រតនគិរី ៖ បុរសជាងផ្សាដែកម្នាក់ត្រូវជាកូនជាងម្ចាស់សិប្បកម្ម ឈាងរ៉ា (ញ៉ាញ់) ខ្វះការប្រុងប្រយ័ត្នប៉ះនឹងខ្សែកាបភ្លើងឆក់ស្លាប់ភ្លាមៗយ៉ាងសង្វេគ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង៣០នាទីព្រឹក ថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្ទះ"យីហោ" បែប ប៊ី ម៉ាតលីហួរវេលុយ ក្បែររង្វង់មូល ស្ថិតនៅក្នុងភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង។
នគរបាលមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ធា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធនិងកូន២នាក់ ហើយជនរងគ្រោះមានមុខរបរកូនជាងផ្សារដែក រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពីកើតហេតុនគរបាលក្រុងបានលុងនិងបងប្អូនសាច់ញាតិដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះតែដឹកដល់មន្ទីរពេទ្យលោកគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបបងប្អូនសាច់ញាតិដឹកសាកសពត្រឡប់ទៅផ្ទះវិញ។
បើតាមនគរបាលបានបញ្ជាក់ទៀតថា យោងតាមការត្រួតពិនិត្យនៅកន្លែងកើតហេតុនោះ ម្ចាស់ផ្ទះលីហួរវេលុយខាងលើបានជួលឲ្យក្រុមជាងផ្សារដែកមានគ្នា២ទៅ៣នាក់ឡើងលើដំបូលផ្ទះមានកំពស់ជាង១០ម៉ែត្រ ដើម្បីផ្សារដែកនឹងប្រក់ដំបូលផ្ទះ ពេលខណៈកំពុងលើកស័ង្កសី ក៏ប៉ះនឹងខ្សែកាបភ្លើងស្រាត(មេ) ទើបបណ្ដាលឲ្យឆក់ជនរងគ្រោះធ្លាក់ពីលើដំបូលមកដល់ដីស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។
នគរបាលបានបន្តថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន គ្មានរឿងអ្វីផ្សេងនោះទេ សាកសពត្រូវបានប្រពន្ធនិងសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានជនរងគ្រោះ៕
Source: Kampuchea Thmey Daily
0 Comments