ្ជា​ការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ។

លោក​ឧត្ដមសេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​រង យោធភូមិភាគ​ទី​៤ មេបញ្ជាការ តំបន់​ប្រតិបត្តិ​ការ​សឹក​រង​កំពង់ធំ និង​ជា​អនុប្រធាន អនុ​គណៈកម្មការ ត្រួតពិនិត្យ​ចំនួន​ទ័ព បាន​សំណេះសំណាល​ជា​មួយ​យោធិន​ដែល​មានមុខ​ត្រូវ​ត្រួតពិនិត្យ​នៅពេលនេះ គឺ​ត្រូវ​ត្រៀម​បម្រុង​រួចជាស្រេច ដើម្បី​បង្ហាញ​ជូន​អនុ​គណៈកម្មការ និង​បាន​នាំមក​នូវ ឯកសារ​ដែល តម្រូវ​ឲ្យ​យោធិន​ម្នាក់​គ្រប់រូប​នាំមក​ជាមួយ ១-អត្តសញ្ញាណប័ណ្ណ​ស៊ីវិល ,២-អត្តសញ្ញាណប័ណ្ណ​កងទ័ព ថតចម្លង ,៣-​លិខិត​សំបុត្រ​កំណើត ,៤-ជីវប្រវត្តិ​រូប​សង្ខេប​ធំ (​ពីរ​ផ្នត់​),៥-ព្រះរាជក្រឹត្យ ,​អនុក្រឹត្យ ,​សេចក្ដី​សម្រេច និង​សេចក្ដី​ប្រកាស មុខងារ និង ឋានន្តរសក្ដិ​ចុងក្រោយ ថតចម្លង ក្នុង​ម្នាក់០៣​ឈុត​ ដើម្បី​បញ្ជាក់​ជាមួយនឹង​គណៈកម្មការ​ត្រួតពិនិត្យ​។

សកម្មភាព​ត្រួតពិនិត្យ ត្រូវបាន​ធ្វើឡើង​ពេញ​មួយថ្ងៃ នៅ​បញ្ជា​ការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ និង​ឆ្ពោះ​ទៅ​ត្រួតពិនិត្យ នៅ​គោលដៅ​ទី​០២ ដែល​មាន​ទីតាំងនៅ​វរ​សេនា​តូច​លេខ​០១​ នៃ​បញ្ជា​ការដ្ឋាន តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ នៅ​ភូមិ​តា​ឡែក​ថ្មី​ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក នៅ​ថ្ងៃស្អែក​បន្ត​ទៀត។

លោក​ សោម ស៊ុន បាន​ឲ្យ​ដឹងថា ការពិនិត្យ​នេះ គឺ​បាន​ផ្ដោត​លើ​ការ​បញ្ជាក់​ភាព​ត្រឹមត្រូវ រវាង​ឯកសារ​ស៊ីវិល និង ឯកសារ​ទ័ព បញ្ជី​កំណើត រួម​ទាំង​ថ្ងៃ​ចូល​បម្រើ​កងទ័ព ព្រមទាំង​សេចក្ដី​សម្រេច​នានា ដើម្បី​ភាព​ងាយ​ស្រួល និង​ជា​ប្រយោជន៍​ដ៏​មាន​សារៈសំខាន់​ដល់​យោធិន ដោយសារតែ​កន្លង​មក​នេះ យោធិន​ជា​ច្រើន​ខុស​ឆ្នាំ​កំណើត រវាង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​អត្តសញ្ញាណប័ណ្ណ​កងទ័ព និង​សំបុត្រកំណើត ខុសគ្នា​ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ទើប​ថ្នាក់លើ​បាន​យក​ចិត្ត​ទុក​ដាក់​រៀបចំ​កែសម្រួល​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ពេល​ធ្វើ​បច្ចុប្បន្ន​ភាព​ជូន​យោធិន​គ្រប់រូប ដើម្បី​ភាព​ងាយ​ស្រួល​ទទួល​បាន​ប្រយោជន៍ និង​សាច់ញាតិ ក្នុង​ការ​ដោះស្រាយ​បាន​ឆាប់រហ័ស​ទាន់ពេល​វេលា៕​



Source: Kampuchea Thmey Daily