ភ្នំពេញ ៖ រថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿង បានបើករេចង្កូតមកបុកជាមួយរថយន្តកាមរីមួយគ្រឿងទៀត ដែលមានដឹកសម្ភារៈសិក្សាបណ្ដាលឲ្យស្ត្រីម្នាក់ដែលរួមដំណើរជាមួយតៃកុងបានរងរបួសធ្ងន់ធ្ងរ បញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯរថយន្តវិញក៏បានរងនូវការខូចខាតផ្នែកខាងមុខយ៉ាងដំណំទាំងពីរគ្រឿងផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវជាតិលេខ០៤ ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ០៣ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តដឹកប្រេងឥន្ធនៈ ប្រភេទរថយន្តសណ្ដោងស៊ីទែនប្រេង ខាងលើ ពណ៌ស ឆ្នូតខៀវ លឿងពាក់ស្លាកលេខភ្នំពេញ 3B-6469បើកបរក្នុងទិសដៅពីកើតទៅលិច តៃកុង រត់គេចខ្លួនបាត់។ ចំណែករថយន្តដឹកសម្ភារៈសិក្សា ម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2Y4580 បើកបរក្នុងទិសដៅពីលិចទៅកើត ជិះគ្នា០២នាក់ ស្រី០១ និងប្រុសម្នាក់ជាអ្នកបើកបរ បានហើយរងរបួសធ្ងន់ស្ត្រីម្នាក់ដែលរួមដំណើរជាមួយ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកកាមរីឆ្លាមពណ៌ស ដឹកសម្ភារៈសិក្សា បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត ដឹកប្រេងឥន្ធនៈ បានបើករេចង្កូតមកផ្នែកខាងឆ្វេងដៃខ្លួន បណ្តាលឲ្យរថយន្តដឹកសម្ភារៈសិក្សាភ័យស្លន់ស្លោជាន់ហ្វ្រាំងបន្ថយល្បឿន តែត្រូវបានរថយន្តដឹកប្រេងឥន្ធនៈបុកពេញទំហឹងធ្វើឲ្យរថយន្តទាំង២គ្រឿងបួងចង្កូតទៅផ្នែកខាងឆ្វេងរៀងៗខ្លួន បណ្ដាលឲ្យស្ត្រីម្នាក់នៅក្នុងរថយន្តកាមរីឆ្លាមរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយឯកជនសម្ភពសុធារិទ្ធ បែកចាន ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែកបុរសជាអ្នកបើកបរបានសន្លប់បាត់ស្មារតីមួយភាំងនិយាយមិនដឹងខាងខុសត្រូវឡើយ។
ក្រោយមក នគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅធ្វើការវាស់វែងនិងស្ទូចរថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments