Ad Code

មហា​ស៊យ ជិះ​ម៉ូតូ​សុខៗ ត្រូវ​រថយន្ត​ផ្ទុះ​កង់ រេ​ចង្កូត​មក​បុក​ស្លាប់​ភ្លាមៗ​



​បាត់ដំបង ៖ ស្ត្រី​រងគ្រោះ​ម្នាក់ ដែលមាន​មុខរបរ​លក់​នំ​បញ្ចុក ត្រូវ​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​យ៉ាង​អាណោចអាធ័ម ខណៈស្ត្រី​រូបនេះ​កំពុង​ជិះ​ម៉ូតូ​ដឹក​នំ​បញ្ចុក​យក​បោះ​ឲ្យ​ម៉ូយ​ដូច​សព្វមួយដង ស្រាប់​តែ​មាន​រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង រេ​ចង្កូត​មក​បុក​ បន្ទាប់ពី​មាន​ស្នូរ​ផ្ទុះ​កង់​រួចមក។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង០៦និង១០នាទី​ព្រឹក ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ លើផ្លូវ​ក្រាល​គ្រួស​ក្រហម​០១ខ្សែ ត្រង់​ចំណុច​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បា​ណន់ ខេត្ត​បាត់ដំបង រវាង រថយន្ត និង​ម៉ូតូ បើកបរ​ក្នុងទិសដៅ​ច្រាស​ទិស​គ្នា។​

​តាម​ការអះអាង​ពី​ប្រភព​មួយចំនួន​បានឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្កេត​ឃើញ​មាន រថយន្ត​០១គ្រឿង ម៉ាក​ហ៊ី​យិន​ដាយ ពណ៌ស ពាក់​ស្លាក​លេខ បាត់ដំបង 3A- 1819 អ្នកបើកបរ​មិន​ស្គាល់​សាវតារ បាន​បើកបរ​ពី​ជើង​ទៅ​ត្បូង​ដឹក​ទឹកកក​អនាម័យ​យ៉ាង​ពេញ​តែម្តង​។​

​ប្រភព​ដដែល​បាន​បន្តថា លុះ​មកដល់​ចំណុច​ខាងលើ​ ក៏បាន​ផ្ទុះ​កង់​ម្ខាង ស្របពេល​ដែល​រថយន្ត​នោះ​មាន​ល្បឿន​លឿន​ផងនោះ បាន​រេ​ចង្កូត​ទៅ​បុក​នឹង​ម៉ូតូ០១គ្រឿង ម៉ាក​ហុងដា​ធុន C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ បាត់ដំបង 1AB- 9273 ដែល​កំពុង​បើក​បរម​ក​ពីមុខ បណ្ដាល​ឲ្យ​ស្ត្រី​ដែល​ជា​អ្នកបើកបរ​ម៉ូតូ​បែក​ក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង ដោយឡែក​អ្នកបើកបរ​រថយន្ត​ក៏បាន​រត់គេច​ខ្លួន​បាត់​ស្រមោល។​

អ្នកភូមិ​ដែល​នៅ​ទី​នោះ​បាន​និយាយ​ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ អោក សុខ​ណា​ង អាយុ​៣១​ឆ្នាំ រស់ នៅ​ក្រុម​ទី​០៥ ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង មុខ​របរ​ដើរ​លក់​នំ​បញ្ចុក​ឲ្យ​ម៉ូយ​រាល់​ព្រឹក។

បច្ចុប្បន្ន​ ក្រោយពេល​សមត្ថកិច្ច​ចុះទៅ​ដល់ ក៏​បាន​ប្រគល់​សព​ទៅឲ្យក្រុមគ្រួសារ​នាំយកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ រីឯ​រថយន្ត និង​ម៉ូតូ ក៏​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខេត្ត​យក​ទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu