Ad Code

ថៅកែ​ដេប៉ូ​លក់​ឈើ យ៉ុង ផាត់ ល្បី​ខាង​ញៀន​ល្បែង​ ជល់​មាន់​ចាញ់​គេ​មិន​ឲ្យ​លុយ ​បញ្ជា​កម្មករ និង​កូន​ប្រុស​យក​ដំបង និង​កាំបិតផ្គាក់​កាប់​គូ​ទំនាស់​ដាច់​ប្រអប់ដៃ​



កំពង់ស្ពឺ ​៖ ​ថៅកែ​ដេប៉ូ​លក់​ឈើ យ៉ុង ផាត់ ដែល​អ្នក​ណាៗ​ក៏​ស្គាល់ និង​ល្បីល្បាញ​ខាង​ញៀន​ល្បែង​ជល់​មាន់ និង​អាប៉ោង​ ដោយ​អាង​ឥទ្ធិពល និង​អំណាច​ទឹកប្រាក់​ពេល​លេងល្បែង​ជល់​មាន់​ចាញ់​គូ​ប្រកួត​ជាង​២.០០០​ដុល្លារ​ មិន​ឲ្យ​លុយ ​ពេល​គេ​តាម​ទារ​ផ្ទុះ​កំហឹង​បាន​ទូរស័ព្ទ​ហៅ​កូនប្រុស និង​កម្មករ​របស់​ខ្លួន​ប្រដាប់​ដោយ​ដំបង​ឈើ និង​កាំបិតផ្គាក់​កាប់​លើ​គូ​ទំនាស់​ស្ទើរ​ដាច់​ប្រអប់ដៃ​។​

​ករណី​ផ្ទុះ​អំពើហិង្សា​ដោយ​ចេតនា​រវាង​អ្នក​ញៀន​នឹង​ល្បែងស៊ីសង (​ជល់​មាន់​) កើតឡើង​នៅវេលា​ម៉ោង​០៥​និង​១០​នាទី​ល្ងាច​ ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ត្រង់​សង្វៀន​ជល់​មាន់ ក្នុង​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​មន្ត្រី​នគរបាល​ស្រុក​គងពិសី បាន​ឲ្យ​ដឹងថា ជម្លោះ​ពាក្យសម្ដី​រឿង​លុយ​លេងល្បែង​ឈ្នះ​ចាញ់​រហូត​ផ្ទុះ​អំពើហិង្សា​វាយ​កាប់​ចាក់​គ្នា​នេះ ​ផ្តើម​ឡើង​រវាង​ជនរងគ្រោះ និង​ជន​បង្ក​ឈ្លោះ​គ្នា​រឿង​លុយ​លេង​ល្បែង​ចាញ់​មិន​ឲ្យ​។​

​នគរបាល​ប្រាប់ថា ជនរងគ្រោះ​មានឈ្មោះ ប៊ុន សីហា​ក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​បឹង ឃុំ​រកា ស្រក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល បាន​យក​មាន់​មក​ជល់​ជាមួយ​ជាមួយ​ឈ្មោះ យ៉ុង ផាត់ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ជា​ថៅកែ​ដេប៉ូ​លក់ ទិញ​ឈើ ស្នាក់នៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី​។

ប្រភព​បន្ត​ទៀត​ថា ការ​ជល់​មាន់​នោះ គឺ​ដាក់​ដើម​ថា​ន់ ​ក្នុង​វង់​៣០០​ដុល្លារ និង​ចាក់​ភ្នាល់​គ្នា​ខាងក្រៅ ២.០០០​ដុល្លារ​ថែមទៀត​។​

​ប្រភព​បន្តទៀតថា ការ​ប្រយុទ្ធ​គ្នា​រវាង​បក្សី​ទាំងពីរ​ ស្រាប់តែ​មាន់​របស់​ថៅកែ​ឈើ ​ឈ្មោះ យ៉ុង ផាត់ បាន​ចាញ់​ ហើយ​ឲ្យ​កូនប្រុស​ខ្លួន​មានឈ្មោះ ផាត់ វើ​យ បី​មាន់​យក​ទៅ​ផ្ទះ​បាត់​ ថែមទាំង​មិន​ឲ្យ​លុយ​ចាញ់​ទៀត​ផង​។​

​ថៅកែ​ដេប៉ូ​ឈើ​ដែល​ញៀន​ល្បែង​រាល់ថ្ងៃ​ លេង​ចាញ់​គេ​ហើយ​ មិន​ឲ្យ​លុយ​ ទើប​ជនរងគ្រោះ​តាម​ទារ​លុយ ​ស្រា​ប់តែលោក យ៉ុង ផាត់ បាន​ទូរស័ព្ទ​ហៅ​កូនប្រុស​ដែល​បី​មាន់​ទៅផ្ទះ​នោះ​ឲ្យ​មកវិញ​ ព្រមទាំង​ឲ្យ​កូន​ហៅ​កម្មករ ​ឈ្មោះ ហុង ហ៊ួ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អង្គ​មេត្រី ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង យក​ទាំង​កាំបិតផ្គាក់ និង​ដំបង​មក​ព្រួត​គ្នា​វាយ​ទៅ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​រងរបួស​ប្រអប់ដៃ​ឆ្វេង​ចេញ​ឆ្អឹង​ស្ទើរ​ដាច់​ ភ្លាមៗ​នោះ​អ្នក​លេង​ជាមួយ​បាន​ជួយ​ឃាត់ និង​ដឹក​ជន​រងគ្រោះ​គេច​ចេញ​ ព្រមទាំង​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ផងដែរ​។​

​សាក្សី​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​០៣​នាក់ ក្រោយពី​បង្កហេតុ​បាន​រត់គេចខ្លួន​បាត់​។ ពាក់ព័ន្ធ​បញ្ហា​ខាងលើ​ អ្នកយកព័ត៌មាន​មិន​សុំ​ការបកស្រាយ​ពី​ថៅកែ​ដេប៉ូ​លក់​ឈើ យ៉ុង ផាត់​ បានឡើយ​។​

​បច្ចុប្បន្ន ​មន្ត្រី​នគរបាល​ជំនាញ​ស្រុក​គងពិសី​ សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បន្ត​ស្រាវជ្រាវ និង​តាម​ចាប់​ក្រុម​ជនសង្ស័យ​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu