ភ្នំពេញ ៖ ស្ថិតក្នុងវ័យ៨៣ឆ្នាំ អធិរាជចាប៉ីដងវែងដ៏ល្បីល្បាញឈ្មោះរបស់ប្រទេសកម្ពុជា លោកតាព្រឹទ្ធភីរម្យ ប្រាជ្ញ ឈួន បានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ ប៉ុន្តែដោយសារតែស្ថានភាពជំងឺធ្វើទុក្ខកាន់តែខ្លាំងឡើងទើប ក្រុមគ្រួសារសម្រេចបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
បើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលមានឈ្មោះថា Nop Channarin បានរៀបរាប់ថា ព្រឹទ្ធាចារ្យចាប៉ីដងវែងលោកតាព្រឹទ្ធ ភីរម្យ ប្រាជ្ញឈួន ដោយសារតែស្ថានភាពជំងឺកាន់តែទ្រុឌទ្រោម និងមានសភាពធ្ងន់ធ្ងរនោះ ពេលនេះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតហើយ។ ខណៈនាព្រឹកថ្ងៃទី០៩វិច្ឆិកានេះ ក្រុមគ្រូពេទ្យកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ដើម្បីព្យាបាលជំងឺលោកតា ប្រាជ្ញ ឈួន។
ម្ចាស់Account Facebook ឈ្មោះ Nop Channarin ដដែលនេះបានបញ្ជាក់ថា លោកតាព្រឹទ្ធភីរម្យ ប្រាជ្ញ ឈួន អ្នកចម្រៀងចាប៉ីដ៏ល្បីល្បាញពេលនេះកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ដោយស្ថានភាពលោកតាមានសភាពធ្ងន់ធ្ងរត្រូវបានពិនិត្យ និងសង្គ្រោះដោយយកចិត្តទុកដាក់ពីគ្រូពេទ្យ។
សូមបញ្ជាក់ថា លោកតា ប្រាជ្ញ ឈួន ត្រូវបានខាងមន្ទីរពេទ្យខេត្តតាកែវដឹកបញ្ជូនមកដល់ពេទ្យកាល់ម៉ែតកាលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា គិតរហូតមកទល់ពេលនេះ អាជីពជាអ្នកចាប៉ីរបស់ លោកតា ប្រាជ្ញ ឈួន គឺមានរយៈពេលជិត៧០ឆ្នាំមកហើយ ដោយក្នុងនោះលោកតាបានបន្សល់ទុកនូវស្នាដៃផ្នែកចាប៉ីជាច្រើនសម្រាប់កូនខ្មែរជំនាន់ក្រោយស្ដាប់។
កិត្តិសព្ទរបស់លោកតាព្រឹទ្ធភីរម្យ ប្រាជ្ញ ឈួន ដែលជាអ្នកប្រាជ្ញផ្នែកចាប៉ីដងវែងនោះមិនត្រឹមតែល្បីខ្ទរខ្ទារសម្រាប់តែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យអ្នកចាប៉ីជំនាន់ក្រោយរក្សា និងចងចាំមិនភ្លេចនូវស្នាដៃរបស់លោកតាផងដែរ៕
Source: Kampuchea Thmey Daily
0 Comments