ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី១៣វិច្ឆិកានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៣ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅក្រោមមូលបទ«ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន» ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។
លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញមុនចេញដំណើរថា សម្ដេចតេជោនាយករដ្ឋមន្ត្រីរំពឹងថា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលដូចខាងក្រោម ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣/ការពិសាអាហារការងារពេលល្ងាចសម្រាប់ថ្នាក់ដឹកនាំអាស៊ាន។ កិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្ត្រាលីអមដោយអាហារពេលព្រឹក។ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២១។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០។ កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី លើកទី០៣។ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២១។ កិច្ចប្រជុំ កំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌាអមដោយអាហារពេលព្រឹក។ កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី០៦។ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២១។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ (ពេញអង្គ)។ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (ចង្អៀត) អមដោយអាហារថ្ងៃត្រង់ និងកិច្ចប្រជុំថ្នាក់ដឹកនាំ នៃភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ ក្នុងតំបន់លើកទី០២។
អញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រីរួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម, លោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ យុវជន និង កីឡាព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ស្របពេលកិច្ចប្រជុំកំពូលនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងកម្មវិធីមួយចំនួនផ្សេងទៀតដូចជា ៖ កិច្ចប្រជុំជាមួយក្រុម ប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ កម្មវិធីអាហារការងារថ្ងៃត្រង់រៀបចំដោយ លោក លី សៀនឡុង សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និង ពិធីលៀងសាយ ភោជន (Gala Dinner) រៀបចំដោយប្រធានកិច្ចប្រជុំសម្រាប់ថ្នាក់ដឹកនាំអាស៊ាន។
ដោយឡែក នៅព្រឹកថ្ងៃទី១៣វិច្ឆិកានេះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានផុសនៅក្នុងផេកហ្វេសបុករបស់សម្ដេចថា ៖ « ថ្ងៃនេះ ខ្ញុំ នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងៗ នៅក្នុងប្រទេសសិង្ហបុរីរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ ទោះបីខ្ញុំចេញបំពេញបេសកកម្មនៅក្រៅប្រទេសក្ដី តែខ្ញុំតែងតែនឹករលឹកដល់បងប្អូន កូនក្មួយ គ្រប់ទីកន្លែងទាំងអស់។ សូមជូនពរបងប្អូនជនរួមជាតិ មានសុខភាពល្អ និង សុភមង្គលគ្រប់ក្រុម គ្រួសារកុំបីខាន»។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី សម្ដេចតេជោ នាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយប្រមុខគណៈប្រតិភូ នៃប្រទេសមួយចំនួនផងដែរ។ បើតាម លោក ស្រ៊ី ថាមរុង្គ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញ នៅម៉ោង១១និង០០នាទី ថ្ងៃទី ១៦វិច្ឆិកា៕
Source: Kampuchea Thmey Daily
0 Comments