ភ្នំពេញ ៖ ស្របពេល ដែលថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយពីរឿងរ៉ាវស្នេហាដ៏រសើបរវាងតារាកំប្លែងស្រីវ័យក្មេងសាច់ខ្ចី កញ្ញា វ៉ាន់ នីឡា ជាមួយបុរសវ័យប្រហែលគ្នាម្នាក់បង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រនោះ ភ្លាមៗនេះដែរ ក៏ស្រាប់តែ លោកសុវណ្ណ រិទ្ធី ហៅតា វ៉ីចទ័រ ដែលត្រូវជាឪពុកកញ្ញា វ៉ាន់ នីឡា ផ្ទុះប្រតិកម្មលើករណីនេះ។
ជាការពិត កាលពីថ្មីៗមុននេះបន្តិច មានការបែកធ្លាយ និងចែករំលែកនូវរូបភាពស្និទ្ធស្នាលកៀកកើយគ្នារបស់តារាកំប្លែងកញ្ញា វ៉ាន់ នីឡា និង បុរសវ័យប្រហែលគ្នាបង្កឲ្យមានទស្សនិកជនមួយចំនួនយល់ឃើញថា រវាង វ៉ាន់ នីឡា និងបុរសរូបនោះ អាចជាសង្សារថ្មីជាមួយគ្នា។ ខណៈខ្លះទៀតក៏បាននិយាយថា នេះអាចជារឿងពិតព្រោះថានេះពុំមែនទើបជាលើកទី១នោះទេដែលកញ្ញា វ៉ាន់ នីឡា តែងបញ្ចេញរូបភាពស្និទ្ធបែបនេះ។
យ៉ាងណាមិញទន្ទឹមពេលដែលមានមហាជន និងសារព័ត៌មានក្នុងស្រុកមួយចំនួនកំពុងតែបានលើកជាករណីសង្ស័យលើស្រីស្រស់ វ៉ាន់ នីឡា ចំពោះរឿងរ៉ាវ នៃការសាងសម្ពន្ធភាពស្នេហាថ្មីនេះក៏ពិតមែន ប៉ុន្តែភ្លាមៗនោះ ក៏ស្រាប់តែលោក សុវណ្ណ រិទ្ធី ហៅតា វ៉ីចទ័រ ដែលត្រូវជាឪពុករបស់ កញ្ញា វ៉ាន់ នីឡា បានចេញមុខបញ្ជាក់ការពិតថាជារឿងមិនពិតនោះឡើយ។
អ្នកគ្រប់គ្រងកម្មវិធីកម្សាន្តរបស់ស្ថានីយទូរទស្សន៍CTN លោក សុវណ្ណ រិទ្ធី ហៅតា វ៉ីចទ័រ បានលើកឡើងថា ខ្ញុំចង់មើលឃើញឲ្យបានច្បាស់ណាស់ថា តើបុរសដែលគេនាំគ្នានិយាយថា ជាគូស្នេហ៍ថ្មីរបស់កូនស្រីខ្ញុំនោះ គេជាអ្នកណា ព្រោះបើតាមរូបថតអស់ទាំងនោះគឺកូនស្រីខ្ញុំបានថតរូបជាមួយបងប្អូនប្រុសជាសាច់ញាតិខ្ញុំច្រើនដែរ។
សូមបញ្ជាក់ថា នេះពុំមែនទើបជាលើកទី១នោះទេ ដែលតារាកំប្លែង កញ្ញា វ៉ាន់ នីឡា បានរងនូវព័ត៌មាន ឬមន្ទិលសង្ស័យទាក់ទងនឹងការផ្តើមសាងសម្ពន្ធភាពស្នេហាថ្មីក្រោយពេលផ្ដាច់ពាក្យជាមួយអតីតគូដណ្ដឹងដែលជាកូនប្រុសថៅកែល្ខោនប្រចាំខេត្តតាកែវ។ ប៉ុន្តែខណៈពេលមានដំណឹងនេះឡើង សាមីខ្លួន កញ្ញា វ៉ាន់ នីឡា តែងចេញមុខបំភ្លឺថា ពុំមែនជារឿងពិតនោះឡើយ៕
Source: Kampuchea Thmey Daily
0 Comments