ព្រៃវែង ៖ ទូក “ង” វែងជាងគេ ដែលផលិតដោយកូនខ្មែរ មានប្រវែងជិត១០០ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក (World Guinness Record) ជាផ្លូវការហើយ កាលពីព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលនេះជាមោទនភាពថ្មីមួយទៀតហើយ សម្រាប់ជាតិ និងប្រជាជនរបស់កម្ពុជា។
កម្មវិធីបំបែកកំណត់ត្រាពិភពលោកនេះ ធ្វើឡើងនៅតំបន់អ្នកលឿងត្រើយខាងកើត កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ដោយមានការចូលរួមពីលោក Pravin Patel អ្នកវិនិច្ឆ័យ និងជាតំណាង World Guinness Record។ ក្នុងនោះក៏មានការចូលរួមពី លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការផលិតទូក “ង” វែងជាងគេនៅលើពិភពលោក ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ទូក ង នេះ មានឈ្មោះថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមានអត្ថន័យថា “ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា”។ ទូកនេះ មានប្រវែងរហូតដល់៨៧.៣ម៉ែត្រ, ទទឹង១.៩៤ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ ត្រូវបានរចនាឡើងដោយផ្នែកខាងក្បាលទូក ធ្វើជាក្បាលនាគ និងកន្ទុយហង្ស ប្រកបដោយក្បូរក្បាច់រចនាល្អប្រណិត ដែលផ្ទុកបានចំណុះរហូតដល់១៧៩នាក់ ក្នុងនោះ១០០នាក់មកពីទាហានជើងទឹក និង៧៩នាក់ មកពីនគរបាលជើងទឹក។
ការផលិតទូក “ង” វែងជាងគេនេះ បានចំណាយពេលអស់០៦ខែ ដោយចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែតុលា ឆ្នាំ២០១៨។
លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងជាប្រធានគណៈកម្មការផលិតទូក “ង” វែងជាងគេលើពិភពលោកបានថ្លែងថា ការផលិតទូក “ង” វែងជាងគេនៅលើពិភពលោកនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្ហាញពីការផលិត ទូក “ង” និងត្រៀមខ្លួនរៀបចំពិធីបង្ហាញវត្តមានទូក “ង” ដែលវែងជាងគេនៅលើពិភពលោក ដើម្បីបំបែកកំណត់ត្រាពិភពលោក Guiness World records។
លោកបន្តថា ការធ្វើទូកងវែងជាងគេដើម្បីបំបែកកំណត់ត្រាទូកមួយ ដែលវែងជាងគេនៅលើពិភពលោកនេះ គឺចង់បង្ហាញដល់ពិភពលោកថា កូនខ្មែរពិតជារួបរួមសាមគ្គីគ្នា និងអាចធ្វើបាន និងបង្ហាញអំពីសក្ដានុពលទេសចរណ៍ជាច្រើនផ្សេងទៀតរបស់កម្ពុជានៅលើពិភពលោកផងដែរ។
តាមលោក ស សុខា បានបញ្ជាក់ថា គិតចាប់តាំងពីដំណើរធ្វើរហូតមកដល់លេចចេញជារូបរាងទូកជាស្ថាពរនេះ គឺមានរយៈពេលជិត០៧ខែមកហើយ ពោលគឺមានចំនួន១៩២ថ្ងៃ។ បន្ទាប់ពីពិធីបំបែកកំណត់ត្រានៅថ្ងៃទី១២ ខែវិច្ឆិកា រួច ទូក “ង” វែងជាងគេលើពិភពលោក នឹងបន្តយកមកកាន់រាជធានីភ្នំពេញ ដើម្បីបង្ហាញខ្លួននៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយដាក់តាំងបង្ហាញដល់សាធារណជន បានទស្សនា និងថតរូបទុកជាអនុស្សាវរីយ៍ នៅវាលព្រះមេរុ រយៈ០៧ថ្ងៃ ទៅ១០ថ្ងៃ។
លោកបានបន្ថែមថា បន្ទាប់ពីបង្ហាញខ្លួននៅក្នុងព្រះរាជពិធីបុណ្យអុំទូករួចហើយ ទូក “ង” វែងជាងគេ នឹងត្រូវយកទៅទុកនៅខេត្តព្រៃវែងវិញ ហើយនឹងសាងសង់ សារមន្ទីរ នៅក្នុងខេត្ត ដើម្បីតម្កល់ទុកទូក “ង” វែងជាងគេនេះផងដែរ។
នៅពិធីនោះ នាវេលាម៉ោងប្រមាណជិត០៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ លោក Pravin Patel ដែលជាតំណាងឲ្យ World Guinness Record បានបញ្ជាក់យ៉ាងដូច្នេះថា ”ទូក ង នៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រវែង៨៧.៣ម៉ែត្រ ត្រូវបានបំបែកឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ”។
ទាក់ទងបញ្ហានេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអធិបតីនៅក្នុងពិធីនោះ បានកោតសរសើរដល់យុវជនខ្មែរគ្រប់ស្រទាប់វណ្ណៈទាំងអស់ ដែលបានចូលរួមផ្ដួចផ្ដើមគំនិត និងកសាងទូក “ង” វែងជាងគេលើនៅពិភពលោក រហូតឈានដល់ការបំបែកបាននូវឯតទគ្គកម្ម World Guinness Record។
សម្ដេច ស ខេង បញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំពិតជាចូលរួមអបអរសាទរ និងកោតសរសើរដល់ក្មួយៗទាំងអស់ និងអរគុណចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលមានគំនិតផ្ដួចផ្ដើមនេះ ហើយមានបង្កើតគណៈកម្មការត្រឹមត្រូវណាស់ ហើយបើគ្មានការសាមគ្គី ឆន្ទៈ ធ្វើមិនបាននោះទេ ចឹងហើយបានគេដាក់ថា រួមគ្នាដើម្បីកម្ពុជារុងរឿង-ខ្មែរសាមគ្គី គឺខ្មែរឈ្នះ ចឹងពាក្យនេះមានអត្ថន័យជ្រាលជ្រៅណាស់”។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានចាត់ទុកថា ការធ្វើទូក “ង” ដែលវែងជាងគេ រហូតបំបែកឯតទគ្គកម្មបាននោះ មិនមែនជារឿងសាមញ្ញនោះទេ ព្រោះបើគ្មានការផ្ដួចផ្ដើមគំនិត គ្មានឆន្ទៈ គ្មានការរួបរួមគ្នា គ្មានការតស៊ូ អត់ទ្រាំចំពោះការលំបាក ហើយគ្មានបុព្វហេតុច្បាស់លាស់ទេនោះ គឺមិនអាចធ្វើទូកនេះបានទេ។
សម្ដេចបញ្ជាក់ថា តាមការគ្រោងទុកទូក “ង” ដែលវែងជាងគេនេះ នឹងត្រូវយកដាក់បង្ហាញនៅក្នុងព្រះរាជពិធីបុណ្យអុំទូក នៅមុខព្រះបរមរាជវាំង ដែលអាចជនរួមជាតិខ្មែរទាំងអស់ ដែលមកកម្សាន្ត បានទស្សនាដោយផ្ទាល់ ក៏ដូចជាឲ្យភ្ញៀវទេសចរអន្តរជាតិ បានឃើញថែមទៀតផង ដែលនេះជាបញ្ហាមួយទាក់ទាញភ្ញៀវទេសចរផងដែរឲ្យយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ៕
Source: Kampuchea Thmey Daily
0 Comments