ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តបរាជ័យក្នុងវគ្គជម្រុះពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 ក្រោយចាញ់ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ដោយលទ្ធផល៣ទល់១ នៅល្ងាចថ្ងៃច័ន្ទ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋានMandalarthiri Stadium ក្នុងទីក្រុងMandalay ប្រទេសមីយ៉ាន់ម៉ា។
ប្រកួតក្រោមការកាត់សេចក្ដីពីសំណាក់អាជ្ញាកណ្ដាល Clifford Daypuyat ជនជាតិហ្វីលីពីន ភាគីខាងកម្ពុជា បានរកគ្រាប់បាល់នាំមុខមុនដោយថ្វីជើងកីឡាករ ចាន់ វឌ្ឍនាកា នៅនាទីទី២៣ បន្ទាប់ពីកីឡាករ ស៊ុះ ស៊ូហាណា បញ្ជូនបាល់យ៉ាងល្អ មុនសម្រាកតង់ទី១។ ចូលដល់តង់ទី២វិញភាគីម្ចាស់ផ្ទះមីយ៉ាន់ម៉ា បានរកគ្រាប់បាល់បញ្ចូលទីបាន០៤គ្រាប់ជាប់គ្នា គឺជាការរកគ្រាប់បាល់បានដោយកីឡាករ Hlaing Bo Bo នៅនាទី៦០ ស្របពេលកីឡាករឆ្នើម Aung Thu បានទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ក្រោយអ្នកចាំទីកម្ពុជា កែវ សុខសិលា សង្គ្រោះបានល្អ នៅនាទី៦៨។ រំលងបាន០១នាទី កីឡាករ Than Htet Aung បានរកគ្រាប់បាល់ទី០២ នៅនាទី៦៩ ហើយកីឡាករAung Si Thu បានរកគ្រាប់បាល់ទី០៣ឲ្យម្ចាស់ផ្ទះនៅនាទី៨៨ និងចុងក្រោយកីឡាករ Hlaing Bo Bo បន្ថែមគ្រាប់បាល់ទី០៤ នៅនាទី៩០+០៣។
ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះពូល A មានវៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងក្រុមឈ្នះនៅវគ្គជម្រុះបឋម គឺទីម័រខាងកើត។ តាមគម្រោងការវគ្គជម្រុះតាមពូលនេះ នឹងធ្វើឡើចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍ទាំងមូលនេះនៅកម្ពុជា គឺទទួលសិទ្ធិផ្សាយផ្ទាល់ដោយប៉ុស្តិ៍ BTV News ផងដែរ។
សម្រាប់កម្មវិធីប្រកួតជម្រុះពូល A របស់ក្រុមកម្ពុជា ប្រកួតបើកឆាកចាញ់ក្រុមម៉ាឡេស៊ី ១ទល់០ នៅថ្ងៃទី០៨ ខែវិច្ឆិកា មុនបន្តចាញ់ក្រុមប៉ះម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៤ទល់១ នៅថ្ងៃទី១២ ខែវិច្ឆិកា នេះ។
សម្រាប់ប្រកួតបន្ទាប់ គឺត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ដោយក្រុមកម្ពុជា ត្រូវប៉ះឡាវ នៅរាជធានីភ្នំពេញ និងនៅថ្ងៃទី២៤ ខែវិច្ឆិកា ត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះវៀតណាម នៅទីក្រុងហាណូយ ដែលជាប្រកួតចុងក្រោយប្រចាំវគ្គជម្រុះតាមពូលនេះ៕
Source: Kampuchea Thmey Daily
0 Comments